ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ Tan Sri Hj Mohd Nizam bin Hj Jaffar អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានប្រកាសប្តេជ្ញាប្រឹងប្រែងសម្របសម្រួលដល់ការអនុវត្តនូវខ្លឹមសារទាំងឡាយនៃសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពកម្ពុជា-ថៃ ដើម្បីនាំសន្តិភាពដល់ប្រទេសទាំងពីរ។ការបញ្ជាក់របស់លោកអគ្គមេបញ្ជាការបានធ្វើឡើងក្នុងឱកាសអញ្ជើញចូលជួបសម្តែងការគួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃអាទិត្យ ទី៧ ខែធ្នូ ឆ្នាំ២០២៥នេះ នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួបនោះ លោកអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចមហាបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោក ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដ៏ល្អរបស់កម្ពុជា ក្នុងការសម្របសម្រួលដល់ការបំពេញការងាររបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីចុះអនុវត្តភារកិច្ចរបស់ខ្លួននៅកម្ពុជានាពេលកន្លងមក។លោកអគ្គមេបញ្ជាការបានគូសបញ្ជាក់ថា ជីវិត និងសន្ដិភាព ពិតជាមានតម្លៃណាស់។ លោកបានបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់លោក ក្នុងការចូលរួមចំណែកសម្របសម្រួលឱ្យទទួលបាននូវសន្តិភាពនៃប្រទេសទាំងពីរ ក៏ដូចជាការប្ដេជ្ញាចិត្តក្នុងការបំពេញការងារប្រកបដោយអព្យាក្រឹតភាព ក្នុងការសម្របសម្រួលលើកិច្ចការនេះ។ជាការឆ្លើយតប សម្តេចមហាបវរធិបតី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោកអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី និងគណៈប្រតិភូ និងបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ប្រទេសម៉ាឡេស៊ី ជាពិសេស តួនាទីដ៏សំខាន់របស់លោកនាយករដ្ឋមន្ត្រី Anwar Ibrahim ដែលបានចូលរួមចំណែកជួយសម្របសម្រួលឱ្យមានបទឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងការឈានទៅសម្រេចបាននូវសេចក្ដីថ្លែងការណ៍រួម កម្ពុជា-ថៃ ដែលបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក៏ដូចជាអរគុណដល់តួនាទីដ៏សកម្មរបស់លោកអគ្គមេបញ្ជាការ ក្នុងការដឹកនាំ និងសម្របសម្រួលក្រុមអ្នកសង្កេតការណ៍អាស៊ាន ស្របតាមបទឈប់បាញ់កម្ពុជា-ថៃ, ស្មារតីនៃកិច្ចប្រជុំគណ:កម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ និងខ្លឹមសារនៃសេចក្ដីថ្លែងការណ៍រួម កម្ពុជា-ថៃ ដែលបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួ។ឆ្លៀតក្នុងឱកាសនោះ សម្ដេចមហាបវរធិបតី បានជម្រាបជូនលោកអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី អំពីស្ថានភាព និងការវិវត្តនៃបញ្ហាព្រំដែន កម្ពុជា-ថៃ ព្រមទាំងបានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែននេះដោយសន្តិវិធី ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមកម្ពុជា-ថៃ ព្រមទាំងផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា និងសន្ធិសញ្ញាដែលមានស្រាប់។លោកអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានជម្រាបជូនសម្ដេចបវរធិបតី អំពីការប្ដេជ្ញាចិត្តក្នុងការខិតខំចូលរួមចំណែកសម្របសម្រួល និងធានាឱ្យបាននូវការអនុវត្តតាមបទឈប់បាញ់កម្ពុជា-ថៃ, ស្មារតីនៃកិច្ចប្រជុំគណ:កម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ និងខ្លឹមសារនៃសេចក្ដីថ្លែងការណ៍រួម កម្ពុជា-ថៃ ដែលបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួ៕
វីដែអូ