ថ្ងៃសុក្រ ទី០៧ ខែវិច្ឆិការ ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
កម្ពុជា-សហរដ្ឋអាមេរិក បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ
Tue,04 November 2025 (Time 06:56 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 13នាក់)

ភ្នំពេញ)៖ កម្ពុជា និងសហរដ្ឋអាមេរិក ប្រកាសបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ។ ការប្រកាសបានធ្វើឡើង ក្នុងជំនួបសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសហរដ្ឋអាមេរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។

ក្នុងជំនួបនោះ សម្ដេចមហាបវរធិបតី និងគណៈប្រតិភូសហរដ្ឋអាមេរិក បានពិភាក្សាគ្នាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក ឱ្យកាន់តែស៊ីជម្រៅ នៅក្នុងវិស័យគន្លឹះ ជាពិសេសវិនិយោគ និងពាណិជ្ជកម្ម បន្ទាប់ពីប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ កាលពីថ្ងៃទី២៦ ខែតុលា នៅទីក្រុងគូឡាឡាំពួ។

លោកឧបការី ក៏បានពិភាក្សាជាមួយសម្ដេចមហាបវរធិបតី អំពីការតាមដានការអនុវត្តនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ដែលបានចុះហត្ថលេខាដោយសម្តេចបវរធិបតី និងឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ កាលពីថ្ងៃទី២៦ ខែតុលា ដោយមានការចូលរួមធ្វើជាសាក្សីដោយលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump និង លោកនាយករដ្ឋមន្រ្តី Anwar Ibrahim នៃប្រទេសម៉ាឡេស៊ី។

សម្ដេចមហាបវរធិបតី បានគូសបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាប្ដេជ្ញាអនុវត្តតាមសេចក្ដីថ្លែងការណ៍រួមនេះ ដោយពិតប្រាកដ និងដោយស្មោះត្រង់ ក្នុងបំណងធ្វើយ៉ាងណាធានាបាននូវសុខសន្តិភាព និងស្ថិរភាពរវាងកម្ពុជា-ថៃ និងប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់ដែលមានសុខសន្តិភាព និងការអភិវឌ្ឍ នាពេលបច្ចុប្បន្ន និងអនាគត។

ឆ្លៀតក្នុងឱកាសនោះ សម្ដេចមហាបវរធិបតី ក៏បានបញ្ជាក់ជូនគណៈប្រតិភូសហរដ្ឋអាមេរិកអំពីការវាយតម្លៃខ្ពស់ និងអរគុណយ៉ាងជ្រាលជ្រៅដល់សហរដ្ឋអាមរិក ជាពិសេសលោកប្រធានាធិបតី Donald J. Trump ដែលខិតខំស្វះស្វែងបង្កើតឱ្យមានកិច្ចព្រមព្រៀងឈប់បាញ់កម្ពុជា-ថៃ នៅថ្ងៃទី២៨ ខែកក្កដា និងសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ។

សម្តេចមហាបវរធិបតី បានគូសបញ្ជាក់ថា ជាមួយនឹងការពេញចិត្ត និងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅរបស់ប្រជាជនកម្ពុជាចំពោះលោកប្រធានាធិបតី Donald J. Trump, កម្ពុជា បានគាំទ្របេក្ខភាពលោកប្រធានាធិបតី សម្រាប់ពានរង្វាន់ណូបែលសន្តិភាព៕

វីដែអូ