(ភ្នំពេញ)៖ រយៈពេល១០ខែ ឆ្នាំ២០២៥នេះ ពោលចាប់ពីខែមករា ដល់ខែតុលា កម្ពុជាទទួលបានចំណូលជាង ៥០២លានដុល្លារអាមេរិក ពីការនាំចេញកង់ កើនឡើងជាង៤៧%។ នេះបើតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។តាមរបាយការណ៍បានបញ្ជាក់ឲ្យដឹងថា រយៈពេល១០ខែ ឆ្នាំ២០២៥នេះ កម្ពុជានាំចេញកង់ទៅកាន់បណ្ដាប្រទេសដៃគូ ក្នុងទឹកប្រាក់ចំនួន ៥០២.៨៥លានដុល្លារ កើនឡើងរហូតដល់ចំនួន៤៧.៦៦% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤ មានចំនួន ៣៤០.៥៥លានដុល្លារ។បើតាមក្រសួងពាណិជ្ជកម្ម, ទីផ្សារសំខាន់ៗដែលកម្ពុជា បាននាំចេញកង់រួមមាន៖ អាមេរិក អាល្លឺម៉ង់ បែលហ្ស៊ិក អង់គ្លេស និងហូឡង់ ខណៈកម្ពុជា នាំចូលកង់មកវិញ រួមមាន៖ ជប៉ុន ចិន វៀតណាម ថៃ និងអាមេរិកជាដើម។សូមរំលឹកថា សហភាពអឺរ៉ុបបានអនុញ្ញាតឲ្យកម្ពុជា អាចប្រើប្រាស់វត្ថុធាតុដើម ឬគ្រឿងបង្គុំទោចក្រយាន (កង់) ដែលមានដើមកំណើតនៅប្រទេសវៀតណាម សម្រាប់យកមកផលិតទោចក្រយាននៅប្រទេសកម្ពុជា ដើម្បីនាំចេញទៅសហភាពអឺរ៉ុប។ការអនុញ្ញាតនេះ ធ្វើឲ្យទីផ្សារនាំចេញកង់កម្ពុជា កាន់តែមានភាពងាយស្រួលជាងមុន ដោយសារតែមានភាពងាយស្រួល ក្នុងការស្វែងរកប្រភពធាតុដើម ពីប្រទេសវៀតណាម ដែលជាប្រទេសជិតខាង។កម្ពុជាមានរោងចក្រ សម្រាប់ដំឡើងកង់ចំនួន៥ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង៖* ទី១៖ A AND J (CAMBODIA) CO.,LTD.* ទី២៖ SPEEDTECH INDUSTRIAL CO., LTD.* ទី៣៖ SMART TECH (CAMBODIA) CO.,LTD.* ទី៤៖ XDS BICYCLE (CAMBODIA) CO.,LTD* ទី៥៖ EVERGRAND BICYCLE (CAMBODIA) CO., LTD៕
វីដែអូ