ភ្នំពេញ)៖ បន្ទាប់ពីទទួលរងការបាញ់បំផ្លាញយ៉ាងធ្ងន់ធ្ងរពីសំណាក់យោធាថៃ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ប្រាសាទតាក្របី ជាទីសក្ការៈរបស់កម្ពុជា បន្តទទួលរងការបាញ់កម្ទេចជាថ្មី បណ្តាលឱ្យរូបរាង និងរចនាសម្ព័ន្ធប្រាសាទត្រូវបានបំផ្លាញទាំងស្រុង នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ទោះជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានអំពាវនាវរួចហើយក៏ដោយ។ក្រសួងវប្បធម៌បានបញ្ជាក់ថា ប្រាសាទតាក្របី ត្រូវបានសាងសង់ក្នុងអំឡុងសតវត្សទី១១ គ.ស.ក្នុងសម័យព្រះបាទសូរ្យវរ្ម័នទី១ និងព្រះបាទឧទ័យទិត្យវរ្ម័នទី២ ស្ថិតនៅភូមិសែនមនោរម្យ១ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជាទីតាំងបុរាណដ្ឋានអភិរក្សយ៉ាងខ្ជាប់ខ្ជួនដោយស្ថាប័នវប្បធម៌កម្ពុជា និងជាទីគោរពសក្ការៈទៅតាមជំនឿ ប្រពៃណី ទំនៀមទម្លាប់ របស់ប្រជាជនកម្ពុជា។ ប្រាសាទតាក្របី ជានិមិត្តរូបនៃវប្បធម៌អរិយធម៌ដ៏រុងរឿងរបស់ខ្មែរ ថែរក្សាការពារដោយខ្មែរ ស្ថិតនៅក្នុងព្រៃភ្នំដែលជាជម្រកដ៏សុខសាន្ត និងពុំទទួលរងការខូចខាតពីធម្មជាតិ ឬអាយុកាល ប៉ុន្តែត្រូវបានសម្លាប់ តែមួយពព្រិចភ្នែកដោយយោធាថៃ។ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមបន្តថ្កោលទោសចំពោះទង្វើអសីលធម៌ មកលើវិស័យវប្បធម៌ដោយយោធាថៃ ដែលជាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរមកលើបេតិកភណ្ឌ ជាទង្វើអគតិនិងគ្មានអរិយធម៌ និងជាការបន្តមិនគោរពដល់អនុសញ្ញា នានានៃកិច្ចការពារបេតិកភណ្ឌ ដោយរួមទាំងអនុសញ្ញាឆ្នាំ១៩៥៤ និងឆ្នាំ១៩៧២។ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមបន្តអំពាវនាវដល់បណ្តាប្រទេសលើសកលលោក អង្គការជំនាញអន្តរជាតិ ប្រជាជាតិលើពិភពលោក ចូលរួមថ្កោលទោសទង្វើឧក្រិដ្ឋកម្មនេះ និងជំរុញឱ្យយោធាថៃបញ្ឈប់ជាបន្ទាន់ នូវការបំផ្លិចបំផ្លាញវប្បធម៌ និងបញ្ឈប់ការ ឈ្លានពាន ដោយងាកមករកដំណោះស្រាយដោយសន្តិវិធី ជាពិសេសគោរពសេចក្តីប្រកាសរួមទីក្រុងកូឡាឡាំពួរ។ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយប្រជាជនកម្ពុជាទាំងអស់ សូមកាន់ទុក្ខចំពោះការខូចខាតទាំងស្រុង របស់ប្រាសាទតាក្របី និងចងចាំទុកនូវទង្វើឧក្រិដ្ឋកម្មនេះ នៅក្នុងប្រវត្តិសាស្ត្រនៃការបំផ្លិចបំផ្លាញរបស់យោធាថៃ។ ទោះជាប្រាសាទតាក្របីត្រូវបានបំផ្លាញស្ទើរអស់រូបរាង ប៉ុន្តែប្រាសាទនេះនៅតែឈរជានិមិត្តរូបនៃវប្បធម៌អរិយធម៌ខ្មែរ និងជាភស្តុតាងនៃសោកនាដកម្មវប្បធម៌ សម្រាប់បង្រៀនដល់ជនជំនាន់ក្រោយ ឱ្យរឹតតែស្រឡាញ់ការពារបេតិកភណ្ឌ និងទប់ស្កាត់ទង្វើឧក្រិដ្ឋកម្មនេះ កុំឱ្យកើតមានជាថ្មីនៅគ្រប់ទីកន្លែងទាំងអស់របស់ពិភពលោក៕
វីដែអូ