ថ្ងៃពុធ ទី០៣ ខែធ្នូ ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
ជំនួបជាមួយសម្តេចតេជោ, ទូតកាណាដា សន្យាជំរុញឱ្យវិនិយោគិន មករកស៊ីនៅកម្ពុជាបន្ថែមទៀត
Tue,02 December 2025 (Time 09:21 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 8នាក់)

ភ្នំពេញ)៖ លោក Christian DesRoches ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា បានសន្យាជួយជំរុញអ្នកវិនិយោគកាណាដា មកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត។ នេះបើតាម លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា។

លោកទូតបានសន្យាបែបនេះ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ទី២ ខែធ្នូ ឆ្នាំ២០២៥ ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានអនុញ្ញាតឱ្យលោកចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

លោក ជា ធីរិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះ «ឯកឧត្តមសន្យាថា នឹងជំរុញបន្ថែមទៀត នូវអ្នកវិនិយោគកាណាដាមកកម្ពុជា ហើយឯកឧត្តមបានបញ្ជាក់ថា នៅពេលនិយាយពីការវិនិយោគនៅកម្ពុជា គេនឹងនឹកឃើញដល់ធនាគារ ABA ដែលជាធនាគាររបស់កាណាដា ដែលនេះជាផ្លែផ្កាមួយ ហើយឯកឧត្តម នឹងជំរុញការវិនិយោគបន្ថែមទៀតទៅកាន់អ្នកវិនិយោគកាណាដា មកកាន់ព្រះរាជាណាចក្រកម្ពុជា»។

នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះ ឯកអគ្គរដ្ឋទូតកាណាដា ក៏ដូចជាសហការីនៅដែលបានជួបសម្ដែងការគួរសមនាពេលនេះ។ សម្ដេចតេជោ បានចាត់ទុកវត្តមានរបស់អគ្គរដ្ឋទូតកាណាដា នឹងធ្វើឲ្យទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកាន់តែរីកចម្រើនបន្ថែមទៀត។

សម្ដេចបានសម្ដែងនូវក្តីរីករាយផងដែរចំពោះការវិលត្រឡប់របស់កាណាដាសាជាថ្មី ក្នុងការដាក់នៃនិវេសនដ្ឋានស្ថានប្រចាំនៅកម្ពុជា ដែលនេះបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់របស់កាណាដា ចំពោះទំនាក់ទំនងជាមួយនឹងប្រទេសកម្ពុជា។

នៅក្នុងឱកាសនោះ អគ្គរដ្ឋទូតកាណាដា បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឲ្យលោក និងសហការីបានចូលជួបសម្ដែងការគួរសមនៅពេលនេះ។ លោកបានបង្ហាញនូវភាពរីកចម្រើននៃទំនាក់ទំនងកម្ពុជា និងកាណាដា ហើយលោកផ្ទាល់ក៏ជាអ្នកស្រឡាញ់ចំពោះប្រទេសកម្ពុជា ដែលលោកបានរៀនភាសាខ្មែរ ហើយបានចេះនិយាយភាសាខ្មែរទៀតផង។

លោកសង្ឃឹមថា វត្តមាននៅក្នុងប្រទេសកម្ពុជា នឹងធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា កម្ពុជា និងកាណាដា ជាពិសេសលោកនឹងធ្វើយ៉ាងណាឲ្យទំនាក់ទំនងនៅក្នុងវិស័យពាណិជ្ជកម្មរវាងកម្ពុជា និងកាណាដាកាន់តែមានភាពសកម្ម។ លោកក៏បានលើកឡើងពីពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលក្នុងរយៈពេលចុងក្រោយនេះ គឺមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ ដែលស្របជាមួយគ្នាទៅនឹងទំនាក់ទំនងទ្វេភាគីផ្នែក នយោបាយ និងការទូតរវាងកាណាដា និងកម្ពុជា។

ក្នុងឱកាសនោះ សម្តេចតេជោ បានសម្ដែងនូវក្តីរីករាយចំពោះការលើកឡើងរបស់ អគ្គរដ្ឋទូតកាណាដា ជាពិសេសគឺការកើនឡើងនូវទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងកាណាដា ដែលក្នុងពេលកន្លងទៅនេះ ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរគឺការកើនឡើងដល់ជាង ១ពាន់លានដុល្លារ ដែលសម្ដេចតេជោបានចាត់ទុកទំនាក់ទំនងពាណិជ្ជកម្មដែលមានប្រមាណប្រមាណជាង ១ពាន់លានដុល្លារនេះ គឺមិនមែនជារឿងសាមញ្ញទេ ដែលប្រទេសនៅឆ្ងាយពីគ្នាក៏ប៉ុន្តែអាចធ្វើពាណិជ្ជកម្មក្នុងរង្វង់ជាង ១ពាន់លានដុល្លារជាមួយគ្នា គឺកើតឡើងពីការប្ដេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរវាងភាគីទាំងពីរ។

សម្ដេចតេជោសង្ឃឹមថា កម្ពុជា-កាណាដា នឹងរួមសហការគ្នាបន្ថែមទៀតដើម្បីពូនជ្រុំនូវទំនាក់ទំនងរវាងប្រទេសទាំងពីរដែលជាទំនាក់ទំនងប្រវត្តិសាស្ត្រយូរមកហើយ ដែលមកដល់ពេលនេះ នៅតែរក្សាបាននូវទំនាក់ទំនងដ៏ល្អ និងជាផ្នែកនៃការរុញច្រាននៃទំនាក់ទំនងដទៃទៀត ទាំងផ្នែកពាណិជ្ជកម្មវិនិយោគ ពិសេសនៅក្នុងផ្នែកវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជាបន្ថែមទៀត។

នៅក្នុងឱកាសនោះ អគ្គរដ្ឋទូតកាណាដាក៏បានសម្ដែងនូវក្តីអរគុណចំពោះសម្តេចតេជោសាជាថ្មី ជាពិសេសលោកចាប់អារម្មណ៍ចំពោះការលើកឡើងរបស់សម្ដេចតេជោ ហើយតួអង្គរបស់សម្ដេចតេជោ លោកមិនមែនតែចាប់អារម្មណ៍តែពេលនេះនោះទេ គឺលោកបានចាប់អារម្មណ៍តាំងពីពេលដែលលោកនៅកាណាដាមកម៉្លេះ ហើយលោកបានសិក្សាអំពីប្រវត្តិតស៊ូរបស់សម្ដេចតេជោផងដែរ។

ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរលោកឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅកម្ពុជា ទទួលបាននូវភាពជោគជ័យក្នុងភារកិច្ចការងារ៕

វីដែអូ