ថ្ងៃសៅរ៍ ទី១៨ ខែតុលា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
សម្ដេចតេជោ ហ៊ុន សែន ស្នើអន្ដរជាតិអន្ដរាគមន៍ទប់ស្កាត់ការពង្រីកជម្លោះរបស់ភាគីថៃ និងជំរុញឲ្យគោរពនូវបទឈប់បាញ់, កម្ពុជាព្យាយាមអត់ធ្មត់ និងប្រកាន់ជំហរដោះស្រាយដោយសន្ដិវិធី
Thu,16 October 2025 (Time 10:17 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 11នាក់)

ភ្នំពេញ)៖ ក្នុងសម័យប្រជុំលើកទី៤ នៃព្រឹទ្ធសភា នីតិកាលទី៥ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ ព្រឹទ្ធសភា បានបង្ហាញរបាយការណ៍សង្ខេបស្តីពីសកម្មភាព និងលទ្ធផលការងាររបស់ខ្លួន នៅចន្លោះសម័យ ប្រជុំលើកទី៣ និងលើកទី៤ នីតិកាលទី៥ ដែលមានរយៈពេល៣ខែ ចាប់ពីខែកក្កដា ដល់ខែតុលា ឆ្នាំ២០២៥។

ទាក់ទងនឹងការងារសម្តេចតេជោ ហ៊ុន សែន ព្រឹទ្ធសភា បានអះអាងថា ក្នុងរយៈពេល៣ខែ នៃចន្លោះសម័យប្រជុំនេះ សម្តេចក្នុងនាមជាប្រមុខរដ្ឋស្តីទី និងក្នុងនាមជាប្រធានព្រឹទ្ធសភា បានទទួលជួបសវនាការ និងពិភាក្សា ការងារជាមួយភ្ញៀវអន្តរជាតិ ឯកអគ្គរាជ/រដ្ឋទូត និងស្ថាប័ននានា ចំនួន២៤លើក ព្រមទាំងអញ្ជើញ បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម។

សេចក្ដីប្រកាសព័ត៌មានអំពីលទ្ធផលកិច្ចប្រជុំខាងលើ ដែលបណ្ដាញព័ត៌មានយើង ទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា «នៅចំពោះមុខភាពគឃ្លើននៃការឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ បានបង្ហាញឫសគល់ និងស្ថានភាពពិតនៃជម្លោះព្រំដែន ការព្យាយាមអត់ធ្មត់ និងការប្រកាន់គោលជំហររបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ និងបានស្នើឱ្យភាគីមិត្ត ជួយអន្តរាគមន៍ទប់ស្កាត់ការពង្រីកជម្លោះ និងគោរពនិងអនុវត្តនូវបទឈប់បាញ់ដែលបានឯកភាពព្រមព្រៀងគ្នា ដើម្បីអាចវិលទៅរកប្រក្រតីភាពនៃទំនាក់ទំនងឡើងវិញ»។

ព្រមជាមួយគ្នានេះ ក្នុងរយៈពេល៣ខែនេះ ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា បានជួបពិភាក្សាការងារ ជាមួយភ្ញៀវជាតិ និងអន្តរជាតិ ក្នុងគោលបំណងពង្រឹងវិស័យការទូតសភា ពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ព្រមទាំងចូលរួមពិធី ផ្លូវការផ្សេងៗ សរុបចំនួន៤៥លើក និងបានអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធនិម្មិតក្នុង កិច្ចប្រជុំ និងវេទិកានានា ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ចំនួន២៨លើក។

ក្នុងឱកាសនោះ ព្រឹទ្ធសភា បានសម្តែងនូវការដឹងគុណជូនវីរកងទ័ពជួរមុខដ៏អង់អាច ក្លាហានទាំងអស់ ដែលបានខិតខំតស៊ូការពារបូរណភាពទឹកដីជូនជាតិ មាតុភូមិ និងប្រជាពលរដ្ឋ និងសូមថ្លែងនូវការគោរព និងកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះវីរភាពដឹកនាំប្រកបដោយភាព វៀងវៃ និងមនសិការស្នេហាជាតិដ៏ស្មោះសរខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា និងជាប្រធាន ក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលមានភាពប៉ិនប្រសប់ក្នុងការដឹកនាំ គ្រប់គ្រងសភាពការណ៍ របស់ប្រទេសជាតិ និងតែងតែស្ថិតនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់៕

វីដែអូ