ថ្ងៃសៅរ៍ ទី០៨ ខែវិច្ឆិការ ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
ផ្លូវក្រវ៉ាត់ព្រំដែន កម្ពុជា-ឡាវ ព្រំប្រទល់ខេត្តព្រះវិហារ-ស្ទឹងត្រែង ទៅបន្ទាយស្រមោច ស្រុកជាំក្សាន្ត ជួសជុលរួចរាល់១០០%,លោក សំ លាងទ្រី អំពាវនាវប្រជាពលរដ្ឋចូលរួមថែរក្សាទាំងអស់គ្នា ប្រយោជន៍ឱ្យការប្រើប្រាស់បានយូរអង្វែង
Mon,03 November 2025 (Time 04:50 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 20នាក់)

ព្រះវិហារ)៖ កំណាត់ផ្លូវជាតិលេខ៩២ តភ្ជាប់ពីព្រំប្រទល់ខេត្តព្រះវិហារ-ស្ទឹងត្រែង ឆ្លងកាត់ឃុំកំពង់ស្រឡៅ១ ឃុំកំពង់ស្រឡៅ២ ក្នុងភូមិសាស្ត្រស្រុកឆែប ខេត្តព្រះវិហារ ជាប់ព្រំដែនឡាវ ទៅកាន់តំបន់បន្ទាយស្រមោច ក្នុងឃុំទឹកក្រហម ស្រុកជាំក្សាន្ត ត្រូវបានក្រុមការងារជួសជុលថែទាំផ្លូវថ្នល់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ធ្វើការជួសជុលរួចរាល់១០០% ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលមានបំណងទៅលេងកំសាន្តរមណីដ្ឋានទឹកធ្លាក់ព្រះនិម្មិត និងព្រំដែនឡាវ។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឱ្យដឹង នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា៖ «បន្ទាប់ពីអាកាសធាតុអំណោយផលគ្មានភ្លៀងអស់រយៈពេល៧ថ្ងៃ កន្លងមកនេះ ក្រុមការងារថែទាំផ្លូវថ្នល់នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានធ្វើសកម្មភាពបញ្ចប់ទាំងស្រុង១០០% នូវការងារជួសជុល និងកែលម្អកំណាត់ផ្លូវជាតិលេខ៩២ ដែលមានប្រវែង៩២.២គីឡូម៉ែត្រ ដែលជាផ្លូវក្រវាត់ព្រំដែនយ៉ាងសំខាន់ តភ្ជាប់ពីព្រំប្រទល់ ខេត្តព្រះវិហារ-ស្ទឹងត្រែង ទៅតំបន់បន្ទាយស្រមោច ក្នុងស្រុកជាំក្សាន្ត»។

ប្រធានមន្ទីរបានបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៩២នេះ បានទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារជំនន់ទឹកភ្លៀងកន្លងទៅ ដែលជាមូលហេតុធ្វើឱ្យប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ ជាពិសេសនៅតាមចំណុចមួយចំនួន។ ដូច្នេះក្រោយភ្លៀងចាប់ផ្តើមរាំងភ្លាម ក្រុមការងារក៏បានសម្រុកធ្វើការជួសជុលថែទាំផ្លូវនេះ ដោយថែមល្បាយដី កៀរសម្រួល ស្រោចទឹក កិនបង្ហាប់ ក្នុងគោលបំណងធានាសុវត្ថិភាពសម្រាប់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋឡើងវិញ។

លោក សំ លាងទ្រី បានថ្លែងថា ក្រោមការណែនាំពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ក៏ដូចជានាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ មន្ទីរបានយកចិត្តទុកដាក់ធ្វើការជួសជុល ថែទាំផ្លូវ ដែលគ្រប់គ្រងដោយមន្ទីរ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនរបស់ប្រជាពលរដ្ឋមានភាពងាយស្រួល។

លោកក៏បានថ្លែងអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមមេត្តាចូលរួមថែរក្សាទាំងអស់គ្នា ប្រយោជន៍ឱ្យការប្រើប្រាស់បានគង់វង្សយូរអង្វែង ដោយកុំចាក់ដីខ្ពស់ជាងផ្លូវ សម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួន កុំចាក់ដីលុបលូ ឬលុបប្រឡាយបង្ហូរទឹក ដែលជាហេតុបង្កឱ្យមានការស្ទះ និងជន់លិចធ្វើឱ្យផ្លូវឆាប់ខូចខាតឡើងវិញ សូមកុំដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ ដើម្បីរក្សាគុណភាព និងអាយុជីវិតរបស់ផ្លូវជាតិ ពិសេសសូមចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លុវគោកទាំងអស់គ្នា៕

វីដែអូ