ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
ទេសរដ្ឋមន្ដ្រី គី តិច ជំនួសមុខឲ្យក្រុមមេធាវីស្ម័គ្រចិត្ត និងពលរដ្ឋរងគ្រោះ ថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ដែលបង្កើតក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន និងសម្ដេចមហាបវរធិបតី ដែលបន្ដគាំទ្រលើកទឹកចិត្ត
Thu,06 February 2025 (Time 10:32 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 33នាក់)

ភ្នំពេញ)៖ លោក គី តិច ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន តាងនាមមេធាវីស្ម័គ្រចិត្ត និងជំនួសមុខពលរដ្ឋរងគ្រោះដែលទទួលបានការការពារសិទ្ធិ និងផ្ដល់យោបល់ផ្នែកច្បាប់កន្លងមក បានសម្ដែងនូវការដឹងគុណចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្ដល់ផ្ដើមបង្កើត «ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន»។

ក្នុងពិធីចុះអនុស្សារណៈស្ដីពីការយោគយល់គ្នារវាងក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ជាមួយគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេត នៃព្រឹទ្ធសភា (គណៈកម្មការទី១) នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកទេសរដ្ឋមន្ដ្រី គី តិច បានអះអាងថា នៅពេលបង្កើតក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែននេះ គឺសម្ដេចបានលះបង់ថវិកាផ្ទាល់ខ្លួន សម្រាប់ប្រតិបត្តិការការពារសិទ្ធិ និងផលប្រយោជន៍ជូនពលរដ្ឋគ្រប់រូប ឲ្យទទួលបានភាពស្មើគ្នាចំពោះមុខច្បាប់។


លោកមេធាវី គី តិច ដែលជាសេនាធិការផ្ទាល់ជូនសម្ដេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន បានថ្លែងយ៉ាងដូច្នេះថា «តាងនាមក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន និងជំនួសមុខជូនប្រជាពលរដ្ឋរងគ្រោះ មានជីវភាពខ្សត់ខ្សោយ ដែលទទួលបានការការពារសិទ្ធិ និងផ្ដល់យោបល់ច្បាប់ ពីក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន សូមសម្ដែងនូវការគោរពដឹងគុណប្រកបដោយភក្ដីភាពដ៏ស្មោះស្ម័គ្របំផុតជូនចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្ដួចផ្ដើមប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ បង្កើតក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន និងបានលះបង់ថវិកាផ្ទាល់ខ្លួនរបស់សម្ដេច សម្រាប់ប្រតិបត្តិការការពារសិទ្ធិ និងផលប្រយោជន៍ជូនប្រជាពលរដ្ឋគ្រប់រូប ឱ្យទទួលបានភាពស្មើគ្នាចំពោះមុខច្បាប់ ស្របតាមស្មារតីរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា»។

បន្ថែមពីនេះ លោកទេសរដ្ឋមន្ដ្រី គី តិច ក៏បានសម្ដែងនូវការគោរពថ្លែងអំណរគុណជូនចំពោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលតែងផ្ដល់នូវមតិដឹកនាំ ជំរុញលើកទឹកចិត្ត និងគាំទ្រដល់សកម្មភាពនានា របស់ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យយុត្តិធម៌ និងពង្រឹងនីតិរដ្ឋនៅកម្ពុជាផងដែរ។



លោកទេសរដ្ឋមន្ដ្រី គី តិច បានឲ្យដឹងថា ដោយគោរពប្រតិបត្តិតាមគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចតេជោ ហ៊ុន សែន «ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន» ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងគោលដៅជួយដល់ស្ត្រីងាយរងគ្រោះ មានជីវភាពខ្សត់ខ្សោយ និងពុំមានលទ្ធភាពទទួលបានការការពារសិទ្ធិតាមផ្លូវច្បាប់ ក្នុងក្របខណ្ឌទូទាំងប្រទេស។

លោកបានអះអាងថា បច្ចុប្បន្នក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន មានចំនួន១២៩រូប ក្នុងនោះគណៈប្រតិបត្តិដឹកនាំដោយប្រធាន១រូប និងអនុប្រធាន១០រូប, ក្រុមមេធាវីស្រាវជ្រាវច្បាប់ និងពិគ្រោះយោបល់៩រូប, ក្រុមមេធាវីអន្តរាគមន៍២០រូប និងក្រុមមេធាវីទទួលបន្ទុកតាមបណ្ដារាជធានី-ខេត្ត ៨៩រូប។ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បំពេញភារកិច្ចដោយស្ម័គ្រចិត្ត ឥតទទួលយកកម្រៃសេវា ពីប្រជាពលរដ្ឋរងគ្រោះឡើយ។

លោកមេធាវី គី តិច បានអះអាងថា ប្រតិបត្តិការរបស់ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ពុំបានប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាលទេ ពោលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានលះបង់ថវិកាផ្ទាល់ខ្លួនរបស់សម្ដេច សម្រាប់រាល់ការចំណាយលើបេសកកម្មការងាររបស់ក្រុមមេធាវីទាំងស្រុង។ ចាប់តាំងពីការបង្កើត ដល់ខែធ្នូ ឆ្នាំ២០២៤ ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន បានបំពេញភារកិច្ច សម្រេចលទ្ធផលការងារ ជាអាទិ៍៖

ទទួលការពិគ្រោះ និងផ្ដល់យោបល់ បានចំនួន៧៤៣០ករណី (ផ្នែករដ្ឋប្បវេណី៤១៥៤, ផ្នែកព្រហ្មទណ្ឌ៣២៧៦)
* ទទួលការពារក្ដី បានចំនួន៣១៧ករណី (ផ្នែករដ្ឋប្បវេណី៥៦, ផ្នែកព្រហ្មទណ្ឌ២៦១)
* សម្របសម្រួលបញ្ចប់វិវាទផ្នែកសំណងរដ្ឋប្បវេណីក្រៅប្រព័ន្ធតុលាការ បានចំនួន១២៣ករណី៕

វីដែអូ