ថ្ងៃច័ន្ទ ទី១៧ ខែវិច្ឆិការ ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
យល់ដឹងពីជំនួញ៖ មន្រ្តីជាន់ខ្ពស់ CDC ប្រាប់ពីអត្ថប្រយោជន៍ និងកញ្ចប់អនុគ្រោះពិសេស ដែលរដ្ឋាភិបាលផ្តល់ជូនចំពោះការវិនិយោគ ក្នុងវិស័យកសិកម្ម ក្នុងនោះទទួលបានលើកទឹកចិត្តផ្នែកពន្ធរហូតដល់ ១៥ឆ្នាំ
Sun,16 November 2025 (Time 09:49 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 3នាក់)

ភ្នំពេញ)៖ លោក សួន សុផល អគ្គលេខាធិការរង នៃគណៈកម្មាការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានលើកឡើងថា ដើម្បីជំរុញ និងទាក់ទាញវិនិយោគិនទាំងក្នុង និងក្រៅស្រុក បណ្តាក់ទុនវិនិយោគលើវិស័យកសិកម្ម រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរយកចិត្តទុកដាក់យ៉ាងខ្លាំង និងបានផ្តល់នូវកញ្ចប់អនុគ្រោះពិសេស ចំពោះការវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជា ដែលក្នុងនោះអ្នកវិនិយោគនឹងទទួលបានលើកទឹកចិត្តផ្នែកពន្ធរហូតដល់១៥ឆ្នាំ។

លោកបានពន្យល់ថា ច្បាប់វិនិយោគថ្មីដែលបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅឆ្នាំ២០២១ មានភាពចំហរ និងបើកទូលាយ ដែលមានការលើកទឹកចិត្ត និងអនុគ្រោះច្រើនជាងគេបំផុត បើប្រៀបធៀបបណ្តាប្រទេសផ្សេងទៀតលើពិភពលោក។ តាមរយៈច្បាប់នេះ រដ្ឋាភិបាលបានផ្តល់ការអនុគ្រោះ ជូនចំពោះអ្នកវិនិយោគក្នុងវិស័យកសិកម្ម ការកែច្នៃ ផលិតផលកសិចំណីអាហារទាំងអស់ នូវការលើកលែងពន្ធប្រាក់ចំណេញរហូតដល់៩ឆ្នាំ។

បន្ទាប់ពីរយៈពេល៩ឆ្នាំនេះ រដ្ឋាភិបាលនឹងផ្តល់ការអនុគ្រោះរយៈពេល ៦ឆ្នាំទៀតដល់វិនិយោគ ក្នុងការពន្ធបង់ពន្ធក្នុងអត្រាកំណើនមួយ ពោលគឺ២ឆ្នាំដំបូងបង់២៥% ២ឆ្នាំបន្ទាប់បង់៥០% និង២ឆ្នាំចុងក្រោយបង់៧៥% មុននឹងឈានទៅបង់១០០% (២០%នៃពន្ធលើប្រាក់ចំណេញ)។ ជារួមវិនិយោគិនក្នុងវិស័យកសិកម្ម នឹងអាចទទួលបានការលើកទឹកចិត្តផ្នែកពន្ធនេះរហូតដល់ ១៥ឆ្នាំ។

បន្ថែមពីនេះ ការនាំចូលគ្រឿងម៉ាស៊ីន គ្រឿងចក្រ គ្រឿងបរិក្ខាសម្រាប់កសិកម្ម ជីកសិកម្ម ពូជ ធាតុចូលផលិតកម្មដទៃទៀត នឹងអនុញ្ញាតឱ្យនាំចូលដោយរួចពន្ធ។ លើសពីនេះទៅទៀត ចំពោះការទិញចូលនូវកសិផលពីកសិករ នឹងមិនតម្រូវឱ្យបង់ពន្ធកាត់ទុក ឬ VAT ឡើយ។

កាន់តែពិសេស ប្រសិនបើអ្នកវិនិយោគចំណាយទៅលើការបង្កើនប្រសិទ្ធភាព ផលិតភាព ក្នុងការផលិត ការកែច្នៃ ក្នុងវិស័យកសិឧស្សាហកម្ម រួមទាំងការចំណាយទៅលើសុខុមាលភាពកម្មករក្នុងរោងចក្រ អាចយកមកទូទាត់ កាត់សងលើពន្ធបាន ១៥០%។ ក្រៅពីការលើកទឹកចិត្តទាំងនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានខិតខំផ្តល់នូវសេវាថែទាំចំពោះវិនិយោគិន តាមគោលនយោបាយនានាផងដែរ៕

វីដែអូ