ថ្ងៃច័ន្ទ ទី០៣ ខែវិច្ឆិការ ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
រដ្ឋមន្ត្រី នេត្រ ភក្ត្រា រម្លឹកអ្នកព័ត៌មានមុនសម្រេចចិត្តចេញផ្សាយអត្ថបទព័ត៌មាន ត្រូវពិនិត្យឱ្យបានម៉ត់ចត់ ដើម្បីផ្តល់ទំនុកចិត្តដល់ពលរដ្ឋលើប្រព័ន្ធផ្សព្វផ្សាយ
Thu,30 October 2025 (Time 07:17 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 12នាក់)

ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានក្រើនរម្លឹកដល់ក្រុមអ្នកសារព័ត៌មានថា ក្នុងនាមជាស្ថាប័នព័ត៌មាន មុនចេញផ្សាយនូវព័ត៌មានទាំងអត្ថបទ និងជាសំឡេង ត្រូវតែពិនិត្យ និងផ្ទៀងផ្ទាត់ឱ្យបានម៉ត់ចត់ ដើម្បីធានាបានភាពត្រឹមត្រូវនៃការផ្សាយ និងផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋលើប្រព័ន្ធផ្សព្វផ្សាយ។

ការរម្លឹកបែបនេះរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងនៅក្នុងឱកាសលោកអញ្ជើញជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាលស្តីពី «ការផ្ទៀងផ្ទាត់ព័ត៌មានក្លែងក្លាយ និងការប្រើប្រាស់បញ្ញាសិប្បនិម្មិតនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ» នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ នាមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួងព័ត៌មាន។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ថែមថា អង្គភាពព័ត៌មាន មានតួនាទីក្នុងការផ្តល់នូវសុវត្ថិភាពព័ត៌មាន សម្រាប់មិត្តអ្នកអាន។ ដូច្នេះ ការចេញផ្សាយព័ត៌មាន ត្រូវមានការផ្ទៀងផ្ទាត់ត្រឹមត្រូវ ដូចនេះ ការផ្ទៀងផ្ទាត់ព័ត៌មាន ផ្ទៀងផ្ទាត់ទាំងរូបភាព និងវីដេអូ ឱ្យច្បាស់លាស់ពីស្ថានភាពជាក់ស្តែងពោលគឺថ្ងៃ ខែ និងឆ្នាំជាដើម។ ខណៈថ្មីៗនេះមានការជ្រើសរើសរូបភាពចាស់ និងវីដេអូចាស់ មកផ្សព្វផ្សាយជាថ្មី ដោយបានសរសេរបញ្ជាក់ថា រឿងនេះទើបនឹងកើតឡើងផងដែរ។

ពាក់ព័ន្ធនឹងការបន្លំថ្ងៃ ខែ ឆ្នាំ នៃព្រឹត្តិការណ៍ពិតត្រូវបានលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា វាស្ថិតនៅក្នុងចង្កោមព័ត៌មានក្លែងក្លាយ (Faks News) ដែលវាធ្វើឱ្យប៉ះពាល់ជាខ្លាំងដល់សិទ្ធិនៃការទទួលបានព័ត៌មានពិតរបស់ប្រជាពលរដ្ឋ។ បើក្នុងនាមជាអ្នកផលិតព័ត៌មានហើយមិនដឹងថា ជាព័ត៌មានពិត ឬមិនពិតនោះ តើឱ្យប្រជាពលរដ្ឋជឿទុកចិត្តយ៉ាងដូចម្តេច ដូច្នេះត្រូវតែនាំគ្នាផ្ទៀងផ្ទាត់ប្រភពឱ្យបានត្រឹមត្រូវ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ថា សន្តិសុខព័ត៌មាន គឺផ្តោតលើចំណុច៣សំខាន់ រួមមានទី១៖ ឱ្យសារព័ត៌មានមានគុណភាព សំដៅទៅលើអ្នកសារព័ត៌មាន អ្នកដែលបំពេញកិច្ចការងារក្នុងវិស័យព័ត៌មានត្រូវតែមានសមត្ថភាពពេញលេញ ទី២៖ មានក្រមសីលធម៌ និងទី៣៖ ផលិតផលដែលខ្លួនបញ្ជូនឱ្យមានគុណភាព សុវត្ថិភាព។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានរម្លឹកយ៉ាងដូច្នេះថា៖ «យើងទាំងអស់គ្នាកាន់អង្គភាពព័ត៌មាន មានតួនាទីសំខាន់ គឺការទទួលខុសត្រូវនៅក្នុងការផ្សព្វផ្សាយព័ត៌មានរបស់ខ្លួន មុននឹងផ្សព្វផ្សាយមុននឹងចុចប៊ូតុងចេញ យើងត្រូវចោទសួរថា តើព័ត៌មានហ្នឹងត្រឹមត្រូវទេ រូបភាពហ្នឹងជារូបភាពពិតកើតឡើងបច្ចុប្បន្នហ្នឹងទេ ហើយវីដេអូហ្នឹងជាវីដេអូថ្មីដែរ ឬទេ?»។

លោករដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើទៅអ្នកព័ត៌មានថា ក្នុងសតវត្សទី២១នេះ ត្រូវចេះបន្សាំខ្លួនទៅនឹងសម័យបច្ចេកវិទ្យាដ៏ទំនើបមួយនេះ ដោយសារតែមានមហិច្ឆតាឱ្យអ្នកព័ត៌មានកាន់តែមានចំណេះដឹងទូលំទូលាយ ទើបក្រសួងបានផ្តួចផ្តើមរៀបចំសិក្ខាសាលាស្ដីពីការផ្ទៀងផ្ទាត់ព័ត៌មានជាវីដេអូ និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងប្រព័ន្ធផ្សព្វផ្សាយ។

សូមជម្រាបថា សិក្ខាសាលានេះមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៣០ ដល់៣១ ខែតុលា ឆ្នាំ២០២៥ ក្នុងគោលបំណង ចែករំលែកបទពិសោធ និងចំណេះដឹងអំពី ការកែសម្រួលព័ត៌មានប្រកបដោយគុណភាព ការវិភាគវីដេអូនិងការកំណត់ទីតាំងភូមិសាស្ត្រ ការផ្ទៀងផ្ទាត់ ព័ត៌មានជាមួយនឹងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ការត្រួតពិនិត្យទិន្នន័យ Metadata និងពាក្យគន្លឹះ ការស្វែងរកព័ត៌មានតាមបណ្តាទំនាក់ទំនងសង្គម និងការប្រើប្រាស់ AI language models ប្រកបដោយប្រសិទ្ធភាព៕

វីដែអូ