ថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
នាយឧត្តមសេនីយ៍ ស ថេត ណែនាំដល់យុវជន-យុវតី ជៀសវាងឱ្យឆ្ងាយ ពីអំពើអបាយមុខគ្រប់ប្រភេទ ពិសេសគ្រឿងញៀន និងក្មេងទំនើង
Wed,15 October 2025 (Time 09:45 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 6នាក់)

ព្រៃវែង)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥នេះ បានណែនាំដល់យុវជន-យុវតី សូមជៀសវាងឱ្យឆ្ងាយ ពីអំពើអបាយមុខគ្រប់ប្រភេទ ពិសេសគ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង និងសកម្មភាពខុសច្បាប់នានា ដែលធ្វើឱ្យខូចអនាគតរបស់ខ្លួន។

ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែល នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រៃវែង ចុះជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ និងបេក្ខជនប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ សីហា ២០២៥ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥។

ពិធីនេះ ក៏មានការចូលរួមពីលោក សរ សិទ្ធិ រដ្ឋលេខាធិការ ទទួលការងារ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។ ពិធីនេះ បានរៀបចំធ្វើឡើង នៅសកលវិទ្យាល័យជាតិ ជាស៊ីមកំចាយមារ ខេត្តព្រៃវែង។

នាយឧត្តមសេនីយ៍ ស ថេត បានផ្ដាំផ្ញើដល់ក្មួយៗ ដែលជាទំពាំងស្នងឬស្សី និងជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ ត្រូវខិតខំប្រែក្លាយខ្លួន ឱ្យទៅជាធនធានមនុស្ស ប្រកបដោយគុណភាព និងសមត្ថភាពដែលមានតម្លៃ និងមានប្រយោជន៍សម្រាប់ខ្លួនឯង សម្រាប់គ្រួសារ និងសម្រាប់ប្រទេសជាតិ ក្នុងពេលអនាគត។

ម្យ៉ាងទៀតការអប់រំ គឺជាមូលដ្ឋានគ្រឹះ នៃការកាត់បន្ថយភាពក្រីក្រ របស់ប្រជាជនពីព្រោះ «ការវិនិយោគលើការអប់រំ ពិតជាបានជួយឱ្យពលរដ្ឋ មានសមត្ថភាពអាចរស់នៅ និងបង្កើតទ្រព្យសម្បត្តិ ដោយខ្លួនឯងប្រកបដោយនិរន្តរភាព និងចីរភាព»។ ដូច្នេះក្មួយៗត្រូវតែចាប់យកចំណេះវិជ្ជា ដើម្បីបណ្ដេញភាពក្រីក្រចេញពីខ្លួន។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ស ថេត បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ ចំពោះលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ៖

ទី១៖ សូមលោកគ្រូ អ្នកគ្រូទាំងអស់ បន្តផ្តោតការយកចិត្តទុកដាក់លើការអប់រំ សីលធម៌ សុជីវធម៌ ពាក់ព័ន្ធនឹងជីវភាពប្រចាំថ្ងៃ របស់សិស្សានុសិស្សបន្ថែម លើមុខវិជ្ជាគោល ដែលត្រូវ បង្រៀន និងសូមជួយតាមដានអាកប្បកិរិយា ក៏ដូចជាឥរិយាបថរបស់សិស្ស ក្រែងមានជាប់ពាក់ព័ន្ធ នឹងសកម្មភាពរបស់ក្រុមក្មេងទំនើងធ្លាក់ក្នុងអន្ទាក់គ្រឿងញៀនល្បែងស៊ីសង -ល-។
ដូច្នេះ សាលារៀននីមួយៗ ត្រូវតែធ្វើកិច្ចការរួមគ្នា ដើម្បីធានាឱ្យបានថា នៅតាមសាលារៀន គ្មានសកម្មភាពក្រុមក្មេងទំនើង និងគ្មានគ្រឿងញៀន។ បន្ថែមលើនេះ សូមបញ្ចូលការអប់រំអំពីច្បាប់ចរាចរណ៍ដល់សិស្សានុសិស្ស ដើម្បីឱ្យក្មួយៗបានយល់ដឹង បន្ថែម ពិសេសការពាក់មួក សុវត្តិភាពសំដៅបង្ការពីគ្រោះថ្នាក់ចរាចរណ៍។

ទី២៖ សូមក្មួយៗបន្តការសិក្សារបស់ខ្លួនទៅថ្នាក់ឧត្តមសិក្សា ស្របតាម ស្មារតី គោលនយោបាយជាតិ ស្តីពីការសិក្សាពេញមួយជីវិត ដើម្បីប្រែក្លាយ ខ្លួនទៅជាពលរដ្ឋល្អ ជាសសរទ្រូងដ៏រឹងមាំរបស់គ្រួសារ និងប្រទេសជាតិនាថ្ងៃអនាគត។

ទី៣៖ សូមបន្តខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀតទៅលើជំនាញបន្ថែមផ្សេងៗ ពិសេស ភាសាបរទេស និងបច្ចេកវិទ្យាឌីជីថល ដើម្បីដើរឱ្យទាន់សម័យកាល និងពង្រឹងសមត្ថភាពប្រកួតប្រជែង យោងទៅតាមពាក្យស្លោកថា «រៀនហើយរៀនទៀត រៀនមិនចេះចប់ រៀនពេញមួយជីវិត»

ទី៤៖ សូមជៀសវាងឱ្យឆ្ងាយ ពីអំពើអបាយមុខគ្រប់ប្រភេទ ពិសេសគ្រឿងញៀនល្បែងស៊ីសង ក្មេងទំនើង និងសកម្មភាពខុសច្បាប់នានា ដែលធ្វើឱ្យខូចអនាគតរបស់ខ្លួន និងនាំយើងទៅរកក្តីវិនាសអន្តរាយ សម្រាប់ដំណើជីវិតរបស់ខ្លួន។

សូមបញ្ជាក់ថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង (២៨ សីហា ២០២៥) កន្លងទៅ ថ្មីៗនេះ មានបេក្ខជនដាក់ពាក្យប្រឡងចំនួន ៦៥៤នាក់ ស្រី ៣៨៤នាក់ នឹងបានប្រឡងជាប់ ចំនួន ៥៨៨នាក់ ស្រី ៣៥៥នាក់ ស្មើនិង ៨៩.៩០% ក្នុងនោះ៖

* សិស្សទទួលបាននិទ្ទេស A ចំនួន ១៧ នាក់ ស្រី ៩នាក់
* សិស្សទទួលបាននិទ្ទេស B ចំនួន ៤៣ នាក់ស្រី ២១នាក់
* សិស្សទទួលបាននិទ្ទេស C ចំនួន ១៣៦ នាក់ ស្រី ៨៥នាក់
* សិស្សទទួលបាននិទ្ទេស D ចំនួន ២៣៨ នាក់ ស្រី ១៤៨នាក់
* សិស្សទទួលបាននិទ្ទេស E ចំនួន ១៥៤ នាក់ ស្រី ៩២នាក់។

បើធៀបនឹងឆ្នាំមុន មានការកើនឡើងចំនួន៩នាក់ ស្រី៥នាក់ ហើយសម្រាប់ឆ្នាំ២០២៥នេះ ស្រុកកំចាយមារ ជាប់ចំណាត់ថ្នាក់លេខ៣ ទូទាំងខេត្តព្រៃវែង ដែលទទួលបាននិទ្ទេស A ច្រើនជាងគេ៕

វីដែអូ