សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំប្រឹងប្រែងកសាងនូវប្រព័ន្ធធារាសាស្ត្រធំៗបន្ថែមទៀត នៅតាមបណ្ដាខេត្ត ដើម្បីបំពេញតម្រូវការរបស់ ប្រជាពលរដ្ឋ ទាំងសម្រាប់ការស្រោចស្រពដំណាំកសិកម្ម និងការប្រើប្រាស់ប្រចាំថ្ងៃ ។ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទំនប់អូរតេធិបតី ទំនប់សែនសុខដុម និង ទំនប់សែនមនោរម្យ ក្នុងខេត្តមណ្ឌលគិរី នៅថ្ងៃទី២៤ ខែតុលា នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គោលនយោបាយទឹក គឺមានសារសំខាន់ណាស់ ។ ការកសាងទំនប់ ប្រឡាយ អាងស្តុកទឹក និងប្រព័ន្ធធារាសាស្ត្រ តូចធំនានា ដើម្បីដោះស្រាយបញ្ហាទឹក ជូនប្រជាពលរដ្ឋ កំពុងត្រូវបានជំរុញធ្វើជាច្រើនកន្លែងទៀត ។សម្ដេចធិបតី បានបន្តថា ក្នុងចំណោមប្រព័ន្ធធារាសាស្ត្រ ដែលកំពុងត្រូវបានសាងសង់បច្ចុប្បន្ននេះ មាន អាងស្ដុកទឹកធំៗចំនួន២ គឺទំនប់ស្ទឹងដូនទ្រី ក្នុងខេត្តបាត់ដំបង ដែលអាចស្ដុកទឹកបានជាង ១៦៣លានម៉ែត្រគីប ចំណាយថវិកាជាង៨៥លានដុល្លារ និងទំនប់ដងកាំបិត ក្នុងខេត្តកំពង់ធំ ចំណាយជាង១៦៦លានដុល្លារ ដែលអាងស្តុកទឹកទាំងពីរនេះ អាចធានាផ្ទៃដីស្រោចស្រពបានជាង១៦ម៉ឺន៥ពាន់ហិកតា ។សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បើតាមទិន្នន័យត្រួសៗ ចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា បានសាងសង់ទំនប់ទឹក និងអាងស្តុកទឹករួចរាល់ចំនួនជាង១ពាន់កន្លែង ក្នុងនោះខ្នាតធំ ចំនួន៨ កន្លែង និងប្រព័ន្ធធារាសាស្ត្រ ជាង២ពាន់កន្លែង ដែលមានលទ្ធភាពស្រោចស្រពជាង១លាន៩សែនហិកតា ដែលបានចំណាយថវិកាអស់ជាង១ពាន់៨រយលានដុល្លារ ៕
វីដែអូ