ថ្ងៃច័ន្ទ ទី០១ ខែធ្នូ ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដឹកនាំក្រុមគ្រូពេទ្យសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋចំនួន ២,៨០១នាក់ ដោយឥតគិតថ្លៃ នៅស្រុកឆ្លូង ខេត្តក្រចេះ
Sun,30 November 2025 (Time 04:30 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 8នាក់)

ក្រចេះ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ (TYDA) នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥អញ្ជើញដឹកនាំក្រុមគ្រូពេទ្យ TYDA ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋថា ការចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋដល់មូលដ្ឋាននេះ គឺស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ខិតសេវាសុខាភិបាល មានបង្កើតមន្ទីរពេទ្យបង្អែកតាមស្រុក រួមទាំងប៉ុស្តិ៍សុខភាព និងមណ្ឌលសុខភាព ជូនប្រជាពលរដ្ឋឲ្យកាន់តែជិត ក្នុងការពិនិត្យ និងព្យាបាលជំងឺរបស់ពួកគេ ហើយក៏បានកាត់បន្ថយការចំណាយទាំងថវិកា និងពេលវេលា។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបន្តថា មួយវិញទៀត កិច្ចគាំពារសុខមាលភាពសង្គមនេះ គឺជាការគិតគូរយ៉ាងយកចិត្តទុកដាក់ ពីសំណាក់រាជរដ្ឋាភិបាល ដូចនេះហើយទើបសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញដល់ពេទ្យ TYDA ចូលរួមក្នុងការងារលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋ។

ជាមួយនេះ លោកជំទាវបណ្ឌិត ក៏បានអំពាវនាវប្រជាពលរដ្ឋ សូមបន្តខិតខំថែរក្សាសុខភាព តាមរយៈការហាត់ប្រាណប្រចាំថ្ងៃ ការធ្វើអនាម័យជាប្រចាំ ការបរិភោគកុំប្រៃពេក ផ្អែមពេក និងខ្លាញ់ពេក សូមកាត់បន្ថយនូវរសជាតិ ដើម្បីការពារសុខភាពពីជំងឺផ្សេងៗ រួមទាំងជំងឺមិនឆ្លងផងដែរ។

បើតាមការបញ្ជាក់របស់លោក វ៉ា ថន អភិបាលខេត្តក្រចេះ នៅនាពេលនេះប្រជាពលរដ្ឋដែលត្រូវទៅទទួលសេវាសុខាភិបាល មានការពិនិត្យ និងការព្យាបាលជំងឺ ពីសំណាក់ គ្រូពេទ្យ TYDA មានប្រមាណជិត ៣ពាន់នាក់។ ឆ្លៀតក្នុងឱកាសនោះសូមថ្លែងអំណរគុណដល់សម្ដេចតេជោ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ដែលបានគិតគូរពីសុខភាពរបស់ប្រជាពលរដ្ឋ ហើយបានបញ្ជូនពេទ្យ TYDA ចុះព្យាបាលជំងឺដល់ពលរដ្ឋ នៅតាមមូលដ្ឋានដោយផ្ទាល់។

ចំពោះការយកចិត្ដទុកដាក់ដោយមិនរំលងពីសំណាក់ថ្នាក់ដឹកនាំនេះ បានធ្វើឱ្យប្រជាពលរដ្ឋមានភាពកក់ក្ដៅ និងរីករាយជាខ្លាំង ហើយក្នុងឱកាសនោះដែរ ប្រជាពលរដ្ឋដែលបានទៅទទួលសេវាសុខាភិបាលដោយឥតគិតថ្លៃពី ក្រុមគ្រូពេទ្យ TYDA បានលើកឡើងថាសម្ដែងការថ្លែងអំណរគុណ និងដល់គុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងក្រុមគ្រូពេទ្យទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចុះមកបម្រើសេវាសុខាភិបាលដល់ភូមិឋានរបស់អ្នកស្រុកឆ្លូងតែម្ដង ដែលនេះបានជួយដល់លើកកម្ពស់ទាំងសុខភាពផ្លូវការ និងផ្លូវចិត្ដរបស់ប្រជាពលរដ្ឋ ពិសេសការកាត់បន្ថយការចំណាយផ្សេងៗ រួមទាំងថវិកាធ្វើដំណើររបស់ប្រជាពលរដ្ឋយើងពេលទៅទទួលសេវាថែមទៀត ។នេះជាការជួយប្រជាពលរដ្ឋពិតៗពិសេសមនុស្សចាស់ជរា គ្មានទីពឹងផងដែរ។

គួរបញ្ជាក់ថា សម្រាប់ប្រភេទជំងឺដែលក្រុមគ្រូពេទ្យស្ម័គ្រិចិត្តសម្ដេចតេជោ សរុបជាង ៣៤០នាក់ ចុះជួយពិនិត្យ និងព្យាបាលជំងឺពលរដ្ឋនោះ រួមមានជំងឺទូទៅ ជំងឺមាត់ធ្មេញ ត្រចៀក ច្រមុះ បពង់ក ជំងឺភ្នែក ជំងឺរោគស្រ្តី អេកូសាស្ត្រ វះកាត់តូច ជំងឺបេះដូង ជំងឺសើស្បែក ជំងឺឬសដូងបាត ជំងឺសន្លាក់ មន្ទីរពិសោធន៍ ថតកាំរស្មី និងផ្នែកកុមារ ដែលមានការពិនិត្យជំងឺសរុបចំនួនជាង ៤,៦០០ករណី ខណៈអ្នកជំងឺចំនួន ៤២នាក់ ត្រូវបានបញ្ជូនទៅព្យាបាលបន្តនៅរាជធានីភ្នំពេញ ក្រោមការជួយផ្គត់ផ្គង់ ពីសំណាក់សម្ដេចធិបតី និងលោកជំទាវ ទាំងការព្យាបាល និងហូបចុកស្នាក់នៅដោយឥតគិតថ្លៃ។

សូមជម្រាបផងដែរថា បន្ទាប់ពីចុះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដឹកនាំក្រុមគ្រូពេទ្យសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋជិត ៣ពាន់នាក់ ដោយឥតគិតថ្លៃ ស្រុកឆ្លូង ខេត្តក្រចេះ នៅព្រឹកដដែលនេះ លោកជំទាវបណ្ឌិតក៏បានអញ្ជើញប្រគល់ផ្ទះមួយខ្នង ថ្មីដែលជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ពដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដី ស្ថិតក្នុងភូមិព្រែកបេង ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះផងដែរ។

លើសពីនោះលោកជំទាវបណ្ឌិត ក៏បានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ ជូនដល់ក្រុមគ្រួសារខាងលើបន្ថែមទៀត៕

វីដែអូ