ថ្ងៃសុក្រ ទី១៤ ខែវិច្ឆិការ ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសចំពោះការបាញ់ប្រហាររបស់ទាហានថៃមកលើប្រជាជនខ្មែរ ដែលជាជនស៊ីវិលស្លូតត្រង់
Wed,12 November 2025 (Time 10:12 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 9នាក់)

ភ្នំពេញ)៖ រដ្ឋសភាកម្ពុជា នៅយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបាញ់ប្រហាររបស់ទាហានថៃមកលើប្រជាជនខ្មែរ ដែលជាជនស៊ីវិលស្លូតត្រង់ ក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង១៥:៥០នាទី ក្នុងថ្ងៃទីពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលធ្វើឱ្យប្រជាជនខ្មែរ ០១រូប បាត់បង់អាយុជិវិត និងជាច្រើននាក់ទៀតរងរបួស។

រដ្ឋសភា បានលើកឡើងថា ការវាយប្រហារនេះ ជាអំពើឃោរឃៅយង់ឃ្នង អមនុស្សធម៌ ដែលមិនត្រឹមជាការំលោភបំពានលើអធិបតេយ្យរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទំាងរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាព ដែលនាយករដ្ឋមន្រ្តីនៃប្រទេសទំាងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលាថ្មីៗកន្លងទៅនេះ អំឡុងពេលដំណើរការកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយមានវត្តមានជាសាក្សី ពី ឯកឧត្តម ដូណាល់ ត្រំា ប្រធានាធិបតីសហរដ្ឋអាមេរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ីនិងជាប្រធានប្តូរវេនអាស៊ាន។ សកម្មភាពបាញ់ប្រហាររបស់ភាគីថៃនេះ ក៏ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ដល់ច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ានផងដែរ។

រដ្ឋសភាកម្ពុជា បានសង្កេតឃើញថា ភាគីថៃបានព្យាយាមរំលោភកិច្ចព្រមព្រៀងឆ្ពោះទៅរកការដោះស្រាយបញ្ហាដោយសន្តិវិធី ដែលខ្លួនបានធ្វើឡើងជាមួយកម្ពុជាម្តងហើយម្តងទៀត ទោះបីជាមានសហគមន៍អន្តរជាតិជាសាក្សីយ៉ាងណាក្តី។ ភាគីថៃមិនមានឆន្ទៈពិតប្រាកដ ក្នុងការគោរពនិងអនុវត្តតាមលក្ខខណ្ឌ ដែលបានព្រមព្រៀងឡើយ ដូចជាករណីការបដិសេធបញ្ជូនវីរៈកងទ័ពកម្ពុជាចំនួន១៨នាក់ ដែលខ្លួនបានចាប់ទំាងខុសច្បាប់ មកកម្ពុជាវិញក្នុងថ្ងៃទី១២ ខែវិច្ឆិកានេះជាដើម។ ទន្ទឹមគ្នានេះ ភាគីថៃតែងតែបង្កហេតុ និងរកលេសឈ្លានពានកម្ពុជាជានិច្ច។

រដ្ឋសភាកម្ពុជា សូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះទង្វើខុសច្បាប់របស់ ភាគីថៃ ដោយទាមទារឱ្យប្រទេសថៃទទួលខុសត្រូវទាំងស្រុងនូវរាល់ការរំលោភបំពានដ៏កំរោលនេះ។

រដ្ឋសភាកម្ពុជា សូមអំពាវនាវឱ្យថៃបញ្ឈប់ជាបន្ទាន់រាល់អរិភាព ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពតំបន់ និងងាកមកគោរពសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ។

រដ្ឋសភាម្ពុជា សូមគំាទ្រជានិច្ច ចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់តំាងពីដើមរហូតមក ស្របតាមចក្ខុ វិស័យវែងឆ្ងាយ នៃការថែរក្សាសុខសន្តិភាពជូនមនុស្សជាតិរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា៕

វីដែអូ