ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសបារាំង បានចូលរួមរំលែកទុក្ខ និងសម្តែងការអាណិតអាសូរយ៉ាងក្រៃលែងចំពោះជនស៊ីវិលកម្ពុជា ដែលបានបាត់បង់ជីវិត និងជនភៀសសឹក ដោយសារការឈ្លានពានរបស់យោធាថៃ។នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរសមរបស់ លោក Benoît GUIDÉE ប្រធាននាយកដ្ឋានអាស៊ី និងអូសេអានី នៃក្រសួងអឺរ៉ុប និងការបរទេសបារាំង ដែលបានមកកម្ពុជា ក្នុងនាមជាសហប្រធាននៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី៣ រវាងកម្ពុជា និងបារាំង។ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងអំឡុងជំនួបសម្តែងការគួរសមខាងលើ ភាគីទាំងពីរ បានស្វាគមន៍ចំពោះសន្ទុះដ៏វិជ្ជមានក្នុងទំនាក់ទំនងទ្វេភាគី និងបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូប្រវត្តិសាស្ត្រឱ្យឈានដល់កម្រិតថ្មី។ក្រសួងការបរទេសកម្ពុជា បានអះអាងថា ក្នុងជំនួប លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានផ្តល់ព័ត៌មានស្តីពីការវិវត្តន៍ថ្មីៗទាក់ទងនឹងជម្លោះព្រំដែនកម្ពុជា-ថៃ។ លោក Benoît GUIDÉE បានចូលរួមរំលែកទុក្ខ និងអាណិតអាសូរយ៉ាងក្រៃលែងចំពោះជនស៊ីវិលកម្ពុជា ដែលបានបាត់បង់ជីវិត និងជនភៀសសឹកដោយសារជម្លោះព្រំដែននេះ។បន្ទាប់ពីជំនួបសម្តែងការគួរសម លោកឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការស្ម័គ្រចិត្តអន្តរជាតិនៃគម្រោងបម្លាស់ប្តូរ និងសាមគ្គីភាព និងសកម្មភាពអ្នកស្ម័គ្រចិត្តបារាំងនៅប្រទេសកម្ពុជា ដោយបានគូសបញ្ជាក់ពីសារសំខាន់នៃកិច្ចព្រមព្រៀងក្នុងការលើកកម្ពស់បម្លាស់ប្តូរប្រជាជននិងប្រជាជន៕
វីដែអូ