ថ្ងៃព្រហស្បតិ៍ ទី១៨ ខែធ្នូ ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនលោកស្រីអគ្គព្រះរាជអាជ្ញា ជា លាង ចំពោះមរណភាពរបស់មហាឧបាសក កែវ ជា ដែលត្រូវជាឪពុកបង្កើត
Wed,17 December 2025 (Time 07:36 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 8នាក់)

ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតរំលែកមរណទុក្ខ ផ្ញើជូនលោកស្រី ជា លាង អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមតុលាការកំពូល និងក្រុមគ្រួសារ ចំពោះមរណភាពរបស់មហាឧបាសក កែវ ជា ដែលត្រូវជាឪពុកបង្កើត របស់លោកស្រី។ នេះបើតាមសារលិខិតរំលែកមរណទុក្ខរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ក្នុងសារលិខិតរំលែកមរណទុក្ខ បានសរសេរថា «ក្នុងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោកស្តាយជាទីបំផុត ដោយបានទទួលដំណឹងមរណភាពរបស់ មហាឧបាសក កែវ ជា ដែលត្រូវជាឪពុកបង្កើត របស់លោកជំទាវ នាថ្ងៃអង្គារ ១១ រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នៅវេលាម៉ោង ១០៖៥០ នាទីព្រឹក ក្នុងជន្មាយុ ៨៦ឆ្នាំ ដោយរោគាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងសហការីសូមចូលរួមរំលែកទុក្ខជាមួយ លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដោយសេចក្តីអាឡោះអាល័យរកអ្វីប្រៀបផ្ទឹមពុំបាន ចំពោះការបាត់បង់ឪពុក ឪពុកក្មេក ជីតា ជាទីគោរពស្រឡាញ់បំផុតមិនអាចកាត់ថ្លៃបាន ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ គម្រូមួយរូប ដែលតែងតែខិតខំចិញ្ចឹម បីបាច់ថែរក្សា អប់រំទូន្មានបុត្រធីតា និងចៅៗ រហូតក្លាយជាកុលបុត្រ កុលធីតាដ៏ឆ្នើមរបស់សង្គមជាតិ។

លើសពីនេះទៅទៀតនោះ មរណភាព មហាឧបាសក គឺជាការបាត់បង់នូវ ពុទ្ធសាសនិកមួយរូប ដែលមានសទ្ធាជ្រះថ្លាក្រៃលែង និងដែលបានបូជាអស់កម្លាំងកាយចិត្ត ពេលវេលា និង ធនធាន ចូលរួមចំណែកក្នុងការងារមនុស្សធម៌ និងទ្រទ្រង់លើកស្ទួយវិស័យព្រះពុទ្ធសាសនា។

ខ្ញុំ និងសហការី សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តេជះបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់ មហាឧបាសក កែវ ជា សូមបានទៅចាប់បដិសន្ធិ និង សោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សូមលោកជំទាវ និងក្រុមគ្រួសារ ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ»៕

វីដែអូ