ភ្នំពេញ)៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បន្ដចុះទៅពិនិត្យស្ថានភាពផ្ទាល់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទីដែលទាហានថៃបាញ់ប្រហារមកលើជនស៉ីវិលកម្ពុជា បណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួស៣នាក់ កាលពីម្សិលមិញ។មុនចុះទៅពិនិត្យស្ថានភាពនៅទីតាំងដែលទាហានថៃចិញ្ចឹមចិត្តឈ្លានពានដែនអធិបតេយ្យកម្ពុជា ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ក៏បានចុះទៅពិនិត្យស្ថានភាពជនរងគ្រោះ ដែលត្រូវទាហានថៃបាញ់ប្រហារ ព្រមទាំងសាកសពអ្នកដែលបាត់បង់ជីវិតនៅមន្ទីរពេទ្យផងដែរ។មកទល់ពេលនេះ ជនស៉ីវិលកម្ពុជាដែលរងគ្រោះទាំងបីនាក់នោះ បានទទួលការវះកាត់យកក្បាលគ្រាប់ចេញដោយជោគជ័យ និងកំពុងបន្ដទទួលការថែទាំយ៉ាងយកចិត្តទុកដាក់បំផុតពីក្រុមគ្រូពេទ្យជំនាញ នៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី។សូមរំលឹកថា នៅវេលាម៉ោង១៥៖៥០នាទី ថ្ងៃទី១២ ខែវិច្ឆិកា ២០២៥ កម្លាំងទាហានថៃ បានប្រើកាំភ្លើង RPD បាញ់ប្រហារមកលើប្រជាពលរដ្ឋកម្ពុជា ដែលកំពុងស្នាក់នៅក្នុងជម្រកកៅស៊ូតង់ក្នុងដែនអធិបតេយ្យកម្ពុជា ទីតាំង (ថៃដាក់កង់ឡាននិងរាយបន្លាលួស) ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ឈមខាងថៃ ភូមិណងយ៉ាកែវ ឃុំណងម៉ាក់មុន ស្រុកគោកធ្យូង ខេត្តស្រះកែវ។ជនរងគ្រោះដែលរងរបួសទាំង៣នាក់៖*ទី១៖ ឈ្មោះ នី សុម៉េង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិផ្សារកណ្ដាល ឃុំផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវត្រគៀកខាងស្ដាំធ្លុះពីក្រោយមកមុខ*ទី២៖ ឈ្មោះ រិទ្ធ ចាន់ធា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ (បាញ់ត្រូវភ្លៅស្តាំ)*ទី៣៖ ឈ្មោះ សូ ចំរ៉ុង ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិតំណក់ទឹក ឃុំចន្ទគីរី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវពោះ។បើតាមសេចក្ដីរាយការណ៍ពីជួរមុខកម្ពុជា ដំបូងទាហានថៃ បានស្រែកជេរមកទាហានកម្ពុជា ប៉ុន្តែទាហានកម្ពុជាមិនតបត បន្ទាប់មកទាហានថៃ បានបាញ់ទាំងកំរោលមកលើ ប្រជាពលរដ្ឋកម្ពុជា ដេកនៅក្នុងតង់ ទីតាំងក្បែរទាហានថៃ រាយបន្លាលួស និងដាក់កងឡាន ក្នុងដែនអធិបតេយ្យភាពកម្ពុជា៕
វីដែអូ