ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីអាស៊ាន ស្ដីពីការគ្រប់គ្រងគ្រោះមហន្ដរាយលើកទី១៣ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានគូសបញ្ជាក់អំពីអាទិភាពគន្លឹះចំនួន៥ចំណុច ដើម្បីធានាដល់ប្រសិទ្ធភាពនៃការអនុវត្តការងារ និងសម្រាប់ឲ្យស្ថាប័នពាក់ព័ន្ធ ព្រមទាំងដៃគូពហុភាគីយកចិត្តទុកដាក់។អាទិភាពគន្លឹះទាំង៥ចំណុច ដែលដាក់ចុះដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីឲ្យកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ កាន់តែមានថាមវ័ន្តថែមទៀត រួមមាន៖*ទី១៖ ការបង្កើនការត្រៀមខ្លួន តាមរយៈប្រព័ន្ធប្រកាសព័ត៌មានឲ្យដឹងមុន និងសមត្ថភាពព្យាករណ៍កាន់តែរឹងមាំ ដើម្បីដោះស្រាយបញ្ហាប្រឈម ដែលកំពុងកើតមានឡើងជាបន្តបន្ទាប់ ដូចជា ការប្រែប្រួលអាកាសធាតុ, ជំងឺរាតត្បាត និងគ្រោះមហន្តរាយ*ទី២៖ ការលើកកម្ពស់ភាពជាដៃគូពហុភាគី ដោយមានការចូលរួមពីវិស័យឯកជនអ្នកសិក្សាស្រាវជ្រាវ និងសង្គមស៊ីវិល ដើម្បីជំរុញនវានុវត្តន៍ និងកៀរគរធនធាន*ទី៣៖ ការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ រួមទាំងបញ្ញាសិប្បនិម្មិត (AI) ឧបករណ៍ភូមិសាស្ត្រ, និងការវិភាគទិន្នន័យ ដើម្បីបង្កើនភាពជាក់លាក់ និងប្រសិទ្ធភាពនៃការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ*ទី៤៖ ការពង្រឹងទំនាក់ទំនងជាសកល តាមរយៈការកសាងភាពជាដៃគូរបស់អាស៊ាន ជាមួយស្ថាប័នអន្តរជាតិ ដូចជា ការិយាល័យសហប្រជាជាតិដើម្បីកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ (UNDRR) ដើម្បីរៀបចំបង្កើតយុទ្ធសាស្ត្រ ឲ្យស្របនឹងក្របខ័ណ្ឌសេនដាយ (Sendai Framework)*ទី៥៖ ការចែករំលែកចំណេះដឹង, ឧត្តមានុវត្តន៍ និងមេរៀនរបស់អាស៊ាន ជាមួយតំបន់ផ្សេងទៀត ជាពិសេស ក្នុងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយតាមសហគមន៍ និងកិច្ចសហប្រតិបត្តិការឆ្លងព្រំដែន។សម្ដេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន (ACDM) ក្នុងការតម្រង់ទិស និងត្រួតពិនិត្យការអនុវត្តកម្មវិធីការងារ អាត់ម៊ែរ ឆ្នាំ២០២១-២០២៥, ក៏ដូចជា ក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលសម្របសម្រួលជំនួយមនុស្សធម៌អាស៊ាន (AHA Center) ក្នុងការតម្រង់ទិសស្តីពីការធ្វើប្រតិបត្តិការរបស់មជ្ឈមណ្ឌលនេះ។ សមិទ្ធផលទាំងផ្នែកគោលនយោបាយ ទាំងផ្នែកប្រតិបត្តិការ មានសារៈសំខាន់ណាស់ សម្រាប់ការសម្រេចបាននូវសេចក្តីប្រាថ្នារបស់អាត់ម៊ែរ និងសេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ាន ស្របតាមចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០៤៥ និងផែនការយុទ្ធ-សាស្រ្តសហគមន៍សង្គម-វប្បធម៌អាស៊ាន ក៏ដូចជា ផែនការយុទ្ធសាស្រ្តផ្សេងទៀត។បន្ថែមពីនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាលកមុ្ពុជា ប្តេជ្ញាចិត្តយ៉ាងរឹងមាំ ក្នុងការធ្វើការជិតស្និទ្ធជាមួយរដ្ឋជាសមាជិក និងដៃគូទាំងអស់ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិ ពាក់ព័ន្ធនឹងក្របខ័ណ្ឌគ្រប់គ្រងគ្រោះមហន្តរាយ និងជំរុញ ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥៕
វីដែអូ