ថ្ងៃច័ន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
កម្ពុជានឹងទទួលបានគម្រោងវិនិយោគថ្មីចំនួន១២ មានទុនសរុប ១៣៥ លានដុល្លារអាមេរិក
Tue,04 February 2025 (Time 08:54 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 13នាក់)

កម្ពុជានឹងទទួលបានគម្រោងវិនិយោគថ្មីចំនួន១២ បន្ថែមទៀត ដែលមានទុនវិនិយោគសរុបប្រមាណ ១៣៥ លានដុល្លារអាមេរិក ដោយគ្រោងវិនិយោគនៅលើវិស័យឧស្សាហកម្ម និងគម្រោងវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ។

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ២០២៥ នេះ បានដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជី គម្រោងវិនិយោគមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ ចំនួនប្រមាណ ១២ គម្រោង ដែលបានកំពុងស្នើរចុះបញ្ជី ដើម្បីបណ្តាក់ទុនវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។

គម្រោងវិនិយោគទាំង១២នេះ មានទុនវិនិយោគសរុបប្រមាណ ១៣៥ លានដុល្លារអាមេរិក, អាចបង្កើតការងារបានចំនួន ប្រមាណ ៧ ពាន់កន្លែង ក្នុងនោះគម្រោងវិនិយោគនៅក្នុងវិស័យឧស្សាហកម្ម មានចំនួន ១១ គម្រោងដូចជា៖ (ឧបករណ៍បរិក្ខារពេទ្យ, ផ្គុំនិងដំឡើងគ្រឿងអគ្គិសនី សម្រាប់ប្រើប្រាស់ក្នុងផ្ទះ, ការកែច្នៃលោហធាតុ, ផលិតពិល, ផលិតគ្រោងសំណង់ពីលោហធាតុ, ឧបករណ៍ជាងគ្រប់ប្រភេទ, កាត់ដេរ ចាក់សម្លៀកបំពាក់ និងជ្រលក់ពណ៌) និងក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន ១ គឺគម្រោង អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ មានអានុភាព ៣០ មេហ្គាវ៉ាត់ ដែលមានទីតាំងវិនិយោគ នៅខេត្ត កំពង់ស្ពឺ, ខេត្តតាកែវ, កណ្តាល, ខេត្តកំពត, និងខេត្តកំពង់ឆ្នាំង។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២៤ កន្លងមកនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុប មានចំនួន ៤១៤ មានទំហំទុនវិនិយោគប្រមាណជាង ៦,៩ ពាន់លានដុល្លារអាមេរិក ក្នុងនោះគម្រោងវិនិយោគថ្មីចំនួន ៣៨៧ គម្រោង និងគម្រោង ពង្រីកផលិតកម្មចំនួន ២៧ គម្រោង មានទុនវិនិយោគសរុបប្រមាណ ៦,៩ ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ប្រមាណជិត ៣២ ម៉ឺនកន្លែង៕

វីដែអូ