ភ្នំពេញ)៖ នៅទីស្តីការក្រសួងការពារជាតិ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានប្រារព្ធពិធីបើកវគ្គហ្វឹកហ្វឺនគម្រោងភាពជាដៃគូត្រីភាគីអង្គការសហប្រជាជាតិ លើជំនាញវិស្វកម្មគ្រឿងចក្រធុនធ្ងន់កម្រិតមធ្យម ការយល់ដឹងអំពីគ្រោះថ្នាក់នៃគ្រឿងផ្ទុះ និងសង្គ្រោះបន្ទាន់លើទីលាន ឆ្នាំ២០២៥ ស្ថិតក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ និងលោក ចូសេហ្វ សូអើ (Joseph Scheuer) អ្នកសម្របសម្រួល អង្គការសហប្រជាតិ ប្រចាំកម្ពុជា។យោងតាមរបាយការណ៍ របស់ឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទី មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានឲ្យដឹងថា គម្រោងភាពជាដៃគូត្រីភាគីអង្គការសហប្រជាជាតិ គឺជាគំនិតផ្តួចផ្តើមពីឯកឧត្តម ស៊ិនស៊ូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន ដោយមានកិច្ចសហការគាំទ្រពី អង្គការសហប្រជាជាតិ ពីរដ្ឋាភិបាលជប៉ុន អូស្ត្រាលី និងពីសាធារណរដ្ឋកូរ៉េ។វគ្គហ្វឹកហ្វឺនគម្រោងភាពជាដៃគូត្រីភាគីអង្គការសហប្រជាជាតិ ឆ្នាំ២០២៥ នៅប្រទេសកម្ពុជា គឺជាកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងបណ្តាប្រទេសសមាជិកត្រីភាគី តំបន់អាស៊ីប៉ាស៊ីហ្វិក។ វគ្គហ្វឹកហ្វឺននេះ ជាលើកទី២ហើយ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលមានរយៈពេល៦សប្តាហ៍ (គិតពីថ្ងៃទី១០ ខែវិច្ឆិកា រហូតដល់ថ្អៃទី១៩ ខែធ្នូ ឆ្នាំ២០២៥) ដោយឈរលើសរសរស្តុមចំនួន៣ រួមមាន៖ ជំនាញវិស្វកម្មគ្រឿងចក្រធុនធ្ងន់, ការយល់ដឹងអំពីគ្រោះថ្នាក់នៃគ្រឿងផ្ទុះ និងសង្គ្រោះបន្ទាន់លើទីលាន។ ការហ្វឹកហ្វឺនដោយមានសិក្ខាកាមចូលរួមមកពីបណ្តាប្រទេសចំនួន៧ មានជាអាទិ៍ កម្ពុជា ៣០នាក់, បង់ក្លាដេស ៥នាក់, ប៊ូតាន ៣នាក់, ឥណ្ឌូនេស៊ី ២នាក់, ណេប៉ាល់ ២នាក់, ហ្វីលីពីន ១នាក់ និងហ្វីជី ២នាក់។នៅក្នុងឱកាសនោះ បន្ទាប់ពីលោក ចូសេហ្វ សូអើ បានបញ្ជាក់ពីចំណាប់អារម្មណ៍លើការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាពហុភាគី និងការអភិវឌ្ឍធនធានមនុស្ស និងកិច្ចប្រតិបត្តិការរបស់អង្គការសហប្រជាជាតិ រួចមក, នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងថា វគ្គហ្វឹកហ្វឺននេះ បានរៀបចំឡើងក្រោមការយកចិត្តទុកដាក់ និងមាទំនុកទុកចិត្តរបស់អង្គការសហប្រជាជាតិមកលើកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោមកម្មវីធីភាពជាដៃគូត្រីភាគីអង្គការសហប្រជាជាតិ ដោយការចូលរួមពីសិក្ខាកាមជាតិ និងអន្តរជាតិ និងបង្រៀនដោយគ្រូយោធាចារ្យពហុជាតិ អូស្ត្រាលី កូរ៉េ។ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្នុងនាមជារដ្ឋសមាជិកតែងចាត់ទុកវិស័យរក្សាសន្តិភាពជាស្នូល នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងការចូលរួមរក្សាសន្តិភាពនៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិដើម្បីរួមចំណែកជាមួយសហគមអន្តរជាតិក្នុងការខិតខំប្រឹងប្រែងរក្សាសន្តិភាពជាមួយប្រទេសដទៃ តាមសំណូពរជាក់ស្តែងរបស់អង្គការសហប្រជាជាតិ និងលទ្ធភាពរបស់ប្រទេសជាតិ លើកកំពស់កម្ពុជា កាន់តែសកម្មថែមទៀត ដោយស្មើសិទ្ធិស្មើភាពជាមួយប្រទេសនានា នៅគ្រប់កិច្ចការក្នុងតំបន់ និងលើឆាកអន្តរជាតិ ដែលជាការចាំបាច់បំផុត និងកិច្ចអភិវឌ្ឍគ្រប់បែបយ៉ាង។ការឆ្លើយតបទៅនឹងតម្រូវការរបស់អង្គការសហប្រជាជាតិ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំអភិវឌ្ឍន៍មធ្យោបាយសម្រាប់បំពាក់ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាព ពង្រឹងសមត្ថភាព និងលើកកម្ពស់លើកគ្រប់វិស័យឲ្យកាន់តែមាន ប្រសិទ្ធភាពបន្ថែមទៀត និងបន្តហ្វឹកហ្វឺនដល់កងកម្លាំងក្នុងប្រព័ន្ធរៀបរយរក្សាសន្តិភាព៕
វីដែអូ