ភ្នំពេញ)៖ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥នេះ គឺជាទិវាជនមានពិការភាពលើកទី២៧ សម្រាប់កម្ពុជា និងលើកទី៤៣សម្រាប់ពិភពលោក។ ទិវានេះត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីបង្ហាញនូវការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សិទ្ធិ និងសុខុមាលភាពជនមានពិការភាព។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសរំលេចថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយកំណត់យកអាទិភាពគន្លឹះចំនួន៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលមានន័យថា «មនុស្ស» នៅតែជាអាទិភាពទី១ សម្រាប់រួមចំណែកដល់ការអភិវឌ្ឍ ប្រទេសជាតិ។យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១នេះ ផ្តោត និងតម្កល់ខ្ពស់នូវឧត្តមគតិស្នេហាជាតិដ៏ថ្លៃថ្ល និងបរិសុទ្ធ បន្តបំពេញបេសកកម្មជាប្រវត្តិសាស្ត្រក្នុងការបម្រើជាតិមាតុភូមិ ប្រែក្លាយកម្ពុជាឱ្យទៅជាទឹកដីដ៏ពិសិដ្ឋ បរិបូរណ៍ វិបុលភាព ជាសង្គមមួយមានការដឹកនាំប្រកបដោយគុណាធិបតេយ្យ រួមសាមគ្គីជាធ្លុងមួយ លុបបំបាត់ ការរើសអើង លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសជនមានពិការភាព តាមរយៈការអភិវឌ្ឍ ប្រព័ន្ធគាំពារសង្គមតាមអភិក្រមហានិភ័យនៃវដ្តជីវិតដោយឈរលើស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់» ជាមួយនឹងទស្សនវិស័យនិងគោលដៅដ៏ច្បាស់លាស់ គឺដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ និងបរិយាបន្ន ដើម្បីឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅ ឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី បានបង្ហាញមោទកភាព ក្រៃលែង ដោយបានឃើញវិស័យពិការភាពនៅកម្ពុជាទទួលបានជោគជ័យដ៏ត្រចះត្រចង់។
វីដែអូ