ថ្ងៃសៅរ៍ ទី០៨ ខែវិច្ឆិការ ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
បណ្តាក្រុមហ៊ុន, ឧកញ៉ា និងអ្នករកស៊ីតាមអនឡាញមួយចំនួន ផុសផុលប្រកាសទិញស្រូវពីកសិករ ដើម្បីជួយដោះស្រាយបញ្ហាស្រូវ
Mon,03 November 2025 (Time 04:51 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 16នាក់)

ភ្នំពេញ)៖ បន្ទាប់កសិករបានជួបបញ្ហាស្រូវធ្លាក់តម្លៃខ្លាំង ដោយសារចរន្តទីផ្សារអន្តរជាតិ ប៉ុន្មានថ្ងៃចុងក្រោយនេះ បណ្តាក្រុមហ៊ុន ឧកញ៉ាៗ និងអ្នករកស៊ីតាមអនឡាញមួយចំនួន បានផុសផុលក្នុងប្រកាសទិញស្រូវពីកសិករ ខណៈអ្នកខ្លះបានឱ្យតម្លៃលើសពីទីផ្សារបច្ចុប្បន្ន ដើម្បីជាការជួយដល់កសិករ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានប្រកាសថានឹងប្រមូលទិញស្រូវពីកសិករ ប្រមាណ៣ម៉ឺនតោន ក្នុងតម្លៃ៩៥០រៀលក្នុងមួយគីឡូក្រាម ដើម្បីចំណែកដោះស្រាយបញ្ហាទីផ្សារស្រូវនាពេលបច្ចុប្បន្ននេះ។ លោកបានលើកឡើងថា បញ្ហាស្រូវធ្លាក់ថ្លៃ គួររួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាដោះស្រាយ ជាជាងរួមគ្នាបន្ទោសតែក្រសួងកសិកម្ម។

លោកបានសរសេបញ្ជាក់យ៉ាងដូច្នេះថា «ក្រុមហ៊ុនវីរ:ប៊ុនថាំជាក្រុមហ៊ុនដំបូងបំផុត ដែលហ៊ានទិញស្រូវពីកសិកររតំលៃ ៩៥០រៀល ចំនួន៣០ ០០០តោន ព្រោះចង់ជួយកសិករ។ ស្រូវធ្លាក់ថ្លៃគួររួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាដោះស្រាយ ជាជាងរួមគ្នាបន្ទោសតែក្រសួងកសិកម្ម»។

ទន្ទឹមគ្នានេះ ឧកញ៉ា នឹម វណ្ណៈ ប្រធានក្រុមហ៊ុន អេស៊ីអ៊ីគ្រុប បានប្រកាសប្រមូលទិញពីកសិករផងដែរ ដោយលោកស្រីមានគម្រោងទិញ ស្រូវអូអឹម ៥៤-៥១ និងស្រូវស្រង៉ែ ចំនួន ១០០តោន ក្នុងតំលៃ១គីឡូ ៨០០រៀលសម្រាប់ស្រូវសើម និងស្រូវស្ងួតក្នុងតំលៃ ១០០០រៀលក្នុងមួយគីឡូក្រាម សម្រាប់នៅវគ្គទី១ ដើម្បីចូលរួមជួយកសិករខ្មែរ។ ការចូលរួមជួយទិញស្រូវនេះ គឺលោកស្រីយកទៅចែកជូនបងប្អូនវិរៈកងទ័ពជួរមុខក្នុង១នាក់ ចំនួន ២៥គីឡូក្រាម។ សម្រាប់កសិករដែលមានបំណងចង់លក់ស្រូវ អាចទាក់ទងទៅកាន់លោកស្រី តាមរយៈលេខ ០៧៧ ៨២១ ៤៥៣។

ចំណែកលោកស្រី ទ្រី ដាណា ដែលគេស្គាល់ថា អ្នកលក់អនឡាញល្បីឈ្មោះមួយរូបនៅកម្ពុជា ក៏ប្រកាសជួយទិញស្រូវកសិករ ក្នុងតម្លៃពី៨០០រៀលទៅ១០០០រៀល ក្នុងមួយគីឡូលក្រាមផងដែរ។

រីឯក្រុមហ៊ុន ស្រាបៀរ GANZBERG ដែលជាក្រុមហ៊ុនផលិតក្នុងស្រុកមួយ បានប្រកាសពីគំនិតផ្តួចផ្តើមដ៏គួរឲ្យកោតសរសើរមួយ ដោយសម្រេចចិត្ត ទិញស្រូវពីកសិករខ្មែរ ក្នុងបរិមាណរហូតដល់ ១០០តោន។

យោងតាមសេចក្ដីប្រកាសផ្លូវការ ក្រុមហ៊ុន GANZBERG នឹងទិញស្រូវទាំងនេះក្នុងតម្លៃ ១០០០រៀល ក្នុងមួយគីឡូក្រាម ដែលជាការផ្ដល់តម្លៃបន្ថែម និងក្ដីសង្ឃឹមជូនដល់កសិករ ដោយសារតម្លៃទិញនេះអាចខ្ពស់ជាងតម្លៃទីផ្សារធម្មតា។ គោលបំណងសំខាន់នៃយុទ្ធនាការនេះ គឺដើម្បីចូលរួម លើកស្ទួយជីវភាព របស់បងប្អូនកសិករខ្មែរ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះផលិតផលកសិកម្មជាតិ។

ជុំវិញការប្រកាសជួយទិញស្រូវកសិករនេះ ក្នុងស្មារតីខ្មែរតែ១! គាំទ្រផលិតផលខ្មែរ! ក្រុមហ៊ុន វឌ្ឍនៈ បានប្រកាសជួយកសិករខ្មែរ ទិញស្រូវចំនួន ១០០ តោន ក្នុងតម្លៃ ១,០០០ រៀលក្នុងមួយគីឡូ។

ក្រៅពី បណ្តាក្រុមហ៊ុន ឧកញ៉ា និងអ្នករកស៊ីតាមអនឡាញទាំងនេះ ក៏មានបុគ្គលផ្សេងទៀតប្រកាសជួយទិញជាបន្តបន្ទាប់ផងដែរ។

យោងតាមការកត់ត្រា តម្លៃស្រូវប្រចាំថ្ងៃរបស់សហព័ន្ធស្រូវអង្ករកម្ពុជា តម្លៃស្រូវសើម នៅតាមស្រុកនៃខេត្តមួយចំនួន ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្រូវផ្ការំដួល មានតម្លៃចន្លោះពី ៩៥០រៀលទៅ១០៣០រៀល ក្នុងមួយគីឡូក្រាមទៅតាមតំបន់ , ស្រូវអូអឹម តម្លៃចន្លោះពី ៦១០រៀលទៅ ៦៥០រៀលក្នុងមួយគីឡូក្រាមទៅតាមតំបន់ , ស្រូវកែង តម្លៃចន្លោះពី ៦៥០ទៅ៨០០រៀលក្នុងមួយគីឡូក្រាមទៅតាមតំបន់, និងស្រូវស្រង៉ែ តម្លៃចន្លោះពី ៦៤០ទៅ៦៦០រៀលក្នុងមួយគីឡូក្រាមទៅតាមតំបន់។

ឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា តម្លៃស្រូវបច្ចុប្បន្ននេះ បានធ្វើឱ្យកសិកររងការខាតបង់។ យ៉ាងណាមិញ ដើមហេតុចម្បងដែលនាំឱ្យតម្លៃស្រូវក្នុងឆ្នាំ២០២៥នេះ ធ្លាក់យ៉ាងគំហុក គឺដោយសារការកើនឡើងនៃផលិតកម្មស្រូវរបស់បណ្តាប្រទេសផលិតស្រូវធំៗ ខណៈបច្ចុប្បន្ន សហព័ន្ធស្រូវកម្ពុជា កំពុងធ្វើការងារជាមួយក្រសួងស្ថាប័នពាក់ព័ន្ធជាពិសេសក្រសួងកសិកម្ម ដើម្បីរកដំណោះស្រាយលើបញ្ហានេះ៕

វីដែអូ