ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានទទួលអំណោយជាអង្ករចំនួន ២៥តោន ទឹកបរិសុទ្ធចំនួន ៣០០កេស និងបបរសណ្តែកចំនួន ២០០កេស ពីក្រុមហ៊ុន អូប៊ីអូអ រ៉ូយ៉ាល់ ខនស្ក្រាក់សិន គ្រុប ឯ.ក សម្រាប់បន្តនាំទៅចែកជូនដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក ដែលរត់គេចពីការឈ្លានពានរបស់យោធាថៃ កំពុងស្នាក់នៅណ្តោះអាសន្នជំរុំភៀសសឹក។ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងអំណរគុណលោកបណ្ឌិត តីតថឺ លី ប្រធានក្រុមហ៊ុន អូវីអូអ រ៉ូយ៉ាល់ ខនស្ត្រាក់សិន គ្រុប ឯ.ក និងភរិយា ឆាយ លីណា ព្រមទាំងបុត្រាបុត្រីក្រុមគ្រួសារ ដែលបានចំណាយថវិកាទិញគ្រឿងឧបភោគ បរិភោគ មកប្រគល់ដល់ក្រសួងព័ត៌មាន សម្រាប់នាំបន្តទៅចែកជូនដល់ជនភៀសសឹក។លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានចាត់ទុកទឹកចិត្តដ៏ប្រពៃថ្លៃថ្លានេះបានបង្ហាញពីមនោសញ្ចេតនា សេចក្តីរាប់អាន និងការចូលរួមចំណែកយកចិត្តទុកដាក់ខ្ពស់របស់លោកបណ្ឌិត លោកស្រី និងក្រុមគ្រួសារ លើការងារសប្បុរសធម៌ និងកិច្ចការសង្គម តាមរយៈក្រសួងព័ត៌មាន ជាពិសេសដើម្បីចែកជូនដល់ប្រជាពលរដ្ឋភៀសសឹកនៅតាមព្រំដែន។លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា សម្រាប់អំណោយនេះក្រសួងនឹងបានបែងចែកដល់កងកម្លាំងជួរមុខ ហើយការផ្តល់នូវអំណោយនេះគឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរំលែកការលំបាកជាមួយប្រជាពលរដ្ឋភៀសសឹក ក្នុងពេលស្ថានភាពព្រំដែនបន្តទទួលការឈ្លានពានពីកងទ័ពថៃ។លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងអំណរគុណលោកបណ្ឌិត លោកស្រី ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។តំណាងក្រុមហ៊ុនបានគូសបញ្ជាក់ថា អំណោយទាំងនេះគឺធ្វើឡើងក្នុងបុព្វេហេតុមនុស្សធម៌ និងជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋដែលកំពុងភៀសសឹក កំពុងស្នាក់នៅក្នុងតំបន់សុវត្ថិភាព និងវីរកងទ័ពនៅសមរភូមិមុខ ដែលកំពុងឈរពារខ្មាំងឈ្លានពានមកលើដែនអធិបតេយ្យភាព បូរណភាពទឹកដីរបស់កម្ពុជា៕
វីដែអូ