ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរម្លឹកបន្ថែមដល់មន្ត្រីទទួលបន្ទុកព័ត៌មាន ត្រូវក្តាប់ឱ្យជាប់នូវព្រឹត្តិការណ៍ព័ត៌មានដែលបានកើតឡើង និងត្រូវចេះសម្រួចមុំព័ត៌មាន ឱ្យមានខ្លឹមសារល្អ ដើម្បីឆ្លើយតបនឹងតម្រូវការមិត្តអ្នកអាន មិត្តអ្នកស្តាប់។ ដូច្នេះ ការពង្រឹងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ជារឿងដ៏ចាំបាច់ដើម្បីធានាការផលិត និងផ្សព្វផ្សាយព័ត៌មានពិត មានគុណភាព និងមានសុវត្ថិភាព។លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ជាសេនាធិការចំណុះឱ្យក្រសួងព័ត៌មាន ដែលជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល ដែលមានន័យថា ជាសំឡេងរបស់រាជរដ្ឋាភិបាល ជាស្ថាប័ន ឬជាអង្គភាព ដែលធ្វើកិច្ចការងារបម្រើឱ្យរាជរដ្ឋាភិបាលទៅលើផ្នែកព័ត៌មាន ដែលចំណុចនេះយើងត្រូវតោងគិតថា តើការផលិតព័ត៌មានរបស់យើង គឺគ្រាន់តែជាការសរសេរព័ត៌មានដើម្បីគ្រាន់តែសរសេរ ហើយផ្សព្វផ្សាយបែបពិធីការ ឬក៏យើងត្រូវធ្វើយ៉ាងម៉េច។ការរម្លឹកបន្ថែមបែបនេះរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានធ្វើឡើងនៅក្នុងឱកាសអញ្ជើញទស្សនកិច្ចនៅអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ ស្របពេលដែលអគ្គនាយកដ្ឋានវិទ្យុជាតិ បានរៀបចំវគ្គទម្រង់ទិសលើគុណភាពនៃការសរសេរព័ត៌មាន និងការផលិតមាតិកាព័ត៌មានសម្រាប់អ្នកសរសេរអត្ថបទព័ត៌មាន។លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ក៏បានពញ្ញាក់ស្មារតីដល់មន្ត្រីទទួលបន្ទុកផ្នែកព័ត៌មាន មិនត្រូវសរសេរព័ត៌មានបែបពិធីការ និងមានមានខ្លឹមសារវែងអន្លាយពេកដែលនាំឱ្យមិត្តអ្នកអាន និងមិត្តអ្នកស្តាប់មានធុញទ្រាន់។ ដូច្នេះ ការចេះចាប់មុំព័ត៌មានល្អ គឺជារឿងចាំបាច់បំផុតនៅក្នុងដំណាក់កាលរីកចម្រើននៃប្រព័ន្ធផ្សព្វផ្សាយបែបទំនើប។ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានរម្លឹកបន្ថែមយ៉ាងដូច្នេះថា៖ «មុននឹងសរសេរព័ត៌មាន ត្រូវមានមុំ យើងទៅចូលរួមព្រឹត្តិការណ៍អីមួយ យើងបានតែព័ត៌មានមួយគត់ មូលហេតុទី១៖ ទៅយកព័ត៌មានមែន ប៉ុន្តែ ព្យាយាមទៅរកសន្ទរកថា អត់អង្គុយស្តាប់ទេ ចំណុចហ្នឹងខុសមួយ, ទី២៖ ចូលទៅយកព័ត៌មាន ស្តាប់ ប៉ុន្តែ ផ្តោតតែលើប្រធានបទដែលបានចូលរួម។ ដូច្នេះ អ្វីដែលយើងត្រូវធ្វើគឺការក្តាប់ឱ្យជាប់មុំព័ត៌មាន កាលដែលយើងចាប់ផ្តើមសរសេរព័ត៌មាន គឺត្រូវតែក្តាប់មុំព័ត៌មាន មុំរបស់យើង គឺមុំ ៣៦០ឌឺក្រេ»។លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានលើកឡើងថា ដើម្បីសរសេរព័ត៌មានប្រកបដោយខ្លឹមសារល្អ និងមានការចាប់ អារម្មណ៍ពីសាធារណជន អ្នកសារព័ត៌មានចាំបាច់ត្រូវសម្រួចលើមុំព័ត៌មាននៃព្រឹត្តិការណ៍ដែលកើតឡើង ដោយព្រឹត្តិការណ៍កើតឡើងនឹងមានមុំព័ត៌មានច្រើនឱ្យអ្នកសារព័ត៌មានជ្រើសរើស ហើយការជ្រើសរើសមុំសរសេរព័ត៌មាន គឺត្រូវឈរលើមូលដ្ឋាននៃតម្លៃព័ត៌មាន។ មិនមែនគ្រប់ព័ត៌មានដែលយើងបានឮ បានដឹង និងបានឃើញ សុទ្ធតែមានតម្លៃដែលត្រូវសរសេរជាព័ត៌មាននោះទេ ហើយថា អ្នកសារព័ត៌មានអាជីពបានកំណត់លក្ខខណ្ឌមួយចំនួនដើម្បីសម្រេចថាតើ ព័ត៌មានដែលពួកគេបានឃើញ បានឮ និងបានដឹងនោះ គួរត្រូវសរសេរដើម្បីបោះពុម្ពផ្សាយនៅលើទំព័រសារព័ត៌មានដែរ ឬទេ៕
វីដែអូ