ភ្នំពេញ)៖ លោកស្រី ម៉ាកេតា កូល ហៃកូវ៉ា ឯកអគ្គរដ្ឋទូតឆែកប្រចាំនៅកម្ពុជា ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងឆែក និងកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត។លោកស្រីឯកអគ្គរដ្ឋទូត បង្ហាញការប្តេជ្ញាចិត្តបែបនេះ ក្នុងឱកាសជួបសម្តែងការគួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះ។នៅក្នុងជំនួបនោះ លោកស្រីឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចមហាបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យរូបលោកស្រី និងសហការី ចូលជួបសម្ដែងការគួរសមនាឱកាសនេះ។លោកស្រី បានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការល្អរវាងសាធារណរដ្ឋឆែក និងព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ លោកស្រី បានគោរពជម្រាបជូនសម្ដេចមហាបវរធិបតីថា ឆ្នាំ២០២៦ គឺជាខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលលោកស្រី នឹងពិនិត្យលើកសំណើ ដើម្បីរៀបចំប្រារព្ធខួបនេះឱ្យបានល្អប្រសើរ។ លោកស្រី ក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការខិតខំជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឆែក-កម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ជាការឆ្លើយតប សម្ដេចមហាបវរធិបតី បានសម្ដែងការស្វាគមន៍ និងអបអរសាទរចំពោះលោកស្រីដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា។ សម្ដេចមហាបវរធិបតី មានជំនឿជឿជាក់ថា នៅក្នុងអាណត្តិការទូតរបស់លោកស្រីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ឆែក នឹងកាន់តែរីកចម្រើនថែមទៀត។សម្ដេចមហាបវរធិបតី និងលោកស្រីឯកអគ្គរដ្ឋទូត បានពិភាក្សាលើការបន្តជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសំខាន់ៗ មានជាអាទិ៍៖ អប់រំ, សុខាភិបាល, សន្តិសុខ និងការពារជាតិ, កសិកម្ម, ទេសចរណ៍, ហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យា។ បន្ថែមពីលើនេះ សម្តេចមហាបវរធិបតី និងលោកស្រី បានឯកភាពក្នុងការលើកកម្ពស់ឱ្យមានការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ ដើម្បីបង្កើនកាលានុវត្តភាពបន្ថែមទៀតក្នុងការជំរុញដល់ការវិនិយោគ។ជាកិច្ចបញ្ចប់ សម្ដេចមហាបវរធិបតី បានលើកទឹកចិត្តឱ្យលោកស្រីឯកអគ្គរដ្ឋទូត បន្តធ្វើការកាន់តែជិតស្និទ្ធថែមទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា និងបានជូនពរលោកស្រី ឱ្យទទួលបានជោគជ័យនៅក្នុងបេសកកម្មការទូតរបស់លោកស្រីនៅកម្ពុជា៕
វីដែអូ