ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចាត់ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយក សម្ភារៈនិងថវិកាមួយចំនួនជូនពលការិនីខ្មែរម្នាក់ ដែលចំណាកស្រុករងគ្រោះ ដោយអំពើរំលោភបំពានផ្លូវភេទយ៉ាងធ្ងន់ធ្ងរ ពេលកំពុងធ្វើដំណើរបម្រុងនឹងឆ្លងដែនមកកាន់ប្រទេសកំណើតវិញ ស្ថិតនៅតំបន់ព្រំដែនជាប់ ស្រុកកំរៀង ខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា ដែលបច្ចុប្បន្នត្រូវបានជួយសង្គ្រោះ និងសម្រាកព្យាបាលនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។ក្នុងឱកាសនៃការចុះសួរសុខទុក្ខនេះ លោកស្រីអគ្គេលេខាធិការ បាននាំយកនូវប្រសាសន៍សួរសុខទុក្ខ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនយុវនារីជាពលករចំណាកស្រុករងគ្រោះដោយអំពើរំលោភបំពាន និងបានលើកទឹកចិត្តដល់ស្ត្រីរងគ្រោះខាងលើ ឱ្យមានស្មារតីរឹងមាំ និងខិតខំថែរក្សាសុខភាពឆាប់ជាសះស្បើយឡើងវិញ។ជាកិច្ចឆ្លើយតបក្រុមគ្រួសារជនរងគ្រោះបានបង្ហាញភាពកក់ក្ដៅ និងថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានយកចិត្តទុកដាក់ពីសុខទុក្ខ និងលើកទឹកចិត្តដល់កូនស្រីរបស់គាត់នាពេលនេះ។សូមបញ្ជាក់ថាករណីខាងលើនេះ បានកើតឡើងកាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅតំបន់ព្រំដែនជាប់ខេត្តបាត់ដំបងនៃប្រទេសកម្ពុជា៕
វីដែអូ