ប៉ាគីស្ថាន)៖ សន្និសីទប្រធានសភានៃអន្តរសភា ដែលមានសមាជិកជាង៤៥ប្រទេស បានអំពាវនាវកម្ពុជា-ថៃ គោរពយ៉ាងម៉ឺងម៉ាត់ និងអនុវត្តពេញលេញនូវគោលការណ៍ ដែលបានឯកភាពគ្នានៅក្នុងសេចក្តីប្រកាសរួម ដើម្បីបន្ធូរបន្ថយភាពតានតឹង ស្តារទំនុកចិត្ត និងសន្តិភាពតាមព្រំដែន ដោះស្រាយភាពខុសគ្នាដោយសន្តិភាព ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាព និងសាមគ្គីភាពព្រមទាំងសហការគ្នាក្នុងការស្តារទំនាក់ទំនងការទូត និងផលប្រយោជន៍ទៅវិញទៅមក ដើម្បីនាំសន្តិភាព និងសន្តិសុខពេញលេញ ដល់ប្រទេសទាំងពីរនិងតំបន់ទាំងមូល។ការអំពាវនាវនេះធ្វើឡើងក្នុងសន្និសីទប្រធានសភានៃអន្តរសភា នៅក្នុងទីក្រុងអ៉ីស្លាម៉ាដាដ ប្រទេសប៉ាគីស្ថាន និងមានលោក សួស យ៉ារ៉ា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមសន្និសីទនេះ។សន្និសីទនេះក៏បានអំពាវនាវឱ្យថៃដោះលែងជាបន្ទាន់នូវយុទ្ធជនកម្ពុជាទាំង១៨រូប ដែលត្រូវបានចាប់ខ្លួនបន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់បានចូលជាធរមាន ដើម្បីបង្ហាញពីបំណង និងឆន្ទៈល្អ ក្នុងការលើកកម្ពស់ការទុកចិត្តគ្នាទៅវិញទៅមក និងការកសាងជំនឿទុកចិត្ត ដើម្បីសន្តិភាព និងស្ថិរភាពស្របតាមច្បាប់មនុស្សធម៌ និងច្បាប់អន្តរជាតិព្រមទាំងផ្តល់តម្លៃដល់ទស្សនៈវិស័យនៃការកសាងសហគមន៍អាស៊ាន ដែលត្រូវបានកសាងឡើងស្របតាមស្មារតីនៃសមភាព និងសន្តិសហវិជ្ជមាន។សន្និសីទប្រធានសភានៃអន្តរសភា (ISC) នឹងបន្តតាមដានការវិវត្តន៍ថ្មីៗនៃជម្លោះព្រំដែនកម្ពុជា-ថៃដោយយកចិត្តទុកដាក់ ហើយប្តេជ្ញាធ្វើការជាមួយសហគមន៍អន្តរជាតិ ដើម្បីដោះស្រាយការប្រឈមរួម និងលើកកម្ពស់គោលការណ៍នៃការពឹងពាក់គ្នាទៅវិញទៅមក វិបុលភាពរួម និងគុណតម្លៃរួមជាសកលដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ។សេចក្តីថ្លែងការណ៍នេះធ្វើឡើងក្នុងអំឡុងសន្និសីទប្រធានសភានៃអន្តរសភាដែលបានប្រព្រឹត្តទៅនៅទីក្រុងអ៊ីស្លាមម៉ាបាដ សាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន កាលពីថ្ងៃទី១១និង១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក Syed Yousaf Raza Gilani ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន និងជាប្រធានស្ថាបនិកសន្និសីទប្រធានសភានៃអន្តរសភា លោក Muhammad Shehbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក លោកស្រីជាប្រធានសភា អនុប្រធានសភា និងសមាជិកសភាមកពីជាង៤៥ប្រទេស។សន្និសីទបានពិភាក្សាអំពីបញ្ហាសន្តិភាព និងសន្តិសុខរបស់ពិភពលោកដែលកំពុងរងការគំរាមកំហែងពី សង្គ្រាម នៅតំបន់នានារបស់ពិភពលោក គ្រោះមហន្តរាយធម្មជាតិជាដើម ដែលបានបង្អាក់ដល់ការអភិវឌ្ឍរបស់បណ្តាប្រទេសនានា និងសកលលោកទាំងមូល។នាឱកាសនោះ លោក សួស យ៉ារ៉ា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានជម្រាបជូនអង្គសន្និសីទថា៖ «សន្តិភាពជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតសម្រាប់កម្ពុជា ពីព្រោះកម្ពុជាបានឆ្លងកាត់នូវសង្គ្រាមស៊ីវិលដ៏ប្រល័យអស់ពេលជិត៣០ឆ្នាំ មុននឹងសម្រេចបានសន្តិភាពពេញលេញនៅចុងទសវត្សរ៍ទី៩០ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលនេះបានបង្ហាញពីឥទ្ធិពលនៃការសន្ទនា ការផ្សះផ្សារ និងពហុភាគីនិយម។ លើសពីនេះ កម្ពុជាបានដើរតួយ៉ាងសកម្មក្នុងការចូលរួមចំណែកថែរក្សាសន្តិភាពរបស់សកលលោកក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។ ជាពិសេស កម្ពុជាបន្តអនុវត្តយ៉ាងម៉ត់ហ្មត់នូវគោលការណ៍ដែលឯកភាពគ្នានៅក្នុងសេចក្តីប្រកាសរួមសន្តិភាពនៅទីក្រុងកូឡាឡាំពួរ»៕
វីដែអូ