ថ្ងៃពុធ ទី២៦ ខែវិច្ឆិការ ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
គ្រោះថ្នាក់ចរាចរណ៍កើនឡើង! ឧបនាយករដ្ឋមន្ដ្រី ស សុខា សម្រេចឲ្យនគរបាលអនុវត្តច្បាប់ចរាចរណ៍ឡើងវិញ តែមិនឱ្យផាកពិន័យឡើយ គ្រាន់តែអប់រំណែនាំ
Tue,25 November 2025 (Time 10:16 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 5នាក់)

ភ្នំពេញ)៖ ដោយមើលឃើញពីអត្រាគ្រោះថ្នាក់ចរាចរណ៍នាពេលបច្ចុប្បន្នមានការកើនឡើង និងជាសញ្ញាគួរឲ្យព្រួយបារម្ភនោះ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្ដល់គោលការណ៍ណែនាំឲ្យនគរបាលចរាចរណ៍ អនុវត្តការរឹតបន្ដឹងច្បាប់ចរាចរណ៍ឡើងវិញជាបណ្ដើរៗ បន្ទាប់ពីការអនុវត្តនេះត្រូវបានផ្អាកសកម្មភាពមួយរយៈពេលកន្លងទៅ។

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងយ៉ាងដូច្នេះថា «ការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រូវបានដាក់ឲ្យអនុវត្តឡើងវិញហើយ ក្រោយពីត្រូវបានផ្អាកសកម្មភាពមួយរយៈ។ បច្ចុប្បន្ននៅតាមគោលដៅមួយចំនួនក្នុងប្រទេសកម្ពុជា មន្ត្រីនគរបាលចរាចរណ៍បាននិងកំពុងអនុវត្តវិធានការច្បាប់នេះ ជាបណ្តើរៗផងដែរ។ ការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនេះ ស្របតាមស្មារតីនៃគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ»។

ជាមួយនឹងការអនុវត្តរឹងបន្ដឹងច្បាប់ចរាចរណ៍នេះ លោក ទូច សុឃៈ បានអះអាងថា មន្ដ្រីនគរបាលចរាចរណ៍ មិនតម្រូវឲ្យផាកពិន័យអ្នកបើកបរល្មើសច្បាប់ចរាចរណ៍នោះទេ ពោលគ្រាន់តែធ្វើការអប់រំផ្សព្វផ្សាយ ដល់អ្នកបើកបរទាំងអស់ ឲ្យបានយល់អំពីច្បាប់ចរាចរណ៍តែប៉ុណ្ណោះ។

បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ, រយៈពេលត្រឹមតែ ៧ថ្ងៃ គិតចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស បានបន្តកើតឡើងចំនួន៦៩ករណី បណ្តាលឲ្យមានមនុស្សស្លាប់ចំនួន ៤៤នាក់ និងរងរបួសធ្ងន់ស្រាលចំនួន១២០នាក់។

ករណីគ្រោះថ្នាក់ចរាចរណ៍នោះ រួមមាន នៅថ្ងៃទី១៧វិច្ឆិកា មាន៨ករណី ស្លាប់៥នាក់ របួស៩នាក់ ថ្ងៃទី១៨ មាន៧ករណី ស្លាប់១នាក់ របួស៩នាក់ ថ្ងៃទី១៩ មាន១៤ករណី ស្លាប់៥នាក់ របួស២៥នាក់ ថ្ងៃទី២០ មាន១៤ករណី ស្លាប់១៩នាក់ របួស៤២នាក់ ថ្ងៃទី២១ មាន៩ករណី ស្លាប់៧នាក់ របួស១៤នាក់ ថ្ងៃទី២២ មាន៧ករណី ស្លាប់២នាក់ របួស១០នាក់ និងថ្ងៃទី២៣ វិច្ឆិកា មាន១០ករណី ស្លាប់៥នាក់ របួស១១នាក់។

គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើង បណ្តាលឲ្យមានមនុស្សស្លាប់ និងរងបួសជាច្រើននាក់ក្នុងរយៈពេល៧ថ្ងៃមុននេះ គឺមាននៅតាមមូលដ្ឋានជាអាទិ៍ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ ព្រះសីហនុ កែប កំពត កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង រតនគិរី ក្រចេះ កំពង់ចាម និងខេត្តព្រៃវែង។

ខណៈគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បន្តក្រើនរំលឹក និងទទូចអំពាវនាវទៅកាន់អ្នកបញ្ជាយានយន្ត និងអ្នកដំណើរលើដងផ្លូវទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ និងមានស្មារតីបង្កើនការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលា មិនថានៅលើផ្លូវល្បឿនលឿន ផ្លូវជាតិ ផ្លូវខេត្ត ឬផ្លូវតាមសហគមន៍ភូមិ ឃុំ ក៏ដោយ ក៏ត្រូវតែប្រុងប្រយ័ត្នជានិច្ច គឺដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដ៏ទៃ៕

វីដែអូ