ថ្ងៃពុធ ទី០៣ ខែធ្នូ ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
ក្នុងជំនួបជាមួយសម្ដេចតេជោ, ឯកអគ្គរដ្ឋទូតឆែក សន្យាជំរុញទំនាក់ទំនងពាណិជ្ជកម្មវាងកម្ពុជា និងឆែកឲ្យកាន់តែរីកចម្រើន
Tue,02 December 2025 (Time 09:17 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 7នាក់)

ភ្នំពេញ)៖ លោកស្រី Marketa Kolc Hajkova ឯកអគ្គរដ្ឋទូតឆែកប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះ បានសន្យាជំរុញទំនាក់ទំនងរវាងកម្ពុជា និងឆែកឲ្យមានភាពរីកចម្រើន និងល្អប្រសើរជាពិសេសគឺ ទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគរវាងកម្ពុជា និងឆែក។

ការលើកឡើងនេះបានធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យលោកស្រី Marketa Kolc Hajkova ឯកអគ្គរដ្ឋទូតឆែកប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ សម្ដេចតេជោបានសម្ដែងនូវការស្វាគមន៍ចំពោះលោកស្រី Marketa Kolc Hajkova និងសហការី ហើយសម្ដេចបានចាត់ទុកវត្តមានរបស់លោកស្រីជាឯកអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជា ដែលមានការតែងតាំងថ្មីដ៏ឆាប់រហ័សនេះ គឺបង្ហាញច្បាស់អំពីការផ្ដល់តម្លៃពីសាធារណរដ្ឋឆែក មកកាន់ប្រទេសកម្ពុជា ពោលគឺទំនាក់ទំនងរវាងកម្ពុជា និងឆែកតែម្ដង។

សម្ដេចតេជោ បានបញ្ជាក់ថា កម្ពុជា និងឆែកមានទំនាក់ទំនងជាប្រវត្តិសាស្រ្តដ៏យូរអង្វែង ហើយព្រះករុណាកម្ពុជានាពេលបច្ចុប្បន្ន ព្រះអង្គក៏ធ្លាប់យាងទៅសិក្សានៅប្រទេសនេះដែលជានិមិត្តរូប នៃទំនាក់ទំនងរវាងប្រទេសទាំងពីរដ៏ល្អប្រសើរផងដែរ។ ក្នុងឱកាសនោះ លោកស្រី Marketa Kolc Hajkova ឯកអគ្គរដ្ឋទូតឆែកប្រចាំនៅកម្ពុជា បានសម្ដែងនូវក្ដីអរគុណចំពោះ សម្ដេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឲ្យលោកស្រី និងសហការីចូលជួបនិងសម្ដែងការគួរសម ក្នុងឱកាសនេះ។

លោកស្រី Marketa Kolc Hajkova បានលើកឡើងថា ក្នុងអាណត្តិដែលលោកស្រី ធ្វើជាឯកអគ្គរដ្ឋទូតថ្មីនេះ នឹងធ្វើយ៉ាងណាជំរុញទំនាក់ទំនងរវាងកម្ពុជា និងឆែកឲ្យមានភាពរីកចម្រើន និងល្អប្រសើរ ពោលជាពិសេសគឺ ទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគរវាងកម្ពុជា និងឆែកឲ្យកាន់តែរីកចម្រើន។ ជាពិសេស លោកស្រី នឹងប្រឹងប្រែងកៀងគរអ្នកវិនិយោគ នៅក្នុងសាធារណរដ្ឋឆែកឲ្យមកវិនិយោគនៅកម្ពុជា ដើម្បីស្វេងរកឱកាសក្នុងការវិនិយោគ។

លោកស្រី ឯកអគ្គរដ្ឋទូត បានថ្លែងប្រាប់សម្ដេចតេជោថា នាពេលខាងមុខនេះ អ្នកវិនិយោគមកពីប្រទេសឆែក នឹងមកប្រទេសកម្ពុជា ដើម្បីវិនិយោគទៅលើកសិកម្ម គឺម្រេចនៅកម្ពុជា។ លោកស្រី បានរំលេចថា នៅក្នុងខួបឱកាសខួប ៧៥ លោកស្រីនឹងខិតខំ ពង្រីកបន្ថែម ជាពិសេសការរៀបចំព្រឹត្តិការណ៍នានា រួមទាំងការទស្សនកិច្ចផ្លូវការរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ មកកាន់កម្ពុជាផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់លោកស្រី ហើយសម្ដេចបានលើកឡើងថា សក្ដានុពលរវាងកម្ពុជា និងឆែក គឺនៅមានចន្លោះជាច្រើនទៀត ដែលអាចធ្វើជាមួយគ្នា ឲ្យវាសមស្របទៅនឹងទំនាក់ទំនងការទូត និងនយោបាយរវាងប្រទេសទាំងពីរឲ្យមានភាពល្អប្រសើរ។

សម្ដេចតេជោសង្ឃឹមថា សាធារណរដ្ឋឆែក នឹងធ្វើយ៉ាងណាចាត់ទុកកម្ពុជា ជាដៃគូដ៏ល្អក្នុងការពង្រីកទំនាក់ទំនង រួមទាំងពាណិជ្ជកម្មនានា ដែលអាចធ្វើជាមួយគ្នា។ ក្រៅតែពីដៃគូរទំនាក់ទំនងការងាររវាងកម្ពុជា និងឆែក ប្រទេសទាំងពីរក៏ក្នុងក្របខណ្ឌនៃសមាជិកអាស៊ាន ឯសាធារណរដ្ឋឆែកនៅក្នុងសាធារណរដ្ឋអឺរ៉ុប។ ដូច្នេះសក្ដានុពលទាំងទ្វេរភាគី និងពហុភាគី គឺអាចធ្វើជាមួយគ្នាច្រើន នឹងអាចញ៉ាំងផ្លែផ្កាដល់តំបន់ទាំងពីរផង និយាយជារួមអាចផ្ដល់ផលប្រយោជន៍ទាំងសងខាង៕

វីដែអូ