ថ្ងៃអង្គារ៍ ទី២៣ ខែធ្នូ ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
រដ្ឋមន្ត្រីក្រសួងព័ត៌មាន រម្លឹកអ្នកសារព័ត៌មានកុំប្រើសម្លៀកបំពាក់ និងសម្ភារស្រដៀងកងទ័ព ដែលអាចគ្រោះថ្នាក់ដល់ខ្លួន
Sun,21 December 2025 (Time 06:32 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 11នាក់)

ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាននៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥នេះ បានសង្កេតឃើញថា អ្នកសារព័ត៌មាន ភាគច្រើនបានអនុវត្តស្ដង់ដារសុវត្ថិភាពត្រឹមត្រូវហើយ ប៉ុន្តែនៅតែមានមួយចំនួនប៉ុណ្ណោះ ដែលមិនទាន់អនុវត្តបានល្អ។ នោះគឺការស្លៀកពាក់ និងប្រើប្រាស់សម្ភារផ្ទាល់ខ្លួន ដែលបង្កហានិភ័យជាយថាហេតុណាមួយដល់ខ្លួនឯង។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានថ្លែងថា សុវត្ថិភាពក្នុងការយកព័ត៌មានពេលសង្គ្រាមជាកិច្ចការសំខាន់បំផុតសម្រាប់អ្នកសារព័ត៌មាន។ លោកសង្កេតឃើញ បងប្អូនអ្នកសារព័ត៌មានភាគច្រើនគោរពបានល្អនូវស្តង់ដារសុវត្ថិភាពការពារខ្លួនពេលចុះបំពេញភារកិច្ចយកព័ត៌មាននៅតាមទីតាំងនានាដែលមានការប្រយុទ្ធគ្នាដូចជាពាក់អាវកាក់ និងមួកមានសញ្ញា «សារព័ត៌មាន» ឬ «PRESS»។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា សូមលើកទឹកចិត្តនិងជំរុញបងប្អូនអ្នកសារព័ត៌មានប្រកាន់ខ្ជាប់នូវវិធានការនេះ។ ករណីបងប្អូនសារព័ត៌មានត្រូវការអាវកាក់ «សារព័ត៌មាន» សូមទំនាក់ទំនងមកអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំក៏បានសង្កេតឃើញអ្នកសារព័ត៌មានមួយចំនួនមិនទាន់បំពេញនិយាមស្តង់ដារសុវត្ថិភាពនេះនៅឡើយ។ ខ្ញុំក៏សង្កេតឃើញថាបងប្អូនអ្នកសារព័ត៌មានមួយចំនួនបានប្រើប្រាស់សម្លៀកបំពាក់ ឬមួក និងសម្ភារមួយចំនួនដែលស្រដៀងនឹងឯកសណ្តាន និងសម្ភារកងទ័ព ដែលអាចបង្កើតឱ្យមានការយល់ច្រឡំ ឬធ្វើឱ្យសត្រូវឈ្លានពានគិតថាជាកងទ័ព។ ដើម្បីបញ្ជៀសនូវរាល់ហានិភ័យដែលអាចកើតឡើងជាយថាហេតុណាមួយចំពោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ រួមនឹងបងប្អូនប្រជាពលរដ្ឋ ដូច្នេះគួរបងប្អូនចៀសវាងការប្រើប្រាស់សម្លៀកបំពាក់ សម្ភារដែលមានពណ៌ស្រដៀងនឹងកងកម្លាំងប្រដាប់អាវុធ»។

យោងយោងតាមច្បាប់ ជនស៊ីវិលគ្រប់រូប មិនត្រូវបានអនុញ្ញាតដាច់ខាតឱ្យស្លៀកពាក់ ឬប្រើប្រាស់នូវ ឯកសណ្ឋានកងទ័ព ឯកសណ្ឋានសមត្ថកិច្ច ឬសម្លៀកបំពាក់ដែលមានលក្ខណៈស្រដៀងទៅនឹងឯកសណ្ឋានកងទ័ព ឬឯកសណ្ឋានសមត្ថកិច្ចឡើយ។ ដូច្នេះសូមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ និងសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងអនុវត្តឱ្យម៉ត់ចត់៕

វីដែអូ