ថ្ងៃសុក្រ ទី១៤ ខែវិច្ឆិការ ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
សមាគមជប៉ុន-កម្ពុជា បន្តអនុវត្តផែនការធុរកិច្ចក្នុងវិស័យសំខាន់ៗ ដើម្បីរួមចំណែកជំរុញការរីកចម្រើនផ្នែកធុរកិច្ច និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា
Tue,11 November 2025 (Time 09:22 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 16នាក់)

ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យលោក តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា និងគណៈប្រតិភូ ធុរជន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប ប្រធានសមាគមជប៉ុន-កម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានចំណាយពេលវេលាដ៏មមាញឹក អនុញ្ញាតឲ្យរូបលោក និងគណៈប្រតិភូធុរជន ចូលជួបសម្ដែងការគួសម និងពិភាក្សាការងារនាពេលនេះ។ លោកប្រធានសមាគម បានគោរពជម្រាបជូនសម្តេចបវរធិបតីថា ក្នុងដំណើរទស្សនកិច្ចលើកទី៥នេះ មានការចូលរួមពីសមាជិកសមាគមទាំងថ្មី ទាំងចាស់ចំនួន៣០ក្រុមហ៊ុន។

លោកប្រធានក៏បានគោរពរាយការណ៍អំពីវឌ្ឍនភាពល្អប្រសើរនៃការអនុវត្តផែនការរបស់សមាគម បន្ទាប់ពីសមាគមបានបង្កើតការិយាល័យផ្លូវការរបស់ខ្លួននៅកម្ពុជា ក្នុងឆ្នាំ២០២៤។ ឆ្លៀតក្នុងឱកាសនោះ លោកប្រធានសមាគមក៏បានជម្រាបជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពីចំណាប់អារម្មណ៍ និងផែនការធុរកិច្ចសំខាន់ៗមួយចំនួនរបស់សមាគម ដែលបានរៀបចំ និងកំពុងអនុវត្ត ដោយផ្តោតជាពិសេសលើវិស័យសំខាន់ៗ ចំនួន៣រួមមាន៖ ១៖ ការបណ្ដុះបណ្ដាលធនធានមនុស្ស សំដៅលើកកម្ពស់ជំនាញរបស់ពលករកម្ពុជា ដោយយកស្ដង់ដារជប៉ុនជាគោល, ២៖ វិស័យកសិ-ឧស្សាហកម្មកែច្នៃ ដែលផ្តោតលើការកែច្នៃផលិតផលកសិផលមួយចំនួន និង៣៖ វិស័យឌីជីថល សំដៅបំពាក់ជំនាញឌីជីថលដល់ពលករកម្ពុជា។

ជាការឆ្លើយតប សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សមាគមជប៉ុន-កម្ពុជា ដែលតែងតែសម្របសម្រួលដំណើរទស្សនកិច្ចរបស់សមាជិកសមាគម ដែលធ្វើធុរកិច្ចក្នុងវិស័យនានា មកកាន់ប្រទេសកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា ព្រមទាំងការចូលរួមផ្សព្វផ្សាយព័ត៌មានល្អៗអំពីកម្ពុជា និងការបង្ហាញជូនធុរជនជប៉ុន អំពីកាលានុវត្តភាព និងគោលនយោបាយទាក់ទាញការវិនិយោគរបស់កម្ពុជា នាពេលកន្លងមក។ សម្ដេចមហាបវរធិបតី បានសង្កត់ធ្ងន់អំពីការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែង ក៏ដូចជាផែនការដែលសមាគមជប៉ុន-កម្ពុជា បានរៀបចំ និងដាក់ឲ្យអនុវត្ត។

ព្រមជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជូនប្រធានសមាគម និងគណៈប្រតិភូធុរជនថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តបង្កលក្ខណៈងាយស្រួល និងផ្តល់កិច្ចសម្របសម្រួលដល់ការរៀបចំ និងអនុវត្តផែនការធុរកិច្ច និងវិនិយោគរបស់សមាគម នៅកម្ពុជា។ ទន្ទឹមនឹងនេះ ដើម្បីធានានូវដំណើរការនៃការអនុវត្តផែនការប្រកបដោយប្រសិទ្ធភាព និងធានាបាននូវការរីកចម្រេីនរបស់ក្រុមហ៊ុន និងសហគ្រាសរបស់ជប៉ុន និយាយដោយឡែក ក៏ដូចជាការរីកចម្រេីនប្រទេសកម្ពុជា និយាយជារួម, សម្ដេចមហាបវរធិបតី បានណែនាំដល់ក្រសួង-ស្ថាប័ន ពាក់ព័ន្ធកម្ពុជា ឲ្យបន្តសហការយ៉ាងជិតស្និទ្ធ ជាមួយសមាគមជប៉ុន-កម្ពុជា ដេីម្បីសម្រេចបាននូវសកម្មភាពជាក់ស្តែង។

មុននឹងបញ្ចប់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានរំលឹកឡេីងវិញផងដែរថា ក្នុងដំណើរទស្សនកិច្ចការងារផ្លូវការរបស់សម្ដេចបវរធិបតី ទៅកាន់ប្រទេសជប៉ុន កាលពីខែឧសភាកន្លងទៅ, កម្ពុជា-ជប៉ុន បានឯកភាពគ្នា ក្នុងការបង្កេីតគម្រោង «កញ្ចប់សហបង្កើតសេដ្ឋកិច្ចកម្ពុជា-ជប៉ុន» (Cambodia-Japan Economic Co-Creation Package) ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងវិស័យឯកជនរបស់ប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។ សម្ដេចបវរធិបតី បានលើកទឹកចិត្តឲ្យសមាគមជប៉ុន-កម្ពុជា ចូលរួមសិក្សា និងស្វែងយល់បន្ថែមលើការបង្កើតតំបន់សេដ្ឋកិច្ចពិសេស សម្រាប់ក្រុមហ៊ុន និងសហគ្រាសជប៉ុន ជាពិសេស សហគ្រាសធុនតូច និងមធ្យម (SMEs) របស់ជប៉ុន នាពេលអនាគត៕

វីដែអូ