ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ក្រសួងរៀបចំដែនដី បានសម្រេចឲ្យ ម្ចាស់សំណង់សាលាជ័យថាវី ធ្វើការរុះរើសំណង់របស់ខ្លួន ដោយសារតែបានសាងសង់បិទផ្លូវលេខ១៤៩ ដែលជាផ្លូវសាធារណៈ។តាមបណ្ដាញសង្គម នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបង្ហោះលិខិតរបស់ក្រសួងរៀបចំដែនដី ផ្ញើទៅកាន់អភិបាលរាជធានីភ្នំពេញ កាលពីខែមីនា ឆ្នាំ២០២៥ ដោយនៅក្នុងលិខិតនោះ ក្រសួងដែនដីបានប្រាប់ លោកអភិបាលថា ក្រុមការងារបច្ចេកទេស របស់អគ្គនាយកដ្ឋានសំណង់ សហការជាមួយអាជ្ញាធរដែនដី និងមន្ត្រីជំនាញពាក់ព័ន្ធ បានធ្វើការចុះពិនិត្យដល់ទីតាំង សាងសង់សំណង់អំពីដែក (សាលាជ័យថាវី) ដែលបានសាងសង់បិទផ្លូវសាធារណៈរបស់រដ្ឋ ហើយបានធ្វើឱ្យខូចសោភណ្ឌភាព បាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងបង្កជាភាពអនាធិបតេយ្យយ៉ាងខ្លាំង ដោយសារមានការដាក់ម៉ូតូពាសពេញទាំងផ្លូវ មិនអាចធ្វើដំណើរឆ្លងកាត់បាន និងមានការរាំងស្ទះដល់ចរាចរណ៍របស់ប្រជាពលរដ្ឋ។ ដូច្នេះម្ចាស់សំណង់ត្រូវធ្វើការរុះរើ សំណង់ដែកជាបន្ទាន់ព្រោះសាងសង់លើទ្រូងផ្លូវសាធារណៈ ដើម្បីចៀសវាងបង្កការរាំងស្ទះដល់ការចរាចរណ៍របស់ប្រជា ពលរដ្ឋពិសេសពេលមានអគ្គិភយ័កើតឡើងជាយថាហេតុ។លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមតាមបណ្ដាញសង្គមថា ការសម្រេចឱ្យម្ចាស់សំណង់សាលាជ័យថាវី ធ្វើការរុះរើសំណង់របស់ខ្លួន ក្រសួងបានធ្វើការពិនិត្យ ចុះទៅកាន់ទីតាំងសំណង់ជាក់ស្តែង និងឃើញថា៖១៖ សំណង់នេះ បានសាងសង់ពីដែកសម្រាប់ប្រើប្រាស់ជារោងសម្រាប់ចំណតកង់-ម៉ូតូ របស់បុគ្គលិក និងសិស្ស ដែលមកបង្រៀន ឬរៀននៅសាលាជ័យថាវី២៖ សំណង់នេះ បានសាងសង់បិទផ្លូវលេខ១៤៩ ដែលជាផ្លូវសាធារណៈ បង្កឱ្យមានភាពអាណាធិបតេយ្យ និងបាត់បង់សណ្តាប់ធ្នាប់ ដោយការដាក់កង់ ម៉ូតូពាសពេញផ្លូវ៣៖ សំណង់ដែលបិទផ្លូវបែបនេះ មិនត្រឹមតែធ្វើឱ្យខូចសោភ័ណភាព សណ្តាប់ធ្នាប់ប៉ុណ្ណោះនោះទេ តែវាធ្វើឱ្យប៉ះពាល់ដល់លំហូរចរាចរក្នុងតំបន់ ព្រមទាំងសុវត្ថិភាព និងការសង្រ្គោះនានានៅពេលមានអគ្គិភ័យកកើតឡើងជាយថាហេតុ។លោកបានបញ្ជាក់បន្ថែមថា ឈរលើស្មារតីការគោរពក្រមសីលធម៌វិជ្ជាជីវៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអំពាវនាវដល់គ្រប់បណ្តាញផ្សព្វផ្សាយសង្គម សូមធ្វើការផ្សព្វផ្សាយព័ត៌មានដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ចៀសវាងការផ្សព្វផ្សាយព័ត៌មាន ដែលធ្វើឱ្យមានការភ័ន្តច្រលំក្នុងសង្គម។លោកឧបនាយករដ្ឋមន្ត្រី ក៏បានស្នើដល់ អ្នកសារព័ត៌មាន ម្ចាស់សំណង់ និងបងប្អូនប្រជាពលរដ្ឋយល់អំពីបញ្ហានេះ និងចូលរួមជាមួយសង្គមជាតិ ដើម្បីរៀបចំស្រុកយើងឱ្យបានស្អាត មានសោភ័ណភាព សុវត្ថិភាព សណ្តាប់ធ្នាប់ និងប្រកបដោយសេចក្តីថ្លៃថ្នូរ៕
វីដែអូ