ថ្ងៃពុធ ទី១៧ ខែធ្នូ ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
អ្នកម្ដាយមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តចុះសួរសុខទុក្ខវីរយុទ្ធជនការពារបូរណភាពទឹកដី ដែលរងរបួសកំពុងសម្រាកព្យាបាល តាមមន្ទីរពេទ្យនៅរាជធានីភ្នំពេញ
Tue,16 December 2025 (Time 08:29 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 4នាក់)

ភ្នំពេញ)៖ ទឹកចិត្ដដ៏ធំធេងរបស់អ្នកម្ដាយមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ បានបន្តអញ្ជើញចុះសួរសុខទុក្ខវីរយុទ្ធជនការពារបូរណភាពទឹកដី ដែលរងរបួសកំពុងព្យាបាល នៅតាមមន្ទីរពេទ្យនៅរាជធានីភ្នំពេញ រួមមានមន្ទីរពេទ្យព្រះកេតុមាលា មន្ទីរពេទ្យព្រះអង្គឌួង និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បន្ទាប់ពីបានអញ្ជើញចុះសួរសុខទុក្ខដល់វីរយុទ្ធជន ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យ កាល់ម៉ែត និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីម្សិលមិញ។

ការអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខនាពេលនេះ អ្នកម្ដាយមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្ដែងនូវការអារម្មណ៍ក្ដុកក្ដួល អាណិតអាសូរជាពន់ពេកដល់វីរយុទ្ធជន ដែលបានពលី និងលះបង់កម្លាំងកាយចិត្ដ បំពេញការងារដោយបេះដូង និងឆន្ទៈខ្ពស់ ក្នុងការពារបូរណភាពទឹកដី ដោយមិនរាយថយទោះក្នុងកាលៈទេសៈណាក៏ដោយ ក៏មិនចុះចាញ់ មានតែប្រឹងតស៊ូ លះបង់ ឈាមស្រស់ សាច់ស្រស់ បូជាជូនជាតិមាតុភូមិ ដោយមោទនភាពជាទីបំផុត។

ក្នុងឱកាសនេះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បាននាំនូវព្រះរាជបណ្តាំផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរពីសំណាក់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាពិសេស ស្ញប់ស្ញែងចំពោះទឹកចិត្តដ៏អង់អាចក្លាហាន ហ៊ានពលិកម្មគ្រប់បែបយ៉ាងដើម្បីបូរណភាពទឹកដីដ៏កម្សត់របស់យើង និងសូមជូនពរដល់វីរយុទ្ធជនគ្រប់រូប សូមឆាប់បានជាសះស្បើយឡើងវិញ។

ចំពោះការអញ្ជើញចុះមកដោយផ្ទាល់របស់អ្នកម្ដាយមនុស្សធម៌ បានធ្វើឱ្យវីរយុទ្ធជន រំភើបស្រក់ទឹកភ្នែក ដែលទទួលបានការថ្នាក់ថ្នមដោយភាពកក់ក្ដៅពីអ្នកម្ដាយដោយផ្ទាល់ ដែលជាការផ្ដល់កម្លាំងចិត្ដមួយដ៏ធំមិនអាចកាត់ថ្លៃបាន សម្រាប់វីរយុទ្ធជនទាំងអស់ដែលបានខិតខំប្រឹងប្រែង លះបង់ក្នុងការការពារបូរណភាពទឹកដី។ ក្នុងឱកាសដ៏រំភើប និងទទួលបានភាពកក់ក្ដៅពីអ្នកម្ដាយមនុស្សធម៌ វីរយុទ្ធជន និងគ្រួសារវីរយុទ្ធជន បានលើកដៃប្រណព្វថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ដរបស់អ្នកម្ដាយមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលមិនទុកចោលកូនចៅប្រុសស្រី ដោយមិនទទួលបានការជួយសង្គ្រោះទាំងផ្លូវកាយ និងផ្លូវចិត្ដ ជាពិសេសអ្នកម្ដាយតែងតែនៅជាប់ជាមួយប្រជាពលរដ្ឋជានិច្ច ទីណាដែលមានទុក្ខលំបាក ទីនោះគឺមានបេះដូង និងទឹកចិត្ដសង្គ្រោះរបស់អ្នកម្ដាយមនុស្សធម៌ ដែលធ្វើឱ្យកូនចៅប្រុសស្រី មានកម្លាំងចិត្ដ និងថាមពល តស៊ូ តតាំង ក្នុងការការពារបូរណភាពទឹកដីដោយមិនរាយថយឡើយ។

លើសពីនោះវីរយុទ្ធជនទាំងអស់ និងក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ តែងតែគិតគូរពីសុខទុក្ខ លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមដ៏ធំធេងដល់ប្រជាជនគ្រប់រូប និងសូមប្រសិទ្ធពរជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ជន្មាយុយឺនយូរ ដើម្បីជាម្លប់ដ៏កក់ក្តៅដល់ប្រជាជនកម្ពុជា ជារៀងដរាប។

សូមជម្រាបថា ក្នុងស្ថានភាពបច្ចុប្បន្នភាពមានបញ្ហាតាមបន្ទាប់ព្រំដែនកន្លងមកនេះ អ្នកម្ដាយមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ស្ទើរតែមិនបានសម្រាន្ដទាំងយប់-ថ្ងៃ ខ្វល់ខ្វាយពីសុខទុក្ខ និងសុវត្ថិភាពរបស់កូនចៅប្រុសស្រី ហើយក៏បានត្រៀមជាស្រេចផងដែរទាំងស្បៀង សម្ភារៈ និងថវិកា រួមទាំងមន្ដ្រីក្រុមការងារកាកបាទក្រហមកម្ពុជាទូទាំងប្រទេស ចាំជួយសម្រាលការលំបាកតាមរយៈជាការផ្ដល់ស្បៀង ថវិកា និងសម្ភារៈផ្សេងៗ ដល់វីរយុទ្ធជនដែលរងរបួស និងពលី រួមទាំងប្រជាជនប្រុសស្រីក្មេងចាស់ ដែលត្រូវភៀសសឹកទៅកាន់ទីតាំងមានសុវត្ថិភាព ដើម្បីជួយសម្រាលឱ្យបានទាន់ពេលវេលា។ កន្លងមកនេះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានចាត់ក្រុមការងារ ជួយសម្រាលការលំបាក ដល់ប្រជាជនភៀសសឹកជាច្រើនម៉ឹនគ្រួសារ ក្រៅពីចុះសួរសុខទុក្ខវីរយុទ្ធជននៅតាមមន្ទីរពេទ្យនានានៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ដ ជាពិសេសការចាត់តំណាងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារវីរយុទ្ធផងដែរ។

លើសពីនោះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានផ្ដល់ថវិកាចំនួន ២១ម៉ឺនដុល្លារ ជូនដល់លោក គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីទិញកៅស៊ូតង់ យកទៅចែកជូនប្រជាជនភៀសសឹកនៅតាមបណ្តោយព្រំដែនផងដែរ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ម្សិលមិញនេះ៕

វីដែអូ