ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ តេម ស៊ុយ​ ទូរស័ព្ទ .015 88 56 41 / 010 47 90 93 / 012 76 47 88
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញការពេញចិត្តចំពោះផលិតភាពនៃច្រវាក់ផលិតកម្មនៅកម្ពុជា ដែលមានសមត្ថភាពកាន់តែខ្ពស់
Tue,11 March 2025 (Time 09:55 PM)
ដោយ ៖ Srey Sambath (ចំនួនអ្នកអាន: 6នាក់)

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញការពេញចិត្តពេញថ្លើម ចំពោះផលិតភាពនៃច្រវាក់ផលិតកម្មនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ដែលមានសមត្ថភាពកាន់តែខ្ពស់ ហើយមានលទ្ធភាពផលិតគ្រឿងបង្គុំដោយខ្លួនឯង ដោយមិនចាំបាច់នាំចូលទាំងស្រុងដូចកាលពីពេលមុនទៀតនោះទេ។

ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីចែកសញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សា នៅវិទ្យាស្ថានវ៉ាន់ដា នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា វឌ្ឍន៍ភាពនៃការរីកចម្រើនរបស់ផលិភាពនៃច្រវាក់ផលិតកម្មនៅកម្ពុជា គឺដោយសារកត្តាធនធានមនុស្ស បើមិនមានធនធានមនុស្សគ្រប់គ្រាន់ ក៏មិនអាចរីកចម្រើនបាននោះដែរ។

អ្វីដែលធ្វើឲ្យសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាប់អារម្មណ៍ទៀតនោះ គឺការប្រើប្រាស់រ៉ូបូតនៅក្នុងរោងចក្រកាត់សម្លៀកបំពាក់ម៉ាវ៉ល ដែលសម្ដេចបានអញ្ជើញទៅទស្សនាដោយផ្ទាល់ពីខ្សែច្រវាក់ផលិតកម្ម កាលពីថ្ងៃទី១០ ខែមីនាម្សិលមិញ ហើយរោងចក្រនេះផលិតអាវដើម្បីផ្គត់ផ្គង់ឲ្យក្រុមហ៊ុន Nike ចំនួន២០លានអាវក្នុងមួយឆ្នាំ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្សែច្រវាក់ផលិតកម្មពិតណាស់មានមនុស្ស ប៉ុន្ដែត្រូវផ្គុំជាមួយរ៉ូបូតច្រើន សូម្បីតែបត់ខោ ដូច្នេះជួយបង្កើននូវផលិតភាព ដែលអាចធ្វើជួយបង្កើនបៀវត្ស៍ ធានាការប្រកួតប្រជែង [...] កាលពីឆ្នាំ៩០ជាងអ្វីក៏យើងនាំចូលដែរ តែបច្ចុប្បន្ននេះយើងផលិតច្រើន ហើយនាំចេញទៀត ហើយកំពុងតែធ្វើទាក់ទាញវិនិយោគបន្ថែម។ នេះជាគោលនយោបាយរបស់រាជរដ្ឋាភិបាលប្រែក្លាយពីកសិកម្មដែលនាំចេញតែវត្ថុធាតុដើម ទៅជាកសិកម្មដែលនាំចេញនូវផលិតផលសម្រេច កសិឧស្សាហកម្ម កម្មន្ដសាល»។

បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រី, បច្ចុប្បន្ននេះរោងចក្រនៅកម្ពុជា មានសមត្ថភាពក្នុងការផលិតគ្រឿងសិង្ហារឹម ដើម្បីផ្គត់ផ្គង់ឲ្យក្រុមហ៊ុនល្បីៗនៅប្រទេសអ៉ីតាលី រោងចក្រផលិតរថយន្ដ រោងចក្រតម្លើងម៉ូតូជាដើម។ ដោយឡែក ក្រុមហ៊ុនរថយន្ដអគ្គិសនី BYD កំពុងសាងសង់រោងចក្រតម្លើងរថយន្ដនៅខេត្តព្រះសីហនុ ដែលអាចនឹងរួចរាល់នៅអំឡុងចុងឆ្នាំ២០២៥ ឬដើមឆ្នាំ២០២៦។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ដទៀតថា នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ក៏មានរោងចក្រផលិត និងតម្លើងរថយន្ដ FORD ខណៈអតីតកាលកម្ពុជាត្រូវនាំចូលទាំងអស់ សូម្បីតែទឹកសុទ្ធ ទឹកក្រូច ប៉ុន្ដែពេលនេះមានសមត្ថភាពផលិតដោយខ្លួនឯងបានច្រើន ដែលបង្ហាញពីប្រភេទការងាររបស់ប្រជាពលរដ្ឋកម្ពុជា ពីផលិតភាពទាប ជំនាញទាប បៀវត្ស៍ទាប ទៅជាកម្រិតខ្ពស់កាន់តែច្រើនឡើង។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ការសម្រេចទៅបានដូចពេលបច្ចុប្បន្ននេះ គឺពឹងផ្អែកទាំងស្រុងទៅលើកត្តាធនធានមនុស្ស ដូច្នេះគ្រឹះស្ថានឧត្តមសិក្សាឯកជន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្ស, ជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សី សម្រាប់បន្តវេន និងជួយធានានិរន្តរភាពស្ថាប័ន និងសង្គមជាតិទាំងមូល៕

វីដែអូ