ភ្នំពេញ)៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមជម្រាបជូនជនរួមជាតិ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា ពាក់ព័ន្ធនឹងការងារវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះ បង្គោលព្រំដែនលេខ42-47 ភាគីកម្ពុជា និងភាគីថៃ បានឯកភាពគ្នាបញ្ជូនក្រុមវាស់វែងចម្រុះចុះអនុវត្តការងារលើដីជាក់ស្តែងដើម្បីឈានទៅរកការដោះស្រាយលើបញ្ហានៅភូមិជោគជ័យ និងភូមិព្រៃចាន់ ស្ថិតក្នុង ភូមិសាស្ត្រឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ក្នុងន័យនេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមជម្រាបនិងបញ្ជាក់ជូនជនរួមជាតិ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា៖១- ពាក់ព័ន្ធការងារវាស់វែងនិងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរ បានចាប់ផ្តើមចុះអនុវត្តការងារនៅលើដីជាក់ស្តែងចាប់តាំងពីឆ្នាំ២០០៦មកម្លេះ ដើម្បីវាស់វែង និងស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែន(បេតុង)ចំនួន ៧៤បង្គោល ដែលបានបោះដោយ គណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម នៅចន្លោះឆ្នាំ១៩១៩-១៩២០។ ការងារវាស់វែង និងស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនទាំងនេះ ដែលក្នុងនោះរួមទាំងបង្គោល ព្រំដែនលេខ៤២ ដល់៤៧ ផងដែរ គឺធ្វើឡើងយ៉ាងហ្មត់ចត់និងទទួលខុសត្រូវខ្ពស់បំផុត ដោយឈរលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង ជាពិសេសកំណត់ហេតុ (Procès Verbaux) បោះបង្គោលរបស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨-១៩០៩ និងគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩១៩-១៩២០។២- កិច្ចការដែលក្រុមវាស់វែងចម្រុះបានអនុវត្តនាពេលកន្លងមក ជាពិសេសនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ42-47 ភាគីទាំងពីរបានត្រឹមតែចុះអនុវត្តការងារស្វែងរុករកទីតាំងពិតប្រាកដ នៃបង្គោលព្រំដែនតែប៉ុណ្ណោះ និងមិនទាន់បានអនុវត្តការងារខណ្ឌសីមាលើដីជាក់ស្តែងនៅឡើយ។៣- ភាគីទាំងពីរបានឯកភាពបញ្ជូនក្រុមការងារចុះរៀបចំផែនការ និងអនុវត្តការងារលើដីជាក់ស្តែងចាប់ពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន នៅចន្លោះបង្គោលព្រំដែន លេខ42-47 ស្ថិតក្នុងភូមិសាស្ត្រ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ គឺជាការបន្តអនុវត្ត ការងារជាជំហានៗដើម្បីឈានទៅដល់ការខណ្ឌសីមាលើដីជាក់ស្តែងស្របតាមខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០០ ស្របតាមបែបបទការងារ (TOR) ឆ្នាំ២០០៣ និងស្របតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំ JBC នាពេលកន្លងមក ព្រមទាំងអនុវត្តតាមបែបបទ ណែនាំបច្ចេកទេស (Technical Instruction) ដែលភាគូទាំងពីរបានឯកភាពគ្នា។ឆ្លៀតក្នុងឱកាសនេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមអំពាវនាវដល់ជនរួមជាតិ និងសាធារណជន ទាំងអស់មេត្តាជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា ដែលជានិច្ចកាលតែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ ឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេសការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ដោយប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ គោរពគោលការណ៍ព្រំដែនមិនកែប្រែ និងខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដែល បន្សល់ទុកដោយគណៈកម្មការព្រំដែនរវាងឥណ្ឌូចិន-សៀម។សេចក្តីដូចបានជម្រាប និងបញ្ជាក់ជូនខាងលើ សូមជនរួមជាតិ និងសាធារណជនទាំងអស់ជ្រាប ជាព័ត៌មាន ហើយ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមលើកទឹកចិត្តឱ្យមានការចែករំលែក និងផ្សព្វផ្សាយ សេចក្តីប្រកាសព័ត៌មាននេះឱ្យបានទូលំទូលាយ៕
វីដែអូ