សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តាំទៅកាន់បុគ្គល ជេម សុខ កុំធ្វើការវិភាគទៅតាមរម្មណ៍របស់ខ្លួន គប្បីរៀនវិភាគតាមវិទ្យាសាស្រ្តវិញ ដោយការវិភាគ និងការរិះគន់ដល់រាជរដ្ឋាភិបាលអាណត្តិទី៧ ពីសំណាក់បុគ្គលរូបនេះ នាពេលកន្លងមកថា រាជរដ្ឋាភិបាលគ្មានធ្វើអ្វីនោះ គឺទទួលបានព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ខណៈការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីរយៈពេល១៥ខែមកនេះ សម្រេចបាននូវសមិទ្ធផលទាំងតូចទាំងធំគួរឲ្យកត់សម្គាល់។ក្នុងឱកាសអញ្ជើញចូលរួមពិធីសម្ពោធវិថីតេជោសន្តិភាព ឆ្នេរអង្កោល នៅខេត្តកែប នៅព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តាំទៅបុគ្គល ជេម សុខ ឲ្យមកស្រុកខ្មែរ ដើម្បីមើលការអភិវឌ្ឍស្រុកខ្មែរដោយផ្ទាល់កុំធ្វើការវិភាគតាមអារម្មណ៍ ហើយសម្តេចប្រកាសស្វាគមន៍ និងធានានូវសុវត្ថិភាពដល់បុគ្គលរូបនេះពេលមកដល់ស្រុកខ្មែរថានឹងគ្មានការចាប់ចងអ្វីនោះទេ ថែមទាំងអនុញ្ញាតឲ្យទៅជួបរដ្ឋមន្រ្តីទាំងអស់ ក្នុងជួររាជរដ្ឋាភិបាលផងដែរ ដើម្បីសិក្សាស្វែងយល់ និងស្រង់ព័ត៌មានពិត និងច្បាស់លាស់បន្ថែមទៀតនោះ។យ៉ាងណាក៏ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងផងដែរថា ក្នុងនាមសម្តេចផ្ទាល់ក៏ ដូចជារាជរដ្ឋាភិបាល សម្តេចប្រកាសទទួលស្វាគមន៍ចំពោះការរិះគន់ និងការវិភាគរបស់បុគ្គលទាំងឡាយណា ដែលរិះគន់ដើម្បីស្ថាបនា ពុំមែនរិះគន់តាមអារម្មណ៍ និងចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ដើម្បីតែគេងចំណេញនយោបាយនោះឡើយ៕
វីដែអូ