វ៉ាស៊ីងតុន ឌីស៊ី)៖ បន្ទាប់ពីធ្វើដំណើរទៅដល់ទីរដ្ឋធានីវ៉ាស៊ីនតុន ឌីស៊ី ដើម្បីបន្តបេសកកម្មទាក់ទាញ និងជំរុញវិនិយោគក្នុងទឹកដីនៃសហរដ្ឋអាម៉េរិក លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូកម្ពុជា រួមមាន ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយលោក George A. Pickart នាយកគ្រប់គ្រងកិច្ចការរដ្ឋាភិបាល និងគោលនយោបាយសកលនៃក្រុមហ៊ុន GE Vernova ដែលជាក្រុមហ៊ុនឈានមុខគេផ្នែកបច្ចេកវិទ្យាថាមពល និងការអភិវឌ្ឍបណ្តាញអគ្គិសនីប្រកបដោយនិរន្តរភាព។ជាកិច្ចចាប់ផ្តើមលោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនលោក George អំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងប្រព័ន្ធថាមពលដែលមាន ស្ថិរភាព តម្លៃសមរម្យ និងជាមិត្តជាមួយបរិស្ថាន។ លោកក៏បានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់របស់ GE Vernova ក្នុងការជួយកម្ពុជាក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធបណ្តាញអគ្គិសនី (Grid Solutions) ដើម្បីអាចទទួលយកថាមពលកកើតឡើងវិញ (Renewable Energy) ដែលស្របតាមបដិបទសកលនាពេលបច្ចុប្បន្ន។ឆ្លៀតក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានសំណូមពរឱ្យ GE Vernova ពិចារណាពង្រីកសកម្មភាពវិនិយោគបន្ថែមពីលើវត្តមានបច្ចុប្បន្នរបស់ GE នៅកម្ពុជា ដោយផ្តោតលើការផ្តល់នូវដំណោះស្រាយដូចជា ប្រព័ន្ធគ្រប់គ្រងថាមពលវៃឆ្លាត (Smart Grid Solutions) ជាមួយនឹងការនាំចូលបច្ចេកវិទ្យាគ្រប់គ្រង និងផ្ទុកថាមពល (Energy Storage) ដើម្បីបង្កើនប្រសិទ្ធភាពការប្រើប្រាស់ថាមពលទូទាំងប្រទេស។ជាការឆ្លើយតបលោក George ដែលមានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងកិច្ចការរដ្ឋាភិបាលសកល បានសម្តែងការកត់សម្គាល់ខ្ពស់ចំពោះវឌ្ឍនភាពសេដ្ឋកិច្ចរបស់កម្ពុជា និងបានឯកភាពថា ការអភិវឌ្ឍវិស័យថាមពលគឺជាគន្លឹះនៃកំណើនសេដ្ឋកិច្ចនាពេលអនាគត។ ក្នុងនាម GE Vernova លោកក៏បានបង្ហាញឆន្ទៈក្នុងការបន្តផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេស និងការពិគ្រោះយោបល់ ដល់ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ពិសេសលើការរៀបចំគោលនយោបាយថាមពលរយៈពេលវែង និងការអនុវត្តស្តង់ដារអន្តរជាតិ។ជំនួបនេះបានសបញ្ជាក់អំពីការប្តេជ្ញាចិត្តរួមគ្នារវាងកម្ពុជា និង GE Vernova ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពូជា ក្នុងនាមជាសេនាធិការច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល នឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយ GE Vernova ដើម្បីធានាថា គម្រោងវិនិយោគបច្ចេកវិទ្យាថាមពលទំនើបត្រូវបានអនុវត្តដោយជោគជ័យ ស្របតាមទិសដៅនៃការប្រែប្រួលអាកាសធាតុសកល៕
វីដែអូ