នៅព្រឹកថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយកម្មការីនីជាម្តាយ ជាអាណាព្យាបាលដែលផ្ញើកូនក្នុងទារកដ្ឋាន និងសម្ពោធទារកដា្ឋនរោងចក្រ ម៉ាវ៉ល ហ្កាមិន។សម្ដេចធិបតីមានប្រសាសន៍ថា គោលការណ៍បង្កើតទារកដ្ឋាននេះ ជាគោលការណ៍មួយក្នុងចំណោម១០ ដែលរាជរដ្ឋាភិបាលបានដាក់ចុះតាំពីដើមអាណត្តិ តាមរយៈក្រសួងការងារដែលជាសេនាធិការដឹកនាំរៀបចំ។ ទារកដ្ឋាននេះសម្រាប់ការមើលថែទាំកូនៗរបស់កម្មករនិយោជិត ដែលមានអាយុចាប់ពី ៣ខែ រហូតដល់អាយុ ៣ឆ្នាំ ដែលជួយសម្រួលដល់បងប្អូនកម្មករនិយោជិតក្នុងរោងចក្រអាចយកកូនៗមកផ្ញើក្នុងទារកដ្ឋាន ដើម្បីទទួលបានការមើលថែទាំសុខភាព និងទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់សម្រាប់ទារក ដែលជាមូលធនមនុស្សកម្ពុជាចាប់ពីតូចទៅតែម្តង បន្ថែមពីនេះ ទារកដ្ឋាននេះ ត្រូវបានរៀបចំបង្កើតឡើងសម្រាប់ជាកន្លែងដែលផ្តល់សេវាថែទាំកុមារតូចៗ ជាកូនរបស់បងប្អូនកម្មករនិយោជិតជាស្ត្រីនៅ រោងចក្រ ម៉ាវ៉ល ប្រកបដោយសុវត្ថិភាព និងធំធាត់ឡើង ដោយមានសុខភាពល្អ។បន្ទាប់ពីជួបសំណេះសំណាល ជាមួយកម្មការីនីដែលជាម្តាយ ជាអាណាព្យាបាលដែលផ្ញើកូនក្នុងទារកដ្ឋាន និងសម្ភោធទារកដា្ឋនរោងចក្រ ម៉ាវ៉ល ហ្កាមិន រួចមក សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញទស្សនា ខ្សែច្រវាក់ផលិតកម្មនៅក្នុងរោងចក្រ ម៉ាវ៉ល ហ្កាមិន ដែលផ្តោតលើការងារកាត់ដេរសម្លៀកបំពាក់ និងខោអាវកីឡា និងបានផ្តល់ការងារដល់កម្មករ និយោជិត ចំនួនជិត២ម៉ឺននាក់៕
វីដែអូ