ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សគណបក្សប្រជាជនកម្ពុជា ត្រូវបានបោះឆ្នោតបន្ត ជាអនុប្រធានគណៈកម្មាធិការប្រតិបត្តិ និងមហាសន្និបាត នៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) សម្រាប់អាណត្តិ៤ឆ្នាំ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្ដីពីកិច្ចប្រជុំ CDI-IDC នៅទីក្រុងសៅប៉ៅឡូ ប្រទេសប្រេស៊ីល នៅថ្ងៃទី២០-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា «គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ត្រូវបានបោះឆ្នោតបន្តជាអនុប្រធាន CDI-IDC សម្រាប់អាណត្តិ៤ឆ្នាំ (២០២៥-២០២៩) ដោយមាន លោក សួស យ៉ារ៉ា ជាតំណាងរបស់គណបក្សប្រជាជនកម្ពុជា»។មហាសន្និបាត CDI-IDC ដែលមានសមាជិក១០៥គណបក្ស មកពី៨២ប្រទេស បានបោះឆ្នោតជ្រើសរើស លោក Andres Pastrana អតីតប្រធានាធិបតីកូឡុំប៊ី ជាប្រធានសារជាថ្មី ដោយសម្លេងឯកច្ឆ័ន្ទ និងបានបោះឆ្នោត ជ្រើសរើសសមាជិកគណៈកម្មាធិការប្រតិបត្តិចំនួន១៦រូប មកពីប្រទេសអាល់បានី អង់ហ្គោឡា អាហ្សង់ទីន ប្រេស៊ីល កម្ពុជា ឆាដ កូស្តារីកា កូដឌីវ័រ ក្រូអាស៊ី ហុងគ្រី ឥណ្ឌូនេស៊ី លីបង់ ម៉ិកស៊ិកកូ ម៉ារ៉ុក ប៉េរ៉ូ និងស្លូវេនី ក្នុងនោះមានឥស្សរជនថ្នាក់ដឹកនាំសំខាន់ៗ រួមមាន លោក Victor Orban នាយករដ្ឋមន្ត្រីហុងគ្រី លោក Andrej Plenković នាយករដ្ឋមន្ត្រីក្រូអាត លោក Janez Jansa អតីត នាយករដ្ឋមន្ត្រីស្លូវេនី ព្រមទាំងបានជ្រើសតាំង លោក Antonio Lopez Isturiz ជាអគ្គលេខាធិការ។លោក Andres Pastrana ប្រធាន CDI-IDC និងសមាជិកគណៈកម្មាធិការប្រតិបត្តិ បានសម្តែងនូវការកោតសរសើរនិងគាំទ្រចំពោះជំហរអត់ធ្មត់ ជាអតិបរិមារបស់កម្ពុជា ក្រោមការ ដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានបង្ហាញដល់ ពិភពលោកនូវគុណតម្លៃ នៃភាពជាអ្នកដឹកនាំនិយមកណ្តាល ក្នុងការតម្កល់ផលប្រយោជន៍ ប្រជាជនជាស្នូល ការដោះស្រាយជម្លោះដោយសន្តិវិធី និងការគោរពនូវគោលការណ៍សន្តិសហវិជ្ជមានជាមួយនឹងប្រទេស ជិតខាង ដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្នុងតំបន់រយៈពេលវែង៕
វីដែអូ