ក្នុងនាមជាអ្នកធ្លាប់ប្រកបអាជីពជាអ្នកសារព័ត៌មានជិត៣០ឆ្នាំ ខ្ញុំមិនដែលឃើញ និងមិនដែលលឺអ្នកណាដែលអះអាងថា ធ្វើការក្នុងវិស័យសារព័ត៌មាន ហ៊ានប្រើសម្តីពាលព្រហើន ជម្លើយនិងមួលបង្កាច់បែបនេះទៅកាន់ថ្នាក់ដឹកនាំកំពូលនៃស្ថាប័នជាតិនោះឡើយ។ ក្រៅពីជាថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិ សម្តេចតេជោគឺជាមនុស្សដែលមានវ័យចំណាស់ និងជាអតីតនាយករដ្ឋមន្ត្រីដែលបានសាងស្នាដៃធំធេងមហាសាលចំពោះជាតិមាតុភូមិ និងប្រជាពលរដ្ឋដែលពលរដ្ឋខ្មែរគ្រប់គ្នាហៅថា«សម្តេចពុក»ជាទីគោរពស្រឡាញ់និងជាអ្នកមានគុណ។ ទោះបីជាសម្តេចមានតួនាទីជាថ្នាក់ដឹកនាំកំពូលនៃស្ថាប័នជាតិក៏ដោយ ក៏សម្តេចនៅតែទទួលទូរស័ព្ទហៅចូល។ នេះគឺជាគុណធម៌ដ៏ថ្លៃថ្នារបស់សម្តេចតេជោក្នុងនាមជាសម្តេចពុករបស់ប្រជាពលរដ្ឋខ្មែរ។ ប៉ុន្តែ មានក្រុមជនក្រៅសង្គមមួយចំនួនបែរជាហ៊ានប្រើសម្តីប្រមាថ មួលបង្កាច់យ៉ាងព្រហើន និងយ៉ាងគឃ្លើនបំផុតទៅលើសម្តេចដោយថែមទាំងបានបង្ហាញអាកប្បកិរិយាបែបមោទនភាពចំពោះភាពជម្លើយរបស់ខ្លួនទៀតផង។ ក្នុងនាមជាកូនខ្មែរ និងជាអតីតអ្នកសារព័ត៌មានមួយរូប ខ្ញុំពិតជាមិនអាចទទួលយកបានជាដាច់ខាតនូវវប្បធម៌ដ៏ជម្លើយនេះដោយចាត់ទុកជននោះថា មិនសមជាកូនខ្មែរ និងអនុវត្តន៍ផ្ទុយពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានទាំងស្រុង។ នេះជាហេតុផលដែលយើងមិនចាត់ទុកប្រព័ន្ធផ្សព្វផ្សាយមួយចំនួននៅក្រៅស្រុកដែលគ្មានក្រមសីលធម៌វិជ្ជាជីវៈថា ជាស្ថាប័នសារព័ត៌មាននោះឡើយ។ យ៉ាងណា ក្រុមអ្នកប្រកាន់វប្បធម៌បែបជ្រុលនិយមនិងជម្លើយដែលប្រៀបបាននឹងមេរោគសង្គមដ៏គ្រោះថ្នាក់នេះកំពុងផាត់ខ្លួនឯងឱ្យរសាត់អណ្តែតកាន់តែឆ្ងាយពីសង្គម និងក្លាយជាជនក្រៅសង្គមយ៉ាងឯកាដែលគ្មាននរណារាប់រក។ មេរោគព្រហើន គឃ្លើន ជម្លើយ និងមួលបង្កាច់បែបនេះស័ក្តិសមនឹងទទួលការបន្សាបដោយឱសថល្វីងគឺមិនមែនជាសេរ៉ូផ្អែមនោះឡើយ។ សូមចូលរួមកម្ចាត់មនោគមន៍វិជ្ជាជ្រុលនិយមដ៏អាក្រក់នេះឱ្យអស់ពីសង្គមខ្មែរ។គាំទ្រយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលដាក់ទិសដៅកសាងមូលធនមនុស្សដែលពោរពេញដោយចំណេះដឹង ចំណេះធ្វើ និងសីលធម៌៕(ដោយ ឯកឧត្តម ប៉ែន បូណា)
វីដែអូ