ថ្ងៃសុក្រ ទី១២ ខែធ្នូ ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចេញសារ «បេះដូងអ្នកការពារ៖ លិខិតពីក្រោយ ជូនទៅជួរមុខ», សូមកងទ័ពទាំងអស់ ឱ្យជួបតែសុខសុវត្ថិភាព ឈ្នះអស់មារសត្រូវ
Wed,10 December 2025 (Time 07:22 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 6នាក់)

ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានចេញសារបេះដូងអ្នកការពារ៖ «លិខិតពីក្រោយ ជូនទៅជួរមុខ» ជូនចំពោះ វីរយុទ្ធជន និងវីរយុទ្ធនារី និងសូមវត្ថុស័ក្តិសិទ្ធិ ក្នុងលោក ព្រលឹងដូនតា និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា បងប្អូនកងទ័ពទាំងអស់ ឱ្យជួបតែសុខសុវត្ថិភាព ឈ្នះអស់មារសត្រូវ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចេញសារ «បេះដូងអ្នកការពារ៖ លិខិតពីក្រោយ ជូនទៅជួរមុខ», សូមកងទ័ពទាំងអស់ ឱ្យជួបតែសុខសុវត្ថិភាព ឈ្នះអស់មារសត្រូវ

«បេះដូងអ្នកការពារ៖ លិខិតពីក្រោយ ជូនទៅជួរមុខ»

ជូនចំពោះ វីរយុទ្ធជន និងវីរយុទ្ធនារី នៃកងយោធពលខេមរភូមិន្ទ ជាទីគោរព....

ក្នុងពេលដែលពួកយើងកំពុងដេកលក់យ៉ាងស្កប់ស្កល់ ក្រោមដំបូលផ្ទះដ៏កក់ក្តៅ ពួកយើងដឹងថា នៅទីនោះ...នៅតាមព្រំដែន ក្នុងព្រៃជ្រៅ កណ្តាលភ្លៀងផ្គរ ឬក្រោមកម្ដៅថ្ងៃដ៏រលាក បងប្អូនកំពុងឈរយ៉ាងរឹងមាំ ដោយយកសាច់ស្រស់ និងឈាមស្រស់ ធ្វើជារបងការពារមាតុភូមិមួយនេះ។

ពាក្យថា «ការពារជាតិ» សម្រាប់ពួកយើង គឺគ្រាន់តែជាពាក្យនិយាយ តែសម្រាប់បងប្អូន វាគឺជា «ការលះបង់» ដ៏ធំធេងបំផុត។ បងប្អូនសុខចិត្តឃ្លាតឆ្ងាយពីក្រុមគ្រួសារ ឆ្ងាយពីប្រពន្ធកូន និងឪពុកម្តាយ ដើម្បីមកថែរក្សាសុខសន្តិភាពឱ្យប្រជាជនរាប់លាននាក់។ រាល់ដំណក់ញើសដែលហូរចុះ គឺជាតម្លៃនៃសេចក្តីសុខសាន្តរបស់ជាតិ ហើយរាល់ជំហានដែលបងប្អូនដើរល្បាត គឺជាការធានានូវបូរណភាពទឹកដីនៃកម្ពុជា។

សូមកុំមានអារម្មណ៍ថាឯកា! ទោះបីជាបងប្អូននៅឆ្ងាយ ប៉ុន្តែបេះដូងរបស់ប្រជាជនខ្មែរគ្រប់រូប គឺនៅក្បែរបងប្អូនជានិច្ច។ ពួកយើងសូមឱនកាយគោរពចំពោះវីរភាពដ៏អង់អាចក្លាហាន និងសូមចងចាំទុកនូវគុណបំណាច់ដ៏ថ្លៃថ្លានេះនៅក្នុងក្រអៅបេះដូងជារៀងរហូត។

សូមវត្ថុស័ក្តិសិទ្ធិក្នុងលោក ព្រលឹងដូនតា និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា បងប្អូនកងទ័ពទាំងអស់ ឱ្យជួបតែសុខសុវត្ថិភាព ឈ្នះអស់មារសត្រូវ និងត្រឡប់មកជួបជុំគ្រួសារវិញដោយស្នាមញញឹមនៃជ័យជម្នះ។

អ្នកគឺជាវីរបុរសក្នុងបេះដូងពួកយើង!»៕

វីដែអូ