(ភ្នំពេញ)៖ ក្នុងឱកាសដែលអនុញ្ញាតឲ្យ លោក TAKAHASHI Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា ដឹកនាំប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានជំរុញអ្នកវិនិយោគជប៉ុន ពង្រីកការវិនិយោគលើវិស័យកសិឧស្សាហកម្ម និងបច្ចេកវិទ្យានៅកម្ពុជា។លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងថា ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ បានសម្ដែងនូវក្ដីរីករាយ ក្នុងការជួបជាមួយប្រតិភូនៃសមាគមជប៉ុន កម្ពុជា ហើយសម្ដេចតេជោបានសម្ដែងនូវការពេញចិត្ត ចំពោះសកម្មភាពដ៏សកម្មរបស់សមាគមជប៉ុន-កម្ពុជា បានចូលរួមចំណែកផ្សារភ្ជាប់ទាំងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងជប៉ុន ទាំងប្រជាជន និងប្រជាជនកម្ពុជា ជប៉ុន។ ជាពិសេស គឺទាក់ទាញអ្នកវិនិយោគឲ្យមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ដែលនេះជាសកម្មភាពមួយបានចូលរួមយ៉ាងសកម្ម និងសំខាន់នៅក្នុងការគាំទ្រ និងការវិនិយោគ និងការជំរុញដល់សេដ្ឋកិច្ច នៅក្នុងប្រទេសកម្ពុជា។លោក TAKAHASHI Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា បានសម្ដែងនូវក្ដីអរគុណយ៉ាងក្រៃលែងចំពោះ ការអនុញ្ញាតរបស់សម្ដេចតេជោ ដែលបានផ្ដល់នូវកិត្តិយស ដល់រូបលោក និងប្រតិភូទាំងអស់ចូលជួបសម្ដែងការគួរសមសារជាថ្មីម្ដងទៀត នៅក្នុងឱកាសដែលប្រតិភូ អញ្ជើញមកបំពេញបេសសកម្មនៅក្នុងប្រទេសកម្ពុជា។លោកបានលើកឡើងថា ប្រទេសកម្ពុជាត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកវិនិយោគនៅប្រទេសជប៉ុន ក្នុងការមកវិនិយោគក្នុងវិស័យនានា នៅប្រទេសកម្ពុជា។ លោកបានរំលេចផងដែរ ទាក់ទងទៅនឹងប្រតិភូដែលមកបំពេញបេសសកម្ម ក្នុងប្រទេសកម្ពុជាដែលសុទ្ធសឹងតែជាអ្នកវិនិយោគ នាពេលនេះមានប្រមាណ៣៦ក្រុមហ៊ុនដែលជាក្រុមហ៊ុនជប៉ុន ដែលនៅក្នុងនោះមានការវិនិយោគទៅលើ វិស័យបច្ចេកវិទ្យា ផ្នែកបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកសិឧស្សាហកម្មជាដើម ដែលជាការចាប់អារម្មណ៍របស់អ្នកវិនិយោគជប៉ុន មកកាន់ព្រះរាជាណាចក្រកម្ពុជា នាពេលនេះ។លោកបានបន្តថា ការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាកន្លងមក តាំងពីសម្ដេចតេជោនៅជានាយករដ្ឋមន្រ្តី ហើយមកដល់ពេលនេះសម្ដេចតេជោ នៅជាប្រធានព្រឹទ្ធសភានៃកម្ពុជា សម្ដេចតេជោ នៅតែបន្តគាំទ្រអ្នកវិនិយោគជប៉ុន ជាពិសេសគឺសមាគមជប៉ុន-កម្ពុជា តែម្ដង។ លោកបានចាត់ទុកថា ការគាំទ្រនេះគឺជាកម្លាំងចិត្តយ៉ាងសំខាន់ នៅក្នុងការផ្ដល់នូវទំនុកចិត្តទៅកាន់វិនិយោគិនជប៉ុនបន្ថែមទៀត។នៅក្នុងឱកាសនោះ សម្ដេចតេជោបានបង្ហាញនូវក្ដីពេញចិត្តចំពោះវឌ្ឍនភាពរបស់សមាគមជប៉ុន-កម្ពុជា ដែលបានខិតខំប្រឹងប្រែងភ្ជាប់ទំនាក់ទំនង ជាពិសេសគឺទាក់ទងទៅនឹងការបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈដល់ប្រជាជនកម្ពុជា ជាពិសេសយុវជនតែម្ដង។ សម្ដេចបានបន្តថា ជំនាញវិជ្ជាជីវៈនេះជាជំនាញនៃតម្រូវការទាំងក្នុងបរិបទនៅប្រទេសកម្ពុជា ក៏ដូចជាបរិបទនៃប្រទេសជប៉ុន ហើយជាចំណែកជំរុញសេដ្ឋកិច្ចយ៉ាងសំខាន់។ជាមួយគ្នានេះ សម្ដេចតេជោ បានលើកឡើងថា ចំពោះការពេញចិត្តនូវអ្នកវិនិយោគជប៉ុនដែលបានចាប់អារម្មណ៍វិនិយោគ កសិឧស្សាហកម្ម និងបច្ចេកវិទ្យា ដោយសម្ដេចតេជោ បានលើកឡើងថា ផ្នែកកសិឧស្សាហកម្មនេះគឺជាចំណុច ស្នូលមួយរបស់រដ្ឋាភិបាលរៀងមករហូតមក ដល់រាជរដ្ឋាភិបាលថ្មីក៏ចាត់ទុកការកែច្នៃនូវផលិតផលកសិកម្មនេះ ជារឿងចាំបាច់ និងអាទិភាព ហើយពាក់ព័ន្ធទៅនឹងវិស័យបច្ចេកវិទ្យា ក៏ដូចគ្នាដែរ ដោយក្រោមការដឹកនាំរបស់សម្ដេចធិបតី បាននឹងកំពុងយកចិត្តទុកដាក់លើវិស័យនេះ ហើយកម្ពុជាត្រូវការខ្លាំងនៅក្នុងផ្នែកនេះ។ក្នុងន័យនេះ សម្ដេចតេជោ បានជំរុញឲ្យអ្នកវិនិយោគជប៉ុនចាប់អារម្មណ៍ និងពង្រីកនូវសក្ដានុពល នៃវិស័យទាំងអស់នេះឲ្យមានការកើនឡើងកាន់តែច្រើនបន្ថែមទៀត។ ជាចុងក្រោយ សម្ដេចតេជោ បានជូនពរឲ្យ លោក TAKAHASHI Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា និងប្រតិភូ ទទួលបានជោគជ័យក្នុងការបំពេញបេសសកម្មនៅក្នុងប្រទេសកម្ពុជា៕
វីដែអូ