ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកឡើងថា ឆ្នាំ២០២៥ គឺជាឆ្នាំពិន័យ ទៅលើចៅក្រម និងព្រះរាជអាជ្ញាដែលអនុវត្តខុស ហើយក្នុងនោះចៅក្រមជាង១០នាក់ និងព្រះរាជអាជ្ញា ជាង១០នាក់ត្រូវបានដាក់ពិន័យរួចហើយ។ការថ្លែងបែបនេះរបស់លោករដ្ឋមន្ត្រី បានធ្វើឡើងឱកាសអញ្ជើញចែករំលែកទស្សនៈទាន ស្តីពីការកែទម្រង់វិស័យយុត្តិធម៌ ដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ត និងវិទ្យាសាស្រ្ត នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥។លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ដូច្នេះថា៖ «ក្រោយមហាសន្និបាតការងារវិស័យយុត្តិធម៌ ក្នុងឆ្នាំ២០២៤ ថ្នាក់ដឹកនាំក្នុងវិស័យយុត្តិធម៌ បានសម្រេចចិត្តជានយោបាយ ដោយចាត់ទុកថា ចាប់ពីពេលសន្និបាតទៅ គឺជាឆ្នាំវិន័យសម្រាប់ចៅក្រម និងព្រះរាជអាជ្ញា តាមរយៈអភិក្រម «ត្រីស្អុយមួយ គឺស្អុយទាំងអស់ គឺត្រូវតែដកត្រីដែលស្អុយមួយចេញ កុំឱ្យប៉ះពាល់ត្រីដទៃទៀត»។ ចៅក្រមណាធ្វើមិនត្រូវ បណ្ដេញចេញ បើឃើញថាខុសកម្រិតធ្ងន់»។ក្រោយអនុវត្តអភិក្រមនេះ ចៅក្រមប្រមាណជាង ១០នាក់ និងព្រះរាជអាជ្ញាជាង ១០នាក់ បានទទួលពិន័យរួចទៅហើយ។ នេះបើតាមការបញ្ជាក់របស់លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ៕
វីដែអូ