សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសប្រាប់ដល់បងប្អូនជនរួមជាតិថា គ្មានការដោះដូរ និងលក់ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ដូចការចុះផ្សាយរបស់ក្រុមប្រឆាំងនោះឡើយ ខណៈសាលានេះ មានសិស្សទៅចូលរៀនកាន់តែច្រើន ហើយរាជរដ្ឋាភិបាលនឹងពង្រីកសាខាថ្មីមួយទៀត នៅជាយក្រុងភ្នំពេញផងដែរ។ការប្រកាសអះអាងរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តីនេះ គឺបានធ្វើឡើងបន្ទាប់ពីមានប្រព័ន្ធផ្សព្វផ្សាយដែលបម្រើឲ្យបរទេសមួយបានផ្សាយថា «វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬហៅកាត់ថាសាលាតិចណូ ត្រូវគេលក់ឱ្យឈ្មួញ ក្រោមរូបភាពដោះដូរដី»នោះ។ក្នុងឱកាសអញ្ជើញចូលរួមពិធីសម្ពោធវិថីតេជោសន្តិភាព ឆ្នេរអង្កោល នៅខេត្តកែប នៅព្រឹកថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ២០២៤នេះសម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គ្មានការលក់ដូរចំពោះ សាលាតិចណូនោះឡើយ មានតែកំពុងសាងសង់ថ្មីបន្ថែមមួយទៀត ដែលស្ថិតតាមបណ្តោយមហាវិថីឈ្នះ-ឈ្នះ រាជធានីភ្នំពេញ ដោយសារតែមានសិស្សទៅចូលរៀននូវសាលានេះកាន់តែច្រើនទៅៗនោះ។ជាមួយគ្នានោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការផ្សព្វផ្សាយរបស់សារព័ត៌មានវីអូឌី ជាភាសាខ្មែរនេះ ជាព័ត៌មានមិនពិត គ្មានមូលដ្ឋានច្បាស់លាស់ មានចរិតបង្ខូចកិត្តិយសដល់គ្រឹះស្ថាន ឧត្តមសិក្សាសាធារណៈ បង្ខូចកិត្តិយសដល់រាជរដ្ឋាភិបាល និងជាព័ត៌មានបំពុលបរិយាកាសសង្គមដែលធ្វើ ឲ្យសាធារណជនមានការភាន់ច្រឡំនោះ។សម្តេចក៏បានរំលឹក និងអំពាវនាវដល់ជនរួមជាតិទាំងអស់ត្រូវ រួមគ្នាឲ្យបានសកម្មបន្ថែមទៀតប្រឆាំង និងទប់ស្កាត់នូវព័ត៌មានក្លែងក្លាយ ជាក់ស្តែងដូចជាករណីព័ត៌មាន វីអូឌីនេះ ដែលបានផ្សព្វផ្សាយមិនពិត បំភ្លើសការពិតដើម្បីបម្រើឲ្យបរទេស៕
វីដែអូ