ថ្ងៃសៅរ៍ ទី១៥ ខែវិច្ឆិការ ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
ក្រសួងការពារជាតិ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការធ្វើបទបង្ហាញពីបច្ចុប្បន្នភាពនៃការអនុវត្តសេចក្តីថ្លែងការណ៍រួម ទីក្រុងកូឡាឡាំពួរ ជូនអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជាចំនួន ១២ប្រទេស
Mon,10 November 2025 (Time 09:33 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 15នាក់)

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានធ្វើបទបង្ហាញជូនអនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP) សរុបចំនួន ១២ប្រទេស អំពីបច្ចុប្បន្នភាពនៃការអនុវត្តសេចក្តីថ្លែងការណ៍រួម ទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព ដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានបញ្ជាក់ឱ្យដឹងទៀតថា នៅក្នុងការធ្វើបទបង្ហាញនេះ លោកឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃការអនុវត្តសេចក្តីថ្លែងការណ៍រួម ទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព ដែលបានចុះហត្ថលេខានៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥។

លោករដ្ឋលេខាធិការ បានបញ្ជាក់ថា ឯកសារនេះគឺជាមូលដ្ឋានគ្រឹះក្នុងការកសាងឡើងវិញនូវទំនុកចិត្ត សន្តិភាព និងកិច្ចសហ ប្រតិបត្តិការរវាងកម្ពុជា និងថៃ ដោយបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួម សម្រាប់ការដោះស្រាយវិវាទដោយសន្តិវិធី ការមិនប្រើប្រាស់កម្លាំង ការគោរពច្បាប់អន្តរជាតិ ការគោរពគ្នាទៅវិញទៅមកចំពោះអធិបតេយ្យ បូរណភាពទឹកដី និងឯករាជ្យ។

លោកឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានគូសបញ្ជាក់អំពីវិស័យអាទិភាពមួយចំនួនដែលបានព្រមព្រៀងគ្នាក្រោមសេចក្តីថ្លែងការណ៍រួមមាន ការដោះលែងកងទ័ពកម្ពុជា ការដកអាវុធធុនធ្ងន់ ការដោះមីនមនុស្សធម៌ ការ ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី កិច្ចសហប្រតិបត្តិការលើការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ដំណើរនៃការធ្វើប្រក្រតី ភាពនៃទំនាក់ទំនងការទូត ដែលជាជំហានដ៏សំខាន់ឆ្ពោះទៅរកការកសាងទំនុកចិត្ត និងការស្តារទំនាក់ទំនងជាប្រក្រតី រវាងកម្ពុជានិងថៃ។

លោករដ្ឋលេខាធិការ បានសង្កត់ធ្ងន់អំពីការអនុវត្តដោយស្មោះត្រង់របស់កម្ពុជាចំពោះការប្តេជ្ញាចិត្ត និងការត្រៀមខ្លួនដើម្បីធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសថៃ ដើម្បីផលប្រយោជន៍រួមនៃប្រទេស និងប្រជាជន ទាំងពីរ។

លោករដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់បន្ថែមទៀត នូវការថ្លែងអំណរគុណរបស់កម្ពុជា ចំពោះម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន សហរដ្ឋអាម៉េរិក ចិន ព្រមទាំងមិត្ត និងដៃគូទាំងអស់សម្រាប់ ការគាំទ្រប្រកបដោយស្ថាបនា ក្នុងការសម្រេចបាននូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ។

លោករដ្ឋលេខាធិការ ក៏បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ក្នុងការប្រែក្លាយព្រំដែនកម្ពុជា-ថៃ ទៅជាតំបន់សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដោយគោរពពេញលេញនូវច្បាប់អន្តរជាតិ ព្រម ទាំងគោលការណ៍ និងស្មារតីអាស៊ាន៕

វីដែអូ