ថ្ងៃសុក្រ ទី១៥ ខែវិច្ឆិការ ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
សំណុំរឿងក្រុម លី សាម៉េត តំណាងអយ្យការសម្រេចចោទប្រកាន់មនុស្ស ៤នាក់ពីបទប៉ុនប៉ង ក្នុងបទសូកប៉ាន់
Wed,13 November 2024 (Time 06:35 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 6នាក់)

សំណុំរឿងរបស់ក្រុមឈ្មោះ លី សាម៉េត ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់នោះ មកដល់ពេលនេះតំណាងអយ្យការបានសម្រេចចោទប្រកាន់មនុស្ស ៤នាក់ពីបទប៉ុនប៉ងក្នុងបទសូកប៉ាន់

លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ថា តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យ ៤នាក់ មានឈ្មោះ កន សុខកាយ ភេទប្រុស ឈ្មោះ លី សាម៉េត ភេទប្រុស ឈ្មោះ ដួង តារា ភេទប្រុស និងឈ្មោះ ឡាច សំរោង ភេទប្រុស ពីបទ ប៉ុនប៉ងក្នុងបទសូកប៉ាន់ តាមបញ្ញត្តិមាត្រា ២៧ មាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។

សូមជម្រាបជូនថា ក្នុងចំណោមមនុស្សទាំង ៤នាក់ ដែលតំណាងអយ្យការសម្រេចចោទប្រកាន់នាពេលនេះ មាន ៣នាក់ ត្រូវបានឃាត់ខ្លួនហើយ គឺឈ្មោះ កន សុខកាយ ឈ្មោះ លី សាម៉េត ឈ្មោះ ដួង តារា ដោយឡែកឈ្មោះ ឡាច សំរោង កំពុងរត់គេចខ្លួន។

ក្នុងសំណុំរឿងនេះ ឈ្មោះ កន សុខកាយ អតីតអភិបាលស្រុកល្វាឯម ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីបែកធ្លាយនូវការសូកប៉ាន់រត់ការយកតំណែងតាមរយៈក្រុមឈ្មោះ លី សាម៉េត ក្នុងទំហំទឹកប្រាក់ ៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

ឈ្មោះ កន សុខកាយ ត្រូវបានរដ្ឋាភិបាលបញ្ចប់មុខតំណែង ពីអភិបាលនៃគណៈអភិបាលស្រុកល្វាឯម នៃខេត្តកណ្តាល ដោយសារសាមីខ្លួនបានប្រព្រឹត្តកំហុសក្រមសីលធម៌ និងវិជ្ជាជីវៈធ្ងន់ធ្ងរ ផ្ទុយនឹងច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា។ ចំពោះឈ្មោះ លី សាម៉េត និងឈ្មោះ ដួង តារា គឺនគរបាលនាំខ្លួនបញ្ជូនទៅតុលាការ ហើយបច្ចុប្បន្នសមត្ថកិច្ចបាននឹងកំពុងស្វែងរកឃាត់ខ្លួនឈ្មោះ ឡាច សំរោង បន្តទៀត៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

វីដែអូ