ថ្ងៃព្រហស្បតិ៍ ទី២៣ ខែតុលា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
កិច្ចប្រជុំពិសេស JBC ភាគីទាំងសងខាង បាននឹងកំពុងបន្តជជែកផ្ទៃក្នុង មុនចាប់ផ្តើមកិច្ចប្រជុំពេញអង្គដែលអាចប្រជុំបន្តដល់យប់ជ្រៅ !
Wed,22 October 2025 (Time 07:39 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 5នាក់)

ចន្ទបុរី, ថៃ)៖ រហូតដល់វេលាម៉ោង៥៖២០នាទីល្ងាចថ្ងៃពុធ ទី២២ ខែតុលា ឆ្មាំ២០២៥នេះ កិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំពិសេស គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ មិនទាន់ចាប់ផ្តើនៅឡើយទេ ខណៈដែលភាគីទាំងសងខាងកំពុងបន្តកិច្ចប្រជុំផ្ទៃក្នុង (ប្រជុំចង្អៀត) ដើម្បីជជែកលើបញ្ហានានា ដែលមិនទាន់ឈានទៅឯកភាពគ្នា។ តាមការគ្រោងទុកកិច្ចប្រជុំពេញអង្គអាចនឹងចាប់ផ្តើមនៅពេលយប់។

ជាការកត់សម្គាល់សម្រាប់កិច្ចប្រជុំពិសេស JBC នាថ្ងៃនេះ មិនមានការជួបជុំរបស់ពលរដ្ឋថៃ ដើម្បីស្រែកប្រឆាំងនឹងកិច្ចប្រជុំដូចព្រឹកថ្ងៃម្សិលមិញនោះទេ។

សូមបញ្ជាក់ថា កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ គឺជាកិច្ចប្រជុំដ៏សំខាន់មួយ ដើម្បីជជែកពាក់ព័ន្ធខណ្ឌសីមាព្រំដែនគោករវាងកម្ពុជា-ថៃ។ កិច្ចប្រជុំពិសេស JBC រយៈពេលពីរថ្ងៃនេះ ភាគីកម្ពុជា ដឹកនាំដោយលោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ និងមានសមាសភាពអន្តរក្រសួង និងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ចូលរួមផងដែរ។

ដោយឡែកភាគីថៃវិញ ដឹកនាំដោយលោក Prasas Prasasvinitchai ទីប្រឹក្សាក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះព្រំដែនថៃ-កម្ពុជា និងដោយមានការចូលរួមពីតំណាងប្រតិភូអមដទៃទៀត។

កិច្ចប្រជុំពិសេសនេះ ពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន២រួមមាន៖

១) ពិនិត្យ និងតាមដានវឌ្ឍនភាពកិច្ចប្រជុំ JBC លើកទី៦ នៅភ្នំពេញ ដែលបានធ្វើឡើងកាលពីថ្ងៃទី១៤-១៥ ខែមិថុនា ឆ្នាំ២០២៥។

២) ពិភាក្សាលើលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅខេត្តកោះកុង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។

ក្រៅពីរបៀបវារៈចម្បងទាំងពីរខាងលើ កិច្ចប្រជុំ ក៏នឹងជជែកលើបញ្ហាព្រំដែនដែលទើបវិវត្តន៍ថ្មីរវាងប្រទេសទាំងពីរផងដែរ។

តាមរយៈកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ រយៈពេលពីរថ្ងៃនេះ ជាការបង្ហាញនូវកិច្ចប្រឹងប្រែងបន្ថែមទៀតក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ។ កម្ពុជា និងថៃ ដែលជាអ្នកជិតខាងនឹងគ្នារាប់រយឆ្នាំមកហើយនោះ មិនអាចសាងភាពសុខសាន្ត ហើយជម្លោះនឹងនៅតែកើតមាន ដរាបណាបញ្ហាមិនត្រូវបានដោះស្រាយ ឬខណ្ឌសីមាប្រទេសទាំងពីរមិនត្រូវបានកំណត់ឱ្យបានច្បាស់លាស់៕

វីដែអូ