ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយ លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ដោយកិច្ចជំនួបនោះភាគីទាំងពីរបានឯកភាពគ្នាផ្លាស់ប្តូរព័ត៌មាន ដើម្បី ធ្វើយ៉ាងណាឆ្លើយតបឲ្យបានទាន់ពេលវេលាជាមួយស្ថានភាពសកល និងការទប់ស្កាត់ការរត់ពន្ធគ្រឿងញៀនជាដើម។នៅក្នុងកិច្ចជំនួបនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីស្ថានភាពសកលដែលមានភាពផុយស្រួយ ដូចពេលបច្ចុប្បន្ននេះ ដែលទាមទារឲ្យកម្ពុជា-អូស្ដ្រាលី ត្រូវបន្ដសហការគ្នាក្នុងការផ្លាស់ប្ដូរព័ត៌មាន ពិសេសការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការងារសន្ដិសុខ ដើម្បីធ្វើយ៉ាងណាឆ្លើយតបឲ្យទាន់ពេលវេលាទៅនឹងស្ថានភាពសកលទាំងនោះ។ក្នុងកិច្ចជំនួបនោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក៏បានស្វាគមន៍ចំពោះវត្តមានលោកឯកអគ្គរដ្ឋទូតអូស្ដ្រាលី ដោយលើកឡើងអំពីទំនាក់ទំនងការទូតទ្វេរភាគី ដែលមានរយៈពេល៧២ឆ្នាំមកហើយ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបន្ថែមថា ការកសាងប្រទេសកម្ពុជា គឺតែងតែមានការចូលរួមពីអូស្ដ្រាលីជានិច្ច ពោលតាំងពីឆ្នាំ១៩៩៣ ដែលកាលនោះមានមេបញ្ជាការសម័យអ៊ុនតាក់ ជាជនជាតិអូស្ដ្រាលីផងដែរ។ ជាក់ស្ដែង អូស្ដ្រាលីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់កម្ពុជា ដែលក្នុងនោះរួមមាន វិស័យអប់រំ ការដោះមីន យោធា សន្ដិសុខ ពាណិជ្ជកម្ម ធុរកិច្ច វិនិយោគ និងការសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក៏បានបង្ហាញនូវក្ដីរំពឹងថា រដ្ឋាភិបាលអូស្ដ្រាលី នឹងបន្ដជួយដល់កម្ពុជា លើការងារសំខាន់ៗបន្ថែមទៀត ពិសេសការជំរុញវិនិយោគិនអូស្ដ្រាលីមកកម្ពុជា, ការបង្កើនទេសចរណ៍ និងការផ្ដល់អាហារូបករណ៍ដល់សិស្ស និស្សិតកម្ពុជា ព្រោះកម្ពុជាតែងតែចាត់ទុកអូស្ដ្រាលី ជាទិសដៅទេសចរណ៍ដ៏សំខាន់ និងជាកន្លែងដែលផ្ដល់នូវការអប់រំដ៏ល្អប្រសើរ និងបរិយាកាសរស់នៅប្រកបដោយសុខសុវត្ថិភាព ការគោរពសិទ្ធិគ្នាទៅវិញទៅមក។ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ លោកឯកអគ្គរដ្ឋទូតអូស្ដ្រាលី បានបង្ហាញនូវមោទនភាពដែលអូស្ដ្រាលី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជ្រោមជ្រែងកម្ពុជាតាំងពីអតីតកាល រហូតមកដល់សពថ្ងៃ ដោយក្នុងនោះអូស្ដ្រាលីបានបង្ហាញជំហរជួយដល់កម្ពុជា ពិសេសក្នុងការបន្ថែមអាហារូបករណ៍ ជំរុញវិស័យធុរកិច្ច វិនិយោគបន្ថែមទៀត។ដោយឡែកពាក់ព័ន្ធការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកឯកអគ្គរដ្ឋទូតអូស្ដ្រាលី សន្យាជំរុញតំណាងនគរបាលសហព័ន្ធអូស្ដ្រាលី ដែលមានវត្តមាននៅប្រទេសកម្ពុជា ធ្វើការឲ្យបានជិតស្និតជាមួយអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងបង្កើនយន្ដការផ្លាស់ប្ដូរព័ត៌មាន ឈានដល់ការទប់ស្កាត់ការរត់ពន្ធគ្រឿងញៀន និងការជួញដូរគ្រឿងញៀននានា ក៏ដូចជាជួយដល់ការបណ្ដុះបណ្ដាល សម្ភារៈបច្ចេកទេស និងការបន្សាបសារធាតុគីមីផ្សំមុនធ្វើការដុតបំផ្លាញផងដែរ។លោកបានអះអាងទៀតថា ភាគីអូស្ដ្រាលី នឹងជួយដល់កម្ពុជាលើការងាររបស់គណៈកម្មាធិការសន្ដិសុខឌីជីថល ដែលមានឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ជាអនុប្រធានប្រចាំការ ខណៈការជួយនេះសំដៅដល់ការចែករំលែកបទពិសោធ៍ វិធីសាស្ដ្រនានាក្នុងការពង្រឹងការងារសន្ដិសុខសាយប័រ នេះ ដោយនេះជាការងារថ្មីរបស់កម្ពុជា៕ អត្ថបទ៖ បាន ចក់
វីដែអូ