ព្រះវិហារ)៖ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥នេះ បន្ទាប់ពីបានប្រគល់អំណោយជូនរដ្ឋបាលខេត្តព្រះវិហារ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមជាមួយ លោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងសហការីបានចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកមកពីស្រុកជាំក្សាន្ត បាននាំយកអំណោយរបស់ថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការ សប្បុរសជន ម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន ថ្នាក់ដឹកនាំសហជីព បងប្អូនកម្មករនិយោជិត ដែលមានជាអំណោយជាថវិកា និងសម្ភារគ្រឿងឧបភោគបរិភោគ សម្រាប់ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកចំនួន ២ពាន់គ្រួសារ ស្មើនឹង១២ ០០០នាក់ នៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានលើកឡើងថា ឈរលើស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរតែមួយ» អំណោយដែលយើងត្រូវរួមគ្នាជួយនាពេលនេះ គឺជាការឆ្លើយតបក្នុងគ្រាលំបាកខ្វះខាតទាំងឡាយនៅចំពោះមុខ ខណៈដែលខេត្តនៅជាប់ព្រំដែនត្រូវប្រឈមដោះស្រាយជូនប្រជាពលរដ្ឋជាជនភៀសសឹក និងគ្រួសារវីរកងទ័ព ដែលរងគ្រោះលំបាកវេទនាដោយសារសង្គ្រាមឈ្លានពានពីសំណាក់យោធាថៃ។អំណោយដែលជាទឹកចិត្តអាណិតស្រឡាញ់ពីម្ចាស់ជំនួយដែលជាថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការ ម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន ថ្នាក់ដឹកនាំសហជីព បងប្អូនកម្មករនិយោជិត និងសប្បុរសជនទាំងអស់ បង្ហាញពីស្មារតីស្រឡាញ់ជាតិមាតុភូមិ សមរភូមិក្រោយបាននិងកំពុងប្តេជ្ញារួមគ្នាជាធ្លុងមួយ ដើម្បីគាំទ្រសមរភូមិមុខ។ សកម្មភាពនេះក៏បានបញ្ជាក់ឱ្យឃើញថា ទោះខ្មែរយើងស្ថិតក្នុងស្ថានភាពណាក៏ដោយ ក៏យើងមិនដែលបោះបង់គ្នាចោលនោះឡើយ ពោលគឺយើងចេះជួយគ្នាទៅតាមលទ្ធភាព និងជាការគោរពដឹងគុណចំពោះវីរកងទ័ពជួរមុខដ៏អង់អាចក្លាហានដែលកំពុងបំពេញកាតព្វកិច្ចការពារទឹកដី ប្រឆាំងការឈ្លានពានយ៉ាងឃោរឃៅពីយោធាថៃ។ក្នុងនាមរដ្ឋបាលខេត្ត លោក គីម រិទ្ធី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សប្បុរសជន និងម្ចាស់ជំនួយទាំងអស់ ដែលបាននាំមកជាអំណោយសម្ភារ សម្រាប់ផ្តល់ជូនដល់ជនភៀសសឹក និងក្រុមគ្រួសារកងទ័ពនាពេលនេះ។ លោកបញ្ជាក់ថា រដ្ឋបាលខេត្តព្រះវិហារ ព្រមទាំងស្ថាប័នពាក់ព័ន្ធ កំពុងខិតខំប្រឹងប្រែងរៀបចំទីជម្រក អាហារ ទឹកស្អាត សេវាសុខាភិបាល និងការថែទាំជាចាំបាច់ ដើម្បីឱ្យបងប្អូនរបស់យើងអាចរស់នៅទីនេះមានសុវត្ថិភាព។អំណោយ ដែលបានត្រូវប្រគល់ជូននាពេលនេះមាន កញ្ចប់ឃីត ចំនួន ២ពាន់កញ្ចប់ ដែលក្នុង ១ឃីត រួមមាន៖ ថវិកា ចំនួន ២ម៉ឺនរៀល ក្នុង ១កញ្ចប់, អាវ ចំនួន ១, ខោ ចំនួន ២, ថ្នាំរាគ ចំនួន ១ប្រអប់, ថ្នាំប៉ារ៉ា ចំនួន ១ប្រអប់, ប្រេងកូឡា ចំនួន ១ប្រអប់, មី ចំនួន ១០កញ្ចប់, ទឹកបរិសុទ្ធ ចំនួន ១យួរ, និងអង្ករចំនួន ១០គីឡូក្រាម។សូមបញ្ជាក់ថា ចាប់តាំងពីមានសង្រ្គាមឈ្លានពានមក នេះគឺជាលើកទី៣ហើយ ដែលឯកឧត្តមរដ្ឋមន្រ្តីបាននាំយកអំណោយទៅចែកជូនបងប្អូនជនភៀសសឹកនៅក្នុងខេត្តព្រះវិហារ៕
វីដែអូ