ថ្ងៃអង្គារ៍ ទី២៣ ខែធ្នូ ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
គម្រោងវិនិយោគចំនួន១៣ ទុនវិយោគជាង៣០០លានដុល្លារ កំពុងរង់ចាំការអនុម័តពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
Sun,21 December 2025 (Time 06:31 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 12នាក់)

ភ្នំពេញ)៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជី គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១៣គម្រោង ដែលមានទុនវិយោគជាង ៣០០លានដុល្លារ។

កិច្ចប្រជុំនេះ បានរៀបចំឡើងនាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៣២៣លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៧ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ១២គម្រោង រួមមាន៖ ផលិតគ្រឿងសម្អាង, ផ្គុំដំទ្បើងបរិក្ខារអគ្គិសនី, ផលិតក្រណាត់ ជ្រលក់ពណ៌និងផលិតផលវាយនភ័ណ្ឌ, ផលិតសម្ភារៈផ្ទះបាយ, ផ្គុំដំទ្បើងរថយន្ត, ផលិតមីនិងគ្រឿងបន្សំសម្រាប់មី, ផលិតសម្ភារៈបោះជំរំ សម្ភារៈកីទ្បានិងគ្រឿងបន្ទាប់បន្សំ, ផលិតផើងផ្កានិងសម្ភារៈតុបតែងលម្អក្នុងសួនច្បារគ្រប់ប្រភេទ, ផលិតគ្រឿងសង្ហារឹម, ផលិតផលិតផលកម្ចាត់សត្វល្អិត, និងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន ១គម្រោង គឺគម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរ ដោយថាមពលខ្យល់អានុភាព ១៥០មេហ្កាវ៉ាត់។

គម្រោងវិនិយោគទាំង១៣នេះ បានបោះទីតាំងនៅខេត្តកណ្តាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង បាត់ដំបង និងមណ្ឌលគិរី៕

វីដែអូ